​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​តួ​ក​គី លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន កាលពី​ថ្ងៃ​ចន្ទ​ទី​២១​វិច្ឆិកា បាន​គំរាម​បើក​ប្រតិបត្តិការ​ជើងគោក​ចូល​ទៅក្នុង​ប្រទេស​ស៊ី​រី​បន្ទាប់​ពី​​ការវាយប្រហារ​តាម​ផ្លូវអាកាស​ឆ្លង​ព្រំដែន​លើ​ទីតាំង​ជនជាតិ​ឃឺ​ដ និង​ការបាញ់ប្រហារ​ដ៏​ប្រល័យ​មកលើ​តួ​ក​គី​។​

​លោក​អឺ​ដូ​ហ្គាន​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​លើ​ជើងហោះហើរ​ពី​ប្រទេស​កាតា​បន្ទាប់ពី​ចូលរួម​ការបើក​ការប្រកួត​វើល​ខា​ប់ ថា “​មិន​មាន​ចម្ងល់​ទេ​ដែល​ប្រតិបត្តិការ​នេះ​ត្រូវបាន​រឹតត្បិត​ត្រឹម​តែ​លើ​អាកាស​”​។​

​លោក​បាន​បន្ថែមថា “​យើង​នឹង​ធ្វើឱ្យ​អ្នក​ដែល​រំខាន​យើង​នៅលើ​ទឹកដី​របស់​យើង​បង់ថ្លៃ​”​។​

​មេដឹកនាំ​តួ​ក​គី​បាន​គំរាម​បើក​ប្រតិបត្តិការ​យោធា​ថ្មី​មួយ​ចូល​ទៅក្នុង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ចាប់តាំងពី​ខែ​ឧសភា​។​

​ពេញ​មួយ​យប់​ថ្ងៃ​ចន្ទ តួ​ក​គី​បាន​វាយប្រហារ​គោលដៅ​រាប់សិប​កន្លែង​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ក៏ដូចជា​ភាគ​ខាងជើង​អ៊ីរ៉ាក់​គឺ​មួយ​សប្តាហ៍​បន្ទាប់ពី​ការវាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ទីក្រុង​​អ៊ី​ស្តង់​ប៊ុល​បាន​សម្លាប់​មនុស្ស​ប្រាំមួយ​នាក់ និង​របួស ៨១ នាក់ ដែល​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បាន​ស្តីបន្ទោស​ទៅលើ​គណបក្ស​ពលករ​ឃឺ​ដ (PKK) ។​

​ក្រុមឃឺ​ដនិង​អាជ្ញាធរ​ឃឺ​ដ​បាន​បដិសេធ​ការទទួលខុសត្រូវ​ចំពោះ​ការបំ​ផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃទី ១៣ ខែ​វិច្ឆិកា​ដែល​បាន​រំលឹក​ឡើងវិញ​នូវ​ការចងចាំ​ដ៏​ជូរចត់​នៃ​ការវាយប្រហារ​នៅក្នុង​ប្រទេស​តួ​ក​គី​​រវាង​ឆ្នាំ ២០១៥ និង ២០១៧​។​

​ក្រុមមន្ត្រី​កំពូល​បាន​និយាយថា ការបាញ់​គ្រាប់​រ៉ុក្កែត​ចេញពី​ទឹកដី​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ពីរ​នាក់ រួម​ទាំង​កុមារ​ម្នាក់​នៅក្នុង​ទីប្រជុំជន​កា​កា​មី​ស (Karkamis) នៅ​ជាប់​ព្រំដែន​តួ​ក​គី​។​

​លោក​អឺ​ដូ​ហ្គាន​និយាយថា “​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្រសួង​ការពារជាតិ និង​នាយ​អគ្គសេនាធិការ​របស់​យើង​នឹង​រួមគ្នា​សម្រេច​នូវ​កម្រិត​នៃ​កម្លាំង​ដែល​គួរតែ​ប្រើ​ដោយ​កងកម្លាំង​ជើងគោក​របស់​យើង​”៕

​អ្នក​ប្រយុទ្ធ​ស៊ី​រី​ដែល​គាំទ្រ​តួ​ក​គី​កំពុង​តម្រង់​កាំភ្លើងយន្ត​ដាក់​ទីតាំង​មួយ​នៅក្បែរ​ព្រំដែន​តួ​ក​គី