​ដោយៈ​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ក្នុងការ​ប្រកួត​កីឡា​យុទ្ធសិល្ប៍​ក្បាច់គុន​ពិភពលោក​-IMAC (International Martial Arts Contest) លើ​ប្រាំពីរ​វិញ្ញាសា​នៅ​សាធារណរដ្ឋ​កូរ៉េ ពីថ្ងៃ​ទី​១៨-២០ ខែវិច្ឆិកា ឆ្នាំ​២០២២​កីឡាករ កីឡាការិនី​គុន​ល្បុក្កតោ​ចំនួន​ប្រាំ​បីនាក់ ដណ្តើមបាន​មេដាយមាស​មួយគ្រឿង និង​មេដាយប្រាក់​បួន​គ្រឿង​។​

អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​លោក អួរ តារា បាន​បញ្ជាក់ថា គណ​:​ក​ម្មា​ធិ​ការរៀបចំ​ការប្រកួត បាន​បែងចែក​ចំណាត់ថ្នាក់​ជា​ប្រាំ គឺ​លេខ​១ ដល់​លេខ​៥ ដោយ​កីឡាករ កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជា ដណ្តើមបាន​លទ្ធផល ដូចជា​កីឡាការិនី ពិធី ច័ន្ទ​ឆវី មេដាយមាស លើ​វិញ្ញាសា​ទ្វារ​មេគុន​អាវុធ​។

​កីឡាករ គីម ទិ​ត្យ​សុ​វ​ឌ្ឈ​ន​: មេដាយប្រាក់​ទ្វារ​មេគុន​អាវុធ​។ កីឡាករ អោក រិត​ធានី និង​កីឡាករ យ៉ឹ​ម វុត្ថា មេដាយប្រាក់ ទ្វារ​មេគុន​ដៃ​ក្រុម​។ កីឡាករ អ៊ៃ សំអុន និង កីឡាការិនី ស៊ិន សៀវ​សៀន មេដាយប្រាក់ ទ្វារ​មេគុន​អាវុធ​ក្រុម​។ កីឡាករ អ៊ៃ សំអុន​, គីម ទិ​ត្យ​សុ​វឌ្ឍនៈ​, ពេជ្រ ពន្លឺ​, អោក រិត​ធានី​, យ៉ឹ​ម វុត្ថា​, ស៊ិន សៀវ​សៀន​, យស សញ្ច​នា និង ពុធ ចាន់​ឆវី មេដាយប្រាក់ លើ​វិញ្ញាសា​សម្តែង​ជា​ក្រុម​។ កីឡាករ ពេជ្រ ពន្លឺ ទទួលបាន​ចំណាត់ថ្នាក់​លេខ ៤ ទ្វារ​មេគុន​ដៃ​។ កីឡាការិនី យស សញ្ច​នា ដណ្តើមបាន​លេខ​៥ លើ​វិញ្ញាសា​ទ្វារ​មេគុន​ដៃ​។​

​លោក​អគ្គលេខាធិការរង​បន្តថា នៅ​ឆ្នាំ​២០២២​នេះ សម្ព័ន្ធ​កីឡា​យុទ្ធសិល្ប៍​ពិភពលោក (World Martial Art Union) បានរៀបចំ​ការប្រកួត International Martial Arts Contest​នេះ​ដោយមាន​១០​ប្រទេស​ចូលរួម​ប្រកួតប្រជែង​បន្ទាប់ពី​ព្រឹត្តិការណ៍​ដូចគ្នានេះ​បានរៀបចំ​ប្រកួត​តាម​ប្រព័ន្ធ​អន​ឡាញ កាលពី​ឆ្នាំ​២០២១​។​

​សម្រាប់​ការចូលរួម​ប្រកួត​របស់​ក្រុម​គុន​ល្បុក្កតោ​កម្ពុជា​ចំនួន​១០​រូប (​គ្រូបង្វឹក​២​រូប​)​ត្រូវបាន​បញ្ជូន​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​។​

​លោក​អគ្គលេខាធិការរង​បាន​អះអាង​បន្ត​ថាបើ​យើង​ពិនិត្យមើល​លើ​លទ្ធផល​ជា​មេដាយមាស និង​មេដាយប្រាក់​ចំនួន​បួន​គ្រឿង ក្នុង​ព្រឹត្តិការណ៍​ក្បាច់គុន​ពិភពលោក​នេះ គឺជា​ផល​វិជ្ជមាន​នៃ​ភាព​រីកចម្រើន​លើ​គុណភាព​បច្ចេកទេស​បន្ថែម​របស់​កីឡាករ កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជា ក្នុង​ដំណើរ​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​៕​សរន​.mara