​ដោយៈ​សុផល​/​ភ្នំពេញ​៖​នៅក្នុង​ឱកាស​ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ គណៈកម្មាធិការ​នយោបាយ (AIPA43) បាន​ជួបប្រជុំ​ពិភាក្សាគ្នា​ទៅលើ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ស្ដីពី ការជំរុញ សន្តិភាព សាមគ្គីភាព និង​ពហុភាគី​និយម ឆ្ពោះទៅ​ម​ជ្ឈ​ភាព​អាស៊ាន នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។​

​សមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន តំណាង​គណៈប្រតិភូ​សភា​នៃ​ប្រទេស​សមាជិក​អាយ​ប៉ា​ទាំង​៨ គឺមាន​សភា​ព្រុយ​ណេ​ដា​រូ​ស្សាឡា​ម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សឹង្ហ​បុរី ថៃ និង​វៀតណាម​។ កិច្ចប្រជុំ​នេះ​ដំណើរការ​ទៅ​ក្រោម​ការដឹកនាំ​ដោយ លោក ហ៊ុន ម៉ា​នី សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​និង​ជា​ប្រធាន​គណៈកម្មាធិការ​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន (AIPA43) ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ លោក សួស យ៉ា​រ៉ា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា ជា​ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា និង​លោក ជាម ប៉េអា សមាជិក​រដ្ឋសភា ជា​អ្នករាយការណ៍​អំពី​កិច្ចប្រជុំ​។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​នយោបាយ រៀបចំឡើង​ក្នុង​គោលបំណង​ចម្បង​ដើម្បី​ពង្រឹង​កិច្ចសន្ទនា AIPA-ASEAN និង​ភាពជា​ដៃគូ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​និង​ធ្វើ​សកម្មភាព​រួមគ្នា​ដើម្បី​ពង្រឹង ម​ជ្ឈ​ភាព​អាស៊ាន​ក្នុងការ​លើកកម្ពស់​សន្តិ​ភាព វិបុលភាព សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​និង​ពហុភាគី​និយម​បើកចំហ​និង​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​កិច្ចប្រជុំ​នាពេលនេះ បានធ្វើការ​ពិភាក្សាគ្នា​លើ សេចក្តីព្រាង​សេចក្តីសម្រេច​ចំនួន​០៥ រួមមាន​៖
១. សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី «​របាយការណ៍​កិច្ចប្រជុំ​ក្រុម​សមាជិកសភា អាយ​ប៉ា លើក​ទី ១៣» (Report of the 13th AIPA Caucus)
២. សេចក្តីព្រាង​ព្រាង​សេចក្តីសម្រេច «​របាយការណ៍​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​ថ្នាក់ដឹកនាំ​អាយ​ប៉ា និង​ប្រមុខ​ដឹកនាំ​អាស៊ាន នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១» ( Report of the ASEAN-AIPA Leader’s Interface during the 40th and 41st ASEAN SUMMIT)


៣. សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី «​ការលើកកម្ពស់​សន្តិភាព វិបុលភាព និង​ពហុភាគី​និយម តាមរយៈ​ម​ជ្ឈ​ភាព​អាស៊ាន​» (Promoting Peace, Solidarity and Multilateralism through ASEAN Centrality)
៤. សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី «​ការលើកកម្ពស់​ការទូត​សភា​ក្នុង​បញ្ហា​សន្តិសុខ​ដែនសមុទ្រ និង​ការកសាង​ស្ថេរភាព​តំបន់​នៅ​អាស៊ីអាគ្នេយ៍​» (Enhancing Parliamentary Diplomacy on Maritime Security to Forster Regional Stability in Southeast Asia)
៥. សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី «​ការប្រើប្រាស់​ការទូត​សភា​ដើម្បី​អនុវត្ត​ចំណុច​កុងសង់ស៊ីស​ទាំង ៥» (Parliamentary Diplomacy for the Implementation for Five-Point Consensus)​។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​នយោបាយ​បាន​បញ្ចប់ទៅ ដោយ​រលូន ក្នុង​បរិយាកាស សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ ដោយ​អង្គ​ប្រជុំបាន​ឯកភាព​បញ្ចូល​សេចក្តីព្រាង​ទាំង​០៥ ទៅ​ដាក់ជូន​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤៣ អនុ​ម័​ត្ត​ក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ព្រឹក​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២២៕​