​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យោង​តាម​អ្នកជំនាញ​អាកាសធាតុ​បានឱ្យដឹងថា ភព​ផែនដី​នៅ​តែ​ស្ថិតនៅ​លើ​មាត់ជ្រោះ​នៃ​គ្រោះ​មហន្តរាយ​អាកាសធាតុ​បន្ទាប់ពី​កិច្ចព្រមព្រៀង​មួយ​ត្រូវ​​បាន​សម្រេច​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល COP27 កាលពី​ថ្ងៃទី​២០​វិច្ឆិកា​។​

​បណ្តា​រដ្ឋាភិបាល​មាន​ស្តុកស្តម្ភ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ បាន​សម្រេច​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ក្រីក្រ ដែល​គេ​ស្គាល់​ថា​ជា​យន្តការ “​ការខាតបង់​និង​ការខូចខាត​” ។​​នេះ​នឹង​ឃើញ​បណ្តា​ប្រទេស​នានា​បង់​ប្រាក់​រាប់ពាន់​លាន​ដល់​រដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយ​អាកាសធាតុ​ធ្ងន់ធ្ងរ និង​ការកើនឡើង​កម្រិត​ទឹកសមុទ្រ​ដែល​ជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ​។​

​ទោះយ៉ាងណា អ្នកចូលរួម​ជាច្រើន​បាន​ព្រមាន​ថា លទ្ធផល​នៃ​សន្និសីទ​នេះ​មិន​មាន​មហិច្ឆតា​គ្រប់គ្រាន់​ក្នុង​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​នោះ​ទេ​។​

​លោកស្រី ម៉ា​រី រ៉ូ​ប៊ីន​សុន (Mary Robinson) ជា​អតីត​ប្រធានាធិបតី​អៀរ​ឡង់​និង​ជា​ប្រធាន​អង្គការ The Elders បាន​និយាយថា​”​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​អំពី​ការទូទាត់​សង​ខាតបង់​និង​ការ​​ខូចខាត​នៅ​សន្និសីទ COP27​បង្ហាញថា កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ពិតជា​អាច​ធ្វើទៅបាន​”​។​

“​ដូចគ្នានេះដែរ ការប្តេជ្ញា​ចិត្ត​ជា​ថ្មី​លើ​រឹតត្បិត​ការឡើង​កម្តៅ​ផែនដី​ត្រឹម ១,៥ អង្សា​សេ​គឺជា​ប្រភព​នៃ​ការ​ធូរស្បើយ​យ៉ាងខ្លាំង​។ ទោះជា​យ៉ាងនេះ​ក្តី​គ្មាន​ការកែប្រែ​ណាមួយ​ដែល​ធានា​ថា​ភពផែនដី​នឹង​លែង​​ស្ថិត​នៅ​មាត់ជ្រោះ​នៃ​គ្រោះ​មហន្តរាយ​អាកាសធាតុ​នោះឡើយ​”៕

ផែនដី​នៅ​តែ​ស្ថិតនៅ​លើ​មាត់ជ្រោះ​នៃ​គ្រោះ​មហន្តរាយ​អាកាសធាតុ ត្បិត​មាន​កិច្ចព្រមព្រៀង COP27​ដោយសារ​តែ​កំរិត​ធ្ងន់ធ្ងរ​នៃ​ការបញ្ចេញចោល​ឧស្ម័ន​បំផ្លាញ​បរិយាកាស​ផែនដី​