​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក វ៉េ ហ្វេ​ង​( Wei Fenghe)​កាលពី​ថ្ងៃ​អង្គារ​ទី​២២​វិច្ឆិកា​បាន​ប្រាប់​សម​ភាគី​អាម៉េរិក​របស់​លោក​ថា តៃវ៉ាន់​ជា​ស្នូល​នៃ​ផលប្រយោជន៍​របស់​​ចិន ហើយ​«​មិន​ត្រូវ​ឆ្លងកាត់​បន្ទាត់​ក្រហម​»​មួយ​ឡើយ​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់​នេះ​។​

​នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក ឡយ អូ​ស្ទីន នៅ​ខេត្ត​សៀមរាប លោក​វ៉េ បាន​និយាយថា​«​ដំណោះស្រាយ​របស់​តៃវ៉ាន់​ជា​បញ្ហា​របស់​ប្រជាជន​ចិន កម្លាំង​មកពី​ខាងក្រៅ​មិនមាន​សិទ្ធិ​ជ្រៀត​​ជ្រែក​ទេ​»​។​លោក​បាន​បញ្ជាក់ថា អាម៉េរិក​ត្រូវគោរព​ផលប្រយោជន៍​ស្នូល​របស់​ចិន​ហើយ​សង្ឃឹម​ថា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​អាច​ប្រកាន់​យក​គោលនយោបាយ​ជាក់ស្តែង​និង​សម​ហេតុផល​មួយ​ចំពោះ​​ចិន ដោយ​នាំ​ទំនាក់ទំនង​ចិន​-​អាម៉េរិក​មក​កាន់​ផ្លូវ​ត្រឹមត្រូវ​របស់​វា​វិញ​។​

​សូមបញ្ជាក់​ថា ចិន​តែង​ចាត់ទុក​តៃវ៉ាន់​ជា​ទឹកដី​មិនអាច​បំបែក​បាន​របស់​ខ្លួន​ដោយ​រង់ចាំ​តែ​ពេល​ធ្វើ​ការបង្រួបបង្រួម​គ្នា​ឡើងវិញ​និង​អាច​ប្រើ​កម្លាំង​នាំ​កោះ​នេះ​មក​នៅ​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​​ក្នុង​ករណី​ចាំបាច់​។​

​មុន​នេះ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន​បាន​និយាយថា ហេតុផល​ធំ​សំរាប់​ស្ថានភាព​នៃ​ទំនាក់ទំនង​បច្ចុប្បន្ន​រវាង​ចិន​និង​អាម៉េរិក គឺថា​អាម៉េរិក​បាន​ធ្វើ​ការវិនិច្ឆ័យ​យុទ្ធសាស្ត្រ​ខុស និង​ថា​ចិន​មិន​​ទទួលខុសត្រូវ​ចំពោះ​ស្ថានភាព​ទំនាក់ទំនង​នេះ​ទេ​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​និង​អាម៉េរិក​ជួបប្រជុំ​គ្នា​កាលពី​ថ្ងៃ​២២​វិច្ឆិកា​ក្រៅ​ជំនួប​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​នៅ​សៀមរាប​

​នៅក្នុង​ខេត្ត​សៀមរាប លោក​រដ្ឋមន្ត្រី​អូ​ស្ទីន បាន​សង្កត់ធ្ងន់​លើ​ការធ្វើអោយ​ប្រសើរឡើង​ខ្សែ​ទាក់ទង​គ្នា​ក្នុងពេល​វិបត្តិ និង​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​«​ឥរិយាបទ​កាន់តែ​គ្រោះថ្នាក់​ឡើង​»​របស់​យន្ត​​ហោះ​យោធា​ចិន​។​

​ក្នុងជំនួប​លោក​អូ​ស្ទីន​ក៏បានពិភាក្សា​អំពី​សារសំខាន់​នៃ​«​ការចរចា​អំពី​ការកាត់បន្ថយ​ហានិភ័យ​យុទ្ធសាស្ត្រ និង​ជំរុញ​សុវត្ថិភាព​ប្រតិបត្តិការ​» នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាម៉េរិក​។​

​កិច្ចពិភាក្សា​៩០​នាទី​នៅ​ខេត្តសៀមរាប ជា​ជំនួប​លើកដំបូង​រវាង​ប្រមុខ​យោធា​នៃ​មហាអំណាច​ទាំងពីរ​ចាប់តាំងពី​ចិន​ផ្ទុះ​ប្រតិកម្ម​សែន​ធំ​នៅពេល​ប្រធានសភា​អាម៉េរិក​បាន​ទៅ​ទស្សនកិច្ច​លើកទឹកចិត្ត​​អាជ្ញាធរ​ទីក្រុង​តៃប៉ិ​កាលពី​ខែ​សីហា ទោះ​ជា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​ព្រមាន​ជា​មុន​ហើយ​ក្តី​។​

​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាម៉េរិក ចិន​បាន​ប្រកាសថា​ខ្លួន​ឈប់​ការចរចា​ជាមួយ​អាម៉េរិក​លើ​បញ្ហា​មួយចំនួន​រួមមាន​កិច្ចពិភាក្សា​ថ្នាក់​បញ្ហា​ការ​យោធា​កំរិត​តំបន់​។​មន្ត្រី​អាម៉េរិក​សុំ​មិន​​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​និយាយថា លោក​អូ​ស្ទី​ន​និង​លោក​វ៉េ​បាន​ពិភាក្សាគ្នា​អំពី​តៃវ៉ាន់ និង​ក៏​បាន​និយាយ​អំពី​ការចាប់ផ្តើម​កិច្ចពិភាក្សា​ឡើង​វិញ​ខ្លះ​ដែល​បាន​ផ្អាក​ចោល​។​

​រំលឹកថា កាលពី​ខែ​មិថុនា យន្តហោះ​ចម្បាំង​ចិន​មួយ​បាន​បើក​ស្ទាក់​ផ្លូវ​យន្តហោះ​ឈ្លបយកការណ៍​អូស្ត្រាលី​មួយ​ដ៏​គ្រោះថ្នាក់​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​។​

​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​អង្គារ​នេះ កើត​ឡើង​បន្ទាប់ពី​ប្រធានាធិបតី​ចិន​និង​អាម៉េរិក​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្រៅ​ជំនួប​កំពូល​G20​នៅ​ឥណ្ឌូនេស៊ី ក្នុង​គោលបំណង​ទប់​កុំអោយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​​ពី​កាន់តែ​ចុះ​ដុនដាប់​ឈាន​ដល់​សង្គ្រាមត្រជាក់​មួយ​៕