ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ លោកថោងខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)មានប្រសាសន៍ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៣នាព្រលប់ថ្ងៃទី២១វិច្ឆិកាថាក្រោយពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដោយ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ បានរៀបចំការប្រកួត ព្រឹត្តិការណ៍ កីឡាជាតិលើកទី៣ និងកីឡាជាតិ ប៉ារ៉ាហ្គេម លើកទី១ ឆ្នាំ២០២២នេះ។នេះគឺជា គឺសសរស្តម្ភទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធនិងឯកភាពរៀបចំតាមនិយាមស្តង់ដារស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមដើម្បីផ្តល់អត្ថប្រយោជន៍ដល់មន្ត្រីបច្ចេកទេសអ្នកស្ម័គ្រចិត្តកីឡាករកីឡាការិនីពិសេសសហព័ន្ធកីឡាជាតិបានរៀនសូត្រពីការអនុវត្តផ្ទាល់និងបទពិសោធល្អៗ ក្នុងការដឹកនាំគ្រប់គ្រង ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ២០២៣។

 រូបថត ( សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ )

ការប្រកួតកីឡាជាតិលើកទី៣ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២ដោយធ្វើឡើងនៅរាជធានីភ្នំពេញខេត្តកំពតខេត្តព្រះសីហនុ,ខេត្តកែបនិងខេត្តសៀមរាបលើប្រភេទកីឡាចំនួន៣៨។

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពបច្ចេកទេសផ្ដល់ឱកាសឲ្យកីឡាករកីឡាការិនីបានចូលរួមប្រកួតដើម្បីវាស់ស្ទង់គុណផលគុណភាពកីឡាផ្ដល់ឱកាសឱ្យគណៈកម្មការរៀបចំការប្រកួតបានរៀបចំដើម្បីក្រេបយកបទពិសោធដើម្បីជាការត្រៀមខ្លួនព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ។

ព្រឹត្តិការណ៍កីឡាជាតិនេះត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងពហុកីឡាការយល់ដឹងពីរូបមន្តស្តង់ដារគ្រប់គ្រងរួមមួយដែលផ្តល់ការយកចិត្តទុកដាក់របស់សសរស្តម្ភទាំង៣គឺជាការចាំបាច់ក្នុងនោះរួមមាន៖១ការរៀបចំបច្ចេកទេសកីឡា ដែល ជាតួនាទីរបស់សហព័ន្ធកីឡាជាតិ, ២៖ការរៀបចំ បដិសណ្ឋារកិច្ច ប្រតិភូកីឡា ជាមួយនឹងការដឹក ជញ្ជូន ហូបចុកស្នាក់នៅ សន្តិសុខសណ្តាប់ធ្នាប់ សុខាភិបាល និងពិធីការកីឡា ,៣៖ពិធីបើក-បិទ និងពិធីកីឡាផ្សេងៗទៀត។

សសរស្តម្ភធំៗទាំងបីនេះបានរៀបចំប្រកបដោយស្តង់ដារជំនាញវិជ្ជាជីវៈកីឡាជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធដោយប្រទាក់ក្រឡាគ្នាបានល្អនោះនឹងជំរុញឱ្យទិវាកីឡាក្លាយជាបុណ្យកីឡាដ៏អធិកអធមប្រកបដោយកិត្តិយសកិត្យានុភាពនិងមោទនភាព ក្នុងនាមជាម្ចាស់ផ្ទះ។

ធម្មនុញ្ញអូឡាំពិកបានលើកឡើងជាគោលការណ៍គ្រឹះឱ្យចលនាអូឡាំពិកសហការជាមួយរដ្ឋអំណាចកីឡាដោយគោរពស្វ័យភាព គ្នាទៅវិញទៅមក ក្នុងគោលដៅរួម គឺការកសាង និងអភិវឌ្ឍ វិស័យ កីឡា តាមរយៈសកម្មភាពអប់រំកាយ និងកីឡា ដើម្បីមានការយោគយល់គ្នា សាមគ្គីគ្នា មិត្តភាព និងសុខដុមរមនា ដោយមិនប្រកាន់និន្នាការ នយោបាយ សាសនា វណ្ណៈ ឋានៈសង្គមឡើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត ថោង ខុន។

លោក ថោង ខុន បានសង្កត់ធ្ងន់ថា កីឡា គឺជាភាសាសកលតែមួយ “Sport is a Universal language”ដែលអាចជា មធ្យោបាយមួយ រួមចំណែកដល់ការកសាង ពិភពលោកមួយល្អប្រសើរបាន “Sport Build a Better World”។ មានសន្តិភាព ទើបកីឡា អាចមានការអភិវឌ្ឍ និងមាននិរន្តរភាពដូច បាវចនាSEAGamesASEANឆ្នាំ២០២៣ចែងថា«កីឡារស់ក្នុងសន្តិភាព»។ កីឡាមិនអាចមានការអភិវឌ្ឍបាន នៅក្នុងប្រទេស ជាតិ មួយដែលមិនមានសន្តិភាពនោះទេ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានត្រៀមគ្រប់លក្ខណសម្បត្តិចូលរួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិនិង ក្រសួងស្ថាប័នអង្គភាពអាជ្ញាធរពាក់ព័ន្ធដើម្បីអភិវឌ្ឍកីឡាជាតិនិងចលនាអូឡាំពិកកម្ពុជាឱ្យឆ្ពោះទៅរកស្តង់ដារកីឡាអន្តរជាតិ ដែលប្រកាន់ភ្នាប់នូវ គោលការណ៍ Fair Play គោលការណ៍កីឡា ស្អាតស្អំ និងកីឡាបៃតង។Clean&Green Sportនិងក្រមសីលធម៌វិជ្ជាជីវៈកីឡាដើម្បីស្វែងរកឧត្តមភាពកីឡា កម្ពុជាលើឆាកអន្តរជាតិ ពិសេសការរៀបចំការប្រកួតកីឡាជាតិ និងកីឡា SEA Games-ASEAN ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យផងដែរ៕សរន / N