ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ពួក​អ្នក​ជួយសង្គ្រោះ​កាលពី​ថ្ងៃ​អង្គារ​បាន​បន្ត​ស្វែងរក​ជនរងគ្រោះ​ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ដែល​បាន​វាយប្រហា​រកោះ​ចា​វ៉ា​របស់​ឥណ្ឌូនេស៊ី​ដែល​រហូត​ដល់​ព្រឹក​ថ្ងៃ​នេះ​ចំនួនជនរងគ្រោះដល់ជីវិតបានកើតដល់​១៦២​នាក់ របួស​ជាង​៧០០​នាក់​និង​រាប់សិប​នាក់​ទៀត​ទំនង​ជា​កំពុង​ជាប់​ក្រោម​គំនរ​បាក់បែក​នៃ​អាគារ​។​

​ស្នូល​រញ្ជួយ​ដី​កំលាំង​៦,៥​រិ​ច្ឆ​ទ័រ​កាលពី​ថ្ងៃច​ន្ទ​ស្ថិតនៅ​ក្បែរ​ទីប្រជុំជន​ឆង់​ហ្សួ​រ​(Cianjur)​ក្នុង​ខេត្ត​ចា​វ៉ា​ខាងលិច កន្លែង​ដែល​ជនរងគ្រោះ​ជាច្រើន​ត្រូវបាន​សម្លាប់​ដោយ​ការ​រលំ​បាក់​អាគារ​និង​ការបាក់​​ដី​សង្កត់​។​

​ជនរងគ្រោះ​ដល់​ជីវិត​ខ្លះ​ជាសិស្ស​នៅ​សាលា​អ៊ីស្លាម​មួយ នៅ​ពេល​អ្នក​ផ្សេង​ទៀត​ស្លាប់​ដោយ​ដំបូល​ឬ​ជញ្ជាំង​ផ្ទះ​បាក់​សង្កត់​។​

​សិស្ស​អាយុ​១៤​ឆ្នាំ​ម្នាក់​ឈ្មោះ អា​ព្រីហ្សា​ល់ មូល​យ៉ាឌី​(Aprizal Mulyadi)​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា « បន្ទប់​បាន​បាក់​សង្កត់​ជើង​ខ្ញុំ​អោយ​របួស​។​វា​បាន​កើត​លឿន​ណាស់​»​។​

អា​ព្រីហ្សា​ល់ មូល​យ៉ាឌី ត្រូវបាន​មិត្ត​របស់ខ្លួន​ទាញ​ចេញពី​គំនរ​បាក់បែក​នៃ​បន្ទប់​រៀន តែ​មិត្ត​របស់គេ​នេះ​បន្ទាប់​មក​បាន​ស្លាប់​ក្នុង​ការបាក់​អាគារ​សង្កត់​លើ​។​

​ប្រតិបត្តិ​ការស្វែងរក​និង​ជួយសង្គ្រោះ​ក៏​ជួប​ឧបសគ្គ​ដោយ​សារ​ផ្លូវ​ខូចខាត និង​ការផ្គត់ផ្គង់​អគ្គិសនី​ដាច់​នៅ​ភាគ​ច្រើន​នៃ​តំបន់​ភ្នំ​។​កាលពី​ថ្ងៃ​អង្គារ អ្នក​ជួយ​សង្គ្រោះ​បាន​ប្រើ​គ្រឿងចក្រ​នៅក្នុង​ភូមិ​​គូ​ហ្សេ​ន​ណង​(Cugenang)​ដើម្បី​កាយ​ដី​និង​គំនរ​បាក់បែក​ចេញពី​ផ្លូវ​ឆ្ពោះទៅ​កាន់​ទី​ប្រជុំជន​ឆង់​ហ្សួ​រ ដែល​ត្រូវ​កាត់ផ្តាច់​ដោយ​ដី​បាក់​គ្រប​កាត់​ផ្លូវ​។​

