ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ គ្រឿងក្នុងសត្វមាន់ដែលគ្មានប្រភពច្បាស់លាស់និងគ្មានច្បាប់អនុញ្ញាតហើយឈ្មួញដឹកជញ្ជូនឆ្លងកាត់ខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចឃាត់ធ្វើការត្រួតពិនិត្យ។ គ្រឿងក្នុងសត្វមាន់ដែលឆែកឃើញមានចំនួន៣៤៥កេសស្មើ នឹងទម្ងន់ប្រមាណប្រាំតោន ។សមត្ថកិច្ចចម្រុះក៏ធ្វើការដុតកម្ទេចចោលកាលពីរសៀលថ្ងៃទី ២១ខែវិច្ឆិកាឆ្នាំ២០២២ នៅក្នុងទីតាំងដី របស់គ្រឿងយន្តរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កោះមាន់ដែលដុតកម្ទេចចោលត្រូវបានក្រុមសមត្ថកិច្ចចម្រុះចាប់ឃាត់កាលពីយប់ថ្ងៃទី ១៩ ខែវិច្ឆិកានៅតាមបណ្ដោយផ្លូវជាតិលេខ ៥ក្នុងភូមិសាស្ត្រស្រុករលាប្អៀរ។កោះមាន់ទាំងនេះត្រូវបានដឹកជញ្ជូនតាមរថយន្តសាំយ៉ុងមួយគ្រឿង។កោះមាន់ទាំងនេះពុំមានលិខិតដឹកជញ្ជូនត្រឹមត្រូវនិងគ្មានប្រភពច្បាស់លាស់ដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ហេតុនេះព្រះរាជអាជ្ញាឱ្យបង្កើតក្រុមគណៈកម្មការចម្រុះដុតកម្ទេចចោលនៅ ដោយមានការចូលរួមពីលោក យាង ចាន់ក្រុង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ត្រីផលិតកម្មបសុជាព្យាបាល មន្ត្រីនគរបាលសេដ្ឋកិច្ចនិងមន្ត្រីកងរាជអាវុធហត្ថ ចូលរួម។

សូមបញ្ជាក់ដែរថា ក្រោយពេលចាប់ឃាត់រថយន្តដឹកកោះមាន់ខាងលើនេះត្រូវបានប្រគល់ឱ្យមន្ត្រីពេទ្យសត្វដែលរៀបចំកម្ទេចចោល។ ចំណែករថយន្តប្រគល់ឱ្យសមត្ថកិច្ចនគរបាល។ចំណែកអ្នកបើកបរចំនួនពីរនាក់បញ្ជូនទៅតុលា
ការព្រោះតែការបើកបររថយន្តគ្មានឯកសារ និងស្លាកលេខត្រឹមត្រូវច្បាស់លាស់៕សរន-PC