ដោយ៖ពលជ័យ/ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយមវៀតណាមកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២២ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជានិងចូលរួមមហាសន្និបាតអន្តរសភាអាស៊ីអាគ្នេយ៍លើកទី៤៣ នៅរាជធានីភ្នំពេញ។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុក ចិត្តគ្នា បន្តពូនជ្រំនូវចំណងសាមគ្គីភាព មិត្តភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស ប្រជាជន និងជាពិសេសយុវជននៃ ប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានសម្តែងនូវការ អបអរសាទរចំពោះការរីកចម្រើន ឥតឈប់ឈរ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាព យូរអង្វែង”។ ព្រមទាំងបានកត់សម្គាល់ និងវាយ តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ នាពេលកន្លងមក ជាអាទិ៍៖ ការទូត ការពារ ជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងបញ្ហាព្រំដែន។ល។ ដែលមានការរីក ចម្រើនកើនឡើងគួរឱ្យកត់សំគាល់ ហើយប្តេជ្ញា បន្តពង្រឹងឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ លើលពីនេះ ភាគីទំាងពីរក៏បានអះអាងផងដែរថា ទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន ជាពិសេស ក្នុងស្រទាប់យុវ័យ ពិតជាបានរួមចំណែកយ៉ាង ធំធេង ដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេស ទាំងពីរ។

ឯកឧត្តមប្រធានរដ្ឋសភា និង ឯកឧត្តម ឧត្តម សេនីយ៍ឯក បានឯកភាពគ្នាក្នុងនាមជាបងប្អូន និងអ្នកជិតខាងល្អ ដើម្បីបន្តថែរក្សាទំនាក់ទំនង ជិតស្និទ្ធរវាងយុវជននៃប្រទេសទាំងពីរ ដើម្បី ផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការ អភិវឌ្ឍនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ បង្កើន ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នា ទៅវិញទៅមក នៅលើវេទិកាពហុភាគីនានា ទាំងក្នុងកម្រិតតំបន់ និងសាកលលោក៕/PC