ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖លោក​សី តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី ២២​ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ដឹកនាំ មន្ត្រី​មន្ទីរ​កិច្ចការនារី ខេត្ត មន្ត្រីរដ្ឋបាល​សាលាស្រុក​បរិបូណ៌ សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ទៅ​សាកសួរ​សុខទុក្ខ និង​យក​អំណោយ ជូន​ដល់​ស្ត្រី​មាន​ជីវភាព​ខ្វះខាត សម្រាល​បានកូន​ភ្លោះ បី​នៅ ភូមិ​មេលំ ឃុំ​មេលំ ស្រុក​បរិបូណ៌ ។​

​នៅក្នុង​ឱកាស​នោះ លោកស្រី តុង ណា​រី បាន​បញ្ជាក់ថា ក្រោយពី​ទទួលដំណឹង​ថា​ក្មួយ​ស្រី ទើប​រៀបការ​បាន​មួយឆ្នាំ​ហើយ សម្រាលកូន​ជា​លើកដំបូង​បានកូន​ភ្លោះ​បី តាមរយៈ​ការផ្សព្វផ្សាយ​របស់​សារព័ត៌មាន​នានា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង បាន​ចាត់​ឱ្យ​លោកស្រី នាំយក​នូវ​អំណោយ​ជា​សម្ភារ​និង​ថវិកា មកជួយ​ឧបត្ថម្ភ​ដល់​ស្ត្រី​កូនភ្លោះ​បី ដែល​អំណោយ​ទាំងនោះ​រួមមាន ៥០​គីឡូក្រាម សម្ភារ ប្រើប្រាស់​សម្រាប់​ទារក និង​សម្ភារ​ផ្សេងៗ​ទៀត​សម្រាប់​ម្ដាយ និង​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល​។

​លោក កេ​ត សុ​ឃា មេឃុំ​មេលំ បាន​ថ្លែងអំណរគុណ​ដល់ លោកស្រី​តុង​ណា​រី មន្ត្រី​មន្ទី​កិច្ចការនារី​ខេត្ត មន្ត្រីរដ្ឋបាល​ស្រុក សមាជិក​យុវជន​ស្រឡាញ់​សន្តិភាព ដែល​បាន​នាំ​អំណោយ មក​ជូន​ក្មួយ​ស្រី មានកូន​ភ្លោះ​បី​នាពេលនេះ​។​

​គួរ​បញ្ជាក់ថា ស្ត្រី​ឈ្មោះ មាន សុ​មី អាយុ ២៣​ឆ្នាំ ទើប ទើប​រៀបការ​ជាមួយ​ប្ដី​ឈ្មោះ វ៉ាន់ សុខ​វ័យ កាល​ពីមួយ​ឆ្នាំមុន​ហើយក៏​សម្រាលកូន​ជា​លើកដំបូង​បានកូន​ភ្លោះ​៣ កាលពី​ថ្ងៃទី ៧ ខែវិច្ឆិកា​ឆ្នាំ ២០២២ នៅ​មន្ទីរពេទ្យ​ជប៉ុន រាជធានី​ភ្នំពេញ ។​

​ប៉ុន្តែ​ដោយសារ​ស្ថានភាព​សុខភាព​ស្ត្រី​ជា​ម្ដាយ​គ្រូពេទ្យ​ឲ្យ​បន្ត​សម្រាក ព្យាបាល រហូតដល់​ថ្ងៃទី ១៩ ខែវិច្ឆិកា ទើប​អនុញ្ញាតឱ្យ​ត្រឡប់មកផ្ទះ​វិញ​៕​សរន​.mara