ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ៖ រដ្ឋបាល ខេត្តកំពង់ស្ពឺបានបើកសិក្ខាសាលាតម្រង់ទិសសមាជិកក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ក្រោមវត្តមាន លោក ជូ ប៊ុនហៀង អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ។ពិធីបាន ប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ព្រំ វណ្ណៈ អភិបាលរង តំណាងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមប្រធាន អនុប្រធានមន្ទីរ តំណាងអង្គការសង្គមស៊ីវិលចូលរួមជាច្រើននាក់ផងដែរ។


គោលបំណងសិក្ខាសាលា បង្កើនការយល់ដឹង និងចូលរួមអនុវត្តន៍នៃយុទ្ធសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ ជាពិសេសចូលរួមអនុវត្តទៅតាមផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០។ ផ្សព្វផ្សាយសេចក្តីជូនដំណឹងទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៩៣៤ ស.ជ.ណ ចុះថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ និងសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាស ទិវាជាតិអាហារូបត្ថម្ភ លើកទី៩ ថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ និងមានការចែករំលែកបទពិសោធន៍របស់សម្ព័ន្ធអង្គការសង្គមស៊ីវិល ដើម្បីអាហារូបត្ថម្ភកម្ពុជា ដែលបានចូលរួមសម្របសម្រួលការងារ ក.ដ.ស.ស.អ.នៅខេត្តគោលដៅ (ខេត្តកំពង់ឆ្នាំង និងខេត្តរតនៈគិរី) ចែករំលែកបទពិសោធន៍ការងារអភិបាលកិច្ចអាហារូបត្ថម្ភ និងការសម្របសម្រួលពហុវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភនៅកម្ពុជា (MUSEFO-GIZ) ដែលបានចូលរួមសម្របសម្រួលការងារ ក.ដ.ស.ស.អ.នៅខេត្តគោលដៅ (ខេត្តកំពង់ធំ និងខេត្តកំពត) ការកសាងផែនការសកម្មភាព ក.ដ.ស.ស.អ.ខេត្តកំពង់ស្ពឺ ឆ្នាំ២០២២ផងដែរ៕ N