​ទីភ្នាក់ងារ​សម្រាល​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌូនេស៊ី បាន​និយាយថា មនុស្ស​យ៉ាង​តិច​២៥​នាក់​នៅ​កប់​ក្រោម​គំនរ​បាក់បែក​ក្នុង​ទីប្រជុំជន​ឆង់​ហ្សួ​រ​នៅពេល​យប់​បាន​ចូល​មក​ដល់​កាលពី​ថ្ងៃ​ចន្ទ​។​អ្នក​ដែល​នៅ​​មាន​ជីវិត​បាន​បោះ​តង់​ស្នាក់​នៅ​ក្រៅ​អាគារ​នានា​ក្នុង​ភាព​ងងឹត​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​គំនរ​អាគារ​បាក់បែក​។​

​ទីភ្នាក់ងារ​សម្រាល​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌូនេស៊ី បាន​អះអាង​ថា ផ្ទះ​ជាង​២.០០០​រង​ការខូចខាត និង​មនុស្ស​ជាង​១៣.០០០​ត្រូវបាន​នាំ​ទៅកាន់​មណ្ឌល​បណ្តោះអាសន្ន​នៅក្រោយ​រញ្ជួយ​ដី​។​

​រញ្ជួយ​ដី​កំលាំង​ជាង​៦​រិ​ច្ឆ​ទ័រ​កាលពី​ថ្ងៃច​ន្ទតាម​ពីក្រោយ​រញ្ជួយ​តូចៗ​ជាង​ចំនួន​៦២​លើក ចាប់ពី​១,៨​ដល់​៤​រិ​ច្ឆ​ទ័​រ ដោយ​ធ្វើអោយ​ទីប្រជុំជន​ឆង់​ហ្សួ​រ​ដែល​មាន​មនុស្ស​១៧៥.០០០​នាក់​រស់នៅ​រញ្ជួយ​ញាប់​ញ័រ​​រហូត​។​

​ក្នុងពេល​ជាមួយគ្នា មេដឹកនាំ​ចាប់ពី​បារាំង​ដល់​កាណាដា បាន​សម្តែង​ការចូលរួម​មរណទុក្ខ​របស់គេ​ជាមួយ​ក្រុម​គ្រួសារ​និង​មេដឹកនាំ​ឥណ្ឌូនេស៊ី ។​

​សូមបញ្ជាក់​ថា រញ្ជួយ​ដី​កើតមាន​ជា​ញឹកញយ​នៅ​ប្រជាជាតិ​កម្រង​កោះ​មួយ​នេះ ។​ឥណ្ឌូនេស៊ី​ជួប​រញ្ជួយ​ដី ការផ្ទុះ​ភ្នំភ្លើង​ញឹកញយ​និង​ពេលខ្លះ​ស៊ូ​ណា​មី​ដោយសារតែ​ប្រទេស​នេះ​នៅលើ​ស្នាម​ប្រេះ​នៃ​ទ្វីប​ដែល​​គេ​ហៅថា​តំបន់​«​កង​ភ្លើង​»​ក្នុង​អាង​ប៉ាស៊ីហ្វិក​។​កាលពី​ខែ​កុម្ភៈ រញ្ជួយ​ដី​កំលាំង​៦,២​រិ​ច្ឆ​ទ័របាន​សម្លាប់​មនុស្ស​២៥​នាក់​និង​របួស​៤៦០​នាក់​នៅ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងលិច​។​នៅ​ខែ​មករា​ឆ្នាំ​២​ឥ​២១ រញ្ជួយ​កំលាំង​៦,២​រិ​ច្ឆ​ទ័រមួយ​ទៀត​បាន​សម្លាប់​មនុស្សជាង​១០០​នាក់ និង​របួស​ជិត​៦.៥០០​នាក់​នៅ​ខេត្ត​ស៊ូ​ឡា​វ៉េ​ស៊ី​ខាងលិច​។​

​រញ្ជួយ​ដី​ខ្លាំង​មួយ​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​និង​រលក​ស៊ូ​ណា​មី​នៅ​ឆ្នាំ​២០០៤ បាន​សម្លាប់​មនុស្ស​ក្បែរ ២៣០.០០០​នាក់​នៅក្នុង​ប្រទេស​ជាច្រើន ភាគច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​៕

ជាង​៧០០​នាក់​រងរបួសក្នុងរញ្ជួយដីនៅកោះចាវ៉ាខាងលិចកាលពីថ្ងៃចន្ទ