​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួប​សន្ទនា​ជាមួយ លោក វឿ​ង ឌិ​ញ​ហ្វេ ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ីអាគ្នេយ៍​លើក​ទី​៤៣ នៅ​រាជធានី​ភ្នំពេញ ។​

​ជំនួប​នេះ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​កក់ក្តៅ ស្និទ្ធស្នាល យោគយល់ និង​ក្នុង​ស្មារតី​ជឿ​ទុក ចិត្ត​គ្នា បន្ត​ពូន​ជ្រំ​នូវ​ចំណង​សាមគ្គីភាព មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​ប្រទេស ប្រជាជន និង​ជាពិសេស​យុវជន​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។

ទន្ទឹមនឹងនេះ ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការរីកចម្រើន ឥតឈប់ឈរ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ តាម​ទិស​ស្លោក “​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង​”​។ ព្រមទាំង​បានកត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ នាពេល​កន្លងមក ជាអាទិ៍​៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និង​បញ្ហា​ព្រំដែន​… ដែលមាន​ការរីកចម្រើន​កើនឡើង​គួរឱ្យកត់សំគាល់ ហើយ​ប្តេជ្ញា​បន្ត​ពង្រឹង​ឱ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត​។ លើ​ល​ពីនេះ ភាគី​ទាំងពីរ​ក៏បាន​អះអាង​ផងដែរ​ថា ទំនាក់ទំនង​រវាង ប្រជាជន​និង​ប្រជាជន ជាពិសេស​ក្នុង​ស្រទាប់​យុ​វ័យ ពិតជា​បានរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។​

​លោក ប្រធានរដ្ឋសភា និង នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​ឯកភាពគ្នា​ក្នុងនាម​ជា​បងប្អូន និង​អ្នកជិតខាង​ល្អ ដើម្បី​បន្ត​ថែរក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​យុវជន​នៃ​ប្រទេស​ទាំងពីរ ដើម្បី ផលប្រយោជន៍​នៃ​សន្តិភាព មិត្តភាព និង​ការអភិវឌ្ឍ​នៃ​ប្រទេស​ទាំងពីរ​។ ទន្ទឹមនឹងនេះ បង្កើន​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក នៅលើ​វេទិកា​ពហុភាគី​នានា ទាំង​ក្នុង​កម្រិត​តំបន់ និង​សាកលលោក​៕​.mara