ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ សម្រាប់ការប្រកួត កីឡាជាតិលើកទី៣នេះសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានប្រើប្រាស់ធនធានមន្ត្រី អាជ្ញាកណ្តាល ចៅក្រម ៣០នាក់ សម្រាប់បម្រើ ដល់ការប្រកួត។

លោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡា សីដក់និងឈិនឡូនកម្ពុជាទទួលបន្ទុកប្រធានគណៈកម្មការបច្ចេកទេសកីឡាសីដក់នៃព្រឹត្តិការណ៍កីឡាជាតិលើកទី៣សហព័ន្ធនឹងជ្រើសរើសធនធានធ្នើមៗពីព្រឹត្តិការណ៍នេះត្រៀមទៅបណ្តុះបណ្តាលកម្រិតអន្តរជាតិដើម្បីបម្រើដល់ការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

លោកបន្តថា ការប្រកួតកីឡាសីដក់ ក្នុង ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ឆ្នាំ២០២២នេះ មាន៣វិញ្ញាសា គឺ២នាក់ទល់២នាក់នារី (៤ក្រុម), ២នាក់ទល់២នាក់បុរស (៥ក្រុម) និងវិញ្ញាសា ៣នាក់ទល់៣នាក់បុរស (៦ក្រុម)។

ចំពោះប្រតិភូកីឡាករ កីឡាការិនីចូលរួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ព្រៃវែង និង២ក្រសួង គឺមហាផ្ទៃ និងការពារជាតិ ដោយ កីឡាសីដក់ប្រកួតពីថ្ងៃទី២០ដល់២២ខែវិច្ឆិកាឆ្នាំ២០២២នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ចំពោះមន្ត្រីបច្ចេកទេសរៀបចំអាជ្ញាកណ្តាលចៅក្រមកាត់សេចក្តីគឺសហព័ន្ធមានធនធាន ៣០នាក់ ដែលសម្រាប់ការប្រកួតថ្នាក់ជាតិ គឺមន្ត្រីទាំងនេះ មានសមត្ថភាពពេញលេញ។ប៉ុន្តែការប្រកួត អន្តរជាតិជាពិសេសគឺគោលដៅស៊ីហ្គេម២០២៣គឺតម្រូវឲ្យមន្ត្រីបច្ចេកទេសកម្ពុជាបន្តការបណ្តុះបណ្តាលកម្រិតអន្តរជាតិនាពេលខាងមុខឆាប់នេះដើម្បីទទួលបានចំណេះដឹង បទពិសោធន៍បន្ថែម ក្នុងពេលចូលរួមកាត់សេចក្តី បម្រើការប្រកួត ជាមួយមន្ត្រីអន្តរជាតិ ក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ធំ រៀងរាល់២ឆ្នាំម្តង មួយនេះ។

សម្រាប់ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ លើ ប្រភេទកីឡាសីដក់ គឺមានរាជធានី-ខេត្ត-ក្រសួងត្រឹម៦ប៉ុណ្ណោះគឺដោយសារកីឡាសីដក់ជាប្រភេទកីឡាពហុជំនាញមានការលំបាកក្នុងការហ្វឹកហាត់ ដូច្នេះ ការទាក់ទាញយុវជនឱ្យចូល រួម ហ្វឹកហាត់ ក្នុងប្រភេទកីឡាមួយនេះ នៅមានកម្រិត នៅឡើយ ហើយទាមទារពេលវេលាច្រើន ដើម្បីឱ្យ ក្លាយខ្លួនជាធនធានកីឡាករ កីឡាការិនី ដែលអាច ប្រកួតប្រជែងបាន។

លោក ទុយ ប៊ុនហឿន សង្កត់ធ្ងន់ថាក្នុងនាម ថ្នាក់ដឹកនាំសហព័ន្ធលោកសូមអំពាវដល់រាជធានី ខេត្ត ក្រសួង ស្ថាប័ននានាមេត្តាជួយគាំទ្រជំរុញ ដល់ប្រភេទកីឡាសីដក់កម្ពុជាជាពិសេសគឺជួយខិតខំផលិតយុវជនឲ្យបានច្រើននៅតាមសាលារៀនដើម្បីរួមគ្នាអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត នាថ្ងៃអនាគត៕srn