ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់​បាន​បដិសេធ​មិន​ច្រៀង​ចម្រៀង​ជាតិ​របស់​ពួកគេ​មុន​ការប្រកួត​វើល​ខាប់​ទល់​នឹង​អង់គ្លេស ទំនង​ដើម្បី​បង្ហាញ​ការគាំទ្រ​ចំពោះ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុងប្រទេស​កំណើត​របស់​ពួកគេ​។​

​អ្នកគាំទ្រ​មួយចំនួន​បាន​ស្រែក​ហ៊ោ​និង​ចម្អក​អំឡុង​ពេល​លេងភ្លេង​ជាតិ​អ៊ីរ៉ង់ ហើយ​អ្នកខ្លះ​ទៀត​លើក​ស្លាក​សញ្ញា​សរសេរថា “​ស្ត្រី ជីវិត សេរីភាព​”​។​

​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​កាត់ចោល​ត្រង់​ការផ្សាយ​បទ​ចម្រៀង​របស់ខ្លួន ហើយ​ប្តូរ​ទៅរក​ប្លង់​ទូលាយ​នៃ​កីឡដ្ឋាន​។​

​សូមបញ្ជាក់​ថា ការតវ៉ា​ទ្រង់ទ្រាយ​ធំ​កន្លងមក​ត្រូវបាន​ជួប​ជាមួយ​នឹង​ការបង្ក្រាប​យ៉ាង​សាហាវ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​ការតវ៉ា​ត្រូវ​បាន​បង្កឡើង​ដោយ​ការស្លាប់​នៅក្នុង​ការ​ឃុំឃាំង​ក្នុង​ខែ​កញ្ញា​​របស់​នាង ម៉ាសា អា​មី​នី (Mahsa Amini) ជា​ស្ត្រី​អាយុ ២២ ឆ្នាំ​ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​ប៉ូលិស​សីលធម៌​ពី​បទ​បំពាន​ច្បាប់​ដ៏​តឹងរ៉ឹង​ស្តីពី​ស្បៃ​ជួតក្បាល​។​

​សកម្មជន​សិទ្ធិ​មនុស្ស​បាន​និយាយថា អ្នក​តវ៉ា​ជា​ង ៤០០ នាក់​ត្រូវបាន​សម្លាប់ និង ១៦.៨០០ នាក់​ផ្សេង​ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការបង្ក្រាប​ដោយ​កងកម្លាំង​សន្តិសុខ​របស់​អ៊ីរ៉ង់​។​

​មេដឹកនាំ​អ៊ីរ៉ង់​និយាយថា ការតវ៉ា​គឺជា “​កុបកម្ម​” ដែល​រៀបចំ​ដោយ​សត្រូវ​បរទេស​របស់​ប្រទេស​នេះ​។​

​អ្នកគាំទ្រ​អ៊ីរ៉ង់​ក៏​បាន​ស្រែក​ដែរ​ថា “​អា​លី ការី​មី​” (Ali Karimi) នៅក្នុង​តង់​ទីមួយ សំដៅលើ​អតីត​កីឡាករ​បាល់ទាត់ ដែល​ជា​កំពូល​អ្នក​រិះគន់​លើ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​និង​ជា​មុខមាត់​​ដ៏​ពេញនិយម​បំផុត​នៃ​ចលនា​តវ៉ា​។​

​អ្នកគាំទ្រ​ក៏​ឮ​ស្រែក​ដែរ​ថា “Be-Sharaf” ដែល​មានន័យថា “​មិន​គោរព​” ជា​ភាសា​ពើ​សៀន (Persian) ។ នេះ​ជា​ពាក្យ ដែល​ក្រុមបាតុករ​បាន​ប្រើ​ប្រឆាំង​នឹង​កម្លាំង​សន្តិសុខ​ក្នុងប្រទេស​អ៊ីរ៉ង់​។​

​គូប្រជែង​ជា​ច្រើន​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​បាន​រិះគន់​ក្រុមបាល់ទាត់​ដែល​មិន​ព្រម​គាំទ្រ​ការតវ៉ា​ដោយ​បើកចំហ និង​សម្រាប់​ការជួប​ជាមួយ​ប្រធានាធិបតី អេ​ប្រា​ហ៊ីម រ៉ៃ​ស៊ី (Ebrahim Raisi) កាលពី​សប្តាហ៍​មុន​។​

​និយាយ​មុន​ការប្រកួត​វើល​ខាប់ ប្រធាន​ក្រុម​អ៊ីរ៉ង់ អេសាន ហាច​សា​ហ្វី (Ehsan Hajsafi) បាន​និយាយថា កីឡាករ​ទាំងអស់ “​គាំទ្រ​” អ្នក​ដែល​បាន​ស្លាប់​។​

​អ្នក​ចាត់ការ​ទូទៅ លោក កា​ឡូ​ស គ្វី​រ៉ូស (Carlos Queiroz) បាន​និយាយថា កីឡាករ​របស់គាត់ “​មាន​សេរីភាព​ក្នុង​ការតវ៉ា​” លើ​សិទ្ធិ​ស្ត្រី​នៅក្នុង​ប្រទេស​កំណើត​របស់​ពួកគេ ដរាបណា​វា “​អនុលោម​តាម​បទ​ប្បញ្ញត្តិ​នៃ​ការប្រកួត​វើល​ខាប់​និង​ស្ថិតនៅ​ក្នុង​ស្មារតី​នៃ​ការប្រកួត​”​។​

​កីឡាករ​របស់​អ៊ីរ៉ង់​ក៏បាន​បិទបាំង​ស្លាក​សញ្ញា​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​ផង​ដែរ នៅ​ពេល​ពួកគេ​លេង​ការប្រកួត​កម្ដៅ​សាច់ដុំ​ចំនួន​ពីរ​ប្រកួត​ក្នុង​ខែកញ្ញា​៕

ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់​មិនបាន​ច្រៀង​ចម្រៀង​ជាតិ​ទេ ពេល​ប៉ះ​អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