ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រសួងបរិស្ថាន សហការ​ជាមួយ​ក្រុមហ៊ុន ឯកជន និង​រដ្ឋបាលខេត្ត​មណ្ឌល​គី​រី រៀបចំ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ក្រោម​ប្រធានបទ «​មាតុភូមិ​យើង កាតព្វកិច្ច​យើង ស្អាត និង​បៃតង​»​។​

​លោក សឹម យ៉ា​រ៉ែ​ន អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងឱ្យដឹងថា ការ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា នេះ នឹងធ្វើ​ឲ្យ​គ្រប់​មជ្ឈដ្ឋាន​បានឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​គ្រប់ភាគី​ក្នុងការ​ថែរក្សា​អនាម័យ​បរិស្ថាន និង​ជា​សារ​បញ្ជូន​ទៅកាន់​គ្រប់ទិសទី​នៃ​ប្រទេស​កម្ពុជា​ថា «​ការថែរក្សា​អនាម័យ​បរិស្ថាន​គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា និង​ជាការ​ចូលរួម​ថែរក្សា​ការពារ​មាតុភូមិ​កម្ពុជា ដែលជា​ផ្ទះ​របស់​យើងទាំងអស់គ្នា​»​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា ព្រឹត្តិការណ៍​នេះ ក៏​នឹង​ជំរុញ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន ដែលជា​ផ្នែក​មួយ​ជួយ​ឱ្យ​ភូមិ ឃុំ សង្កាត់ របស់​យើង​កាន់​តែមាន​សោភ័ណភាព​ស្រស់ស្អាត និង​មាន​ភាព​បៃតង ស្របតាម​លក្ខណៈសម្បត្តិ​ទី​៦ នៃ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​គឺ “​មាន​អនាម័យ មាន​សោភ័ណ​ភាពល្អ និង​មាន​បរិស្ថាន​ល្អ​”​។​

​លោក ចាន់ រតនា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌល​គី​រី ក្នុងនាម​រដ្ឋបាលខេត្ត សូម​ដាស់តឿន​ក្រើនរម្លឹក​ដល់​បណ្ដា​មន្ទីរ​អង្គភាព អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ធ្វើ​អ​នា​ម័​បរិស្ថាន និង​ថែរក្សា​បរិស្ថាន​ឱ្យបាន​ជាប់​ជាប្រចាំ​នៅតាម​មូលដ្ឋាន​របស់ខ្លួន និង​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ពី​ការគ្រប់គ្រង និង​ទុកដាក់​សំរាម​និង​សំណល់​រឹង​ឲ្យ​បាន​ត្រឹមត្រូវ​។

​លោក​សង្ឃឹមថា​ការ​ប្រារព្ធ​ទិវា​នេះ​នឹង​ក្លាយជា​ចរន្ត​ចលករ ដែល​ជំរុញ​ឲ្យ​មាន​ការចាប់​ផ្តើមធ្វើ​សកម្មភាព​មេត្រីភាព​បរិស្ថាន​ផ្តើមចេញពី​យើង​ម្នាក់ៗ ក្នុង​ការចេះ​ទទួលខុសត្រូវ​ទុកដាក់​សំរាម​និង​សណល់​រឹង ដោយ​មិន​បោះចោល​នៅតាម​ទីសាធារណៈ ជាហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​សោភ័ណភាព​ទីក្រុង ទីប្រជុំជន និង​មូលដ្ឋាន និង​ដើ​ម្ប​រក្សា​សេចក្ដីថ្លៃថ្នូរ​ផ្ទាល់ខ្លួន​ផងដែរ​។​

​ក្នុងឱកាស​នោះដែរ លោកជំទាវ​អ្នកឧកញ៉ា ជឹ​ង សុគន្ធា​វី អគ្គនាយក​ក្រុមហ៊ុន វ័ន​ហ្វ្រេ​ត​ធើ​នី​ធី ឯ​.​ក (​វី​តា​ល់​) ក្នុងនាម​វិស័យ​ឯកជន បានបញ្ជាក់​ប្រាប់ថា​៖​ក្រោម​ប្រធានបទ «​មាតុភូមិ​យើង កាតព្វកិច្ច​យើង ស្អាត និង​បៃតង​» ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ចូលរួម​បំផុសស្មារតី និង​ផ្លាស់ប្ដូរ​ឥរិយាបថ​សង្គម ឱ្យ​ចេះ​ស្រឡាញ់ ថែរក្សា និង​ក្លាយជា​ចរន្ត​ចលករ​ជំរុញឱ្យមាន​ការចាប់ផ្តើម ធ្វើ​សកម្មភាព​មេត្រីភាព​បរិស្ថាន ផ្តើមចេញពី​បុគ្គល​ម្នាក់ៗ ដើម្បី​សោភ័ណភាព​ទីក្រុង​យើង ខេត្ត​យើង និង​មាន​តុ​ភូមិ​យើង​ស្អាត និង​កាន់តែ​ស្អាត និង​ប្រពៃ​។​

​លោក គង់ សៀក​លី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន បាន​មានប្រសាសន៍ថា ការរៀបចំ​ទិវា​នេះ​ឡើង​ដើម្បី​បំផុស​ចលនា​សាធារណជន ប្រជាពលរដ្ឋ ស្ថាប័ន​សាធារណៈ​និង​ឯកជន ចូលរួម យកចិត្តទុកដាក់​លើ​អនាម័យ សោភ័ណភាព និង​បរិស្ថាន​បៃតង នៅ​ហ្នឹង​មូលដ្ឋាន និង​ទីសាធារណៈ តាមរយៈ​ការចូលរួម​អនុវត្ត​សកម្មភាព​មេត្រីភាព​បរិស្ថាន​។ សកម្មភាព​នានា​នៃ​ទិវា​នេះ នឹង​ជំរុញ​ការអនុវត្ត​ការធ្វើប្រតិភូកម្ម​មុខងារ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន នៅ​រាជធានី ក្រុង ស្រុក ខណ្ឌ​ទូទាំងប្រទេស និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ជាពិសេស​លក្ខណៈសម្បត្តិ​ទី​៦​គឺ “​មាន​អនាម័យ មាន​សោភ័ណ​ភាពល្អ និង​មាន​បរិស្ថាន​ល្អ​”៕​