ដោយៈ មេសា/ភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយក នៃ មូលនិធិជនពិការ តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និង លោក សុខ លូ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង បានចូលរួមជាអធិបតីក្នុងកម្មវិធីគម្រប់ខួប៣០ឆ្នាំនៃគម្រោងស្តារលទ្ធភាពពលកម្មកាយសម្បទារបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC ដែលពិធីនេះ មានការចូលរួមដោយតំណាងអង្គការដៃគូនានា និងជនពិការសរុបចូលរួមប្រមាណ ១២០នាក់។

លោកលោក Juan Pedro Schaerrer នាយកប្រចាំតំបន់ នៃ គណៈកម្មាធិការអន្តរជាតិ នៃ កាកបាទក្រហម ICRC បានឱ្យដឹងថា ប្រទេសជាង ១០០ នៅជុំវិញពិភពលោក និង គម្រោងស្តារលទ្ធភាពពលកម្មជាង ៣០០ ដែល ICRC បានជួយគាំទ្រ និងជនពិការជាង ២ លាននាក់បានទទួលផលពីគម្រោងនេះ ។ ដោយឡែកនៅក្នុងកម្ពុជាអង្គការ ICRC បាន និង កំពុងសហការជាមួយក្រសួងសង្គមកិច្ច ជួយគាំទ្រដល់មជ្ឈមណ្ឌលស្តារចំនួន ២ គឺមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង ។

ចំពោះមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង នេះ គឺបានគ្របដណ្តប់សេវាកម្មចំនួនប្រាំខេត្ត និងបានផ្តល់សេវាជាច្រើនដូចជា សេវាស្តារលទ្ធភាពពលកម្មជូនជនពិការ បញ្ជូនជនពិការទៅទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរកការងារឱ្យធ្វើ ការចូលរួមលេងកីឡា និងជំនួយជាសាច់ប្រាក់ដើម្បី បង្កើតអាជីវកម្មខ្នាតតូចជាដើម។

លោក សុខ លូ មានប្រសាសន៍ថា ខេត្តបាត់ដំបង គឺជាខេត្តដែលរងផលប៉ះពាល់ពីសង្គ្រាម និងគ្រាប់មីនច្រើនជាងគេ ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនទទួលរងនូវពិការភាព ។ តាមរយៈកម្មវិធីស្តារលទ្ធភាពពលកម្មរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង មានការជួយគាំទ្រពីអង្គការ ICRC គឺជនពិការក្នុងខេត្តបាត់ដំបង និងខេត្តជិតខាង ពិតជាទទួលបានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមក្នុងសកម្មភាពសង្គមនានាបាន ។ លោក បានថ្លែងអំណរគុណដល់មូលនិធិជនពិការ ដែលជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ ICRC ដែលបានជួយដល់ជនពិការក្នុងខេត្តបាត់ដំបង និងសង្ឃឹមថា កម្មវិធីស្តារលទ្ធភាព ពលកម្មនេះនឹងបន្តជួយដល់ជនពិការជាបន្តទៀត។

ទាក់ទងក្នុងរឿងនេះដែរ លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយក នៃមូលនិធិជនពិការ បានថ្លែងថា ជួសមុខលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដែលបាននិងកំពុងជួយគាំទ្រការងារជាច្រើនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាពិសេសគម្រោងស្តារលទ្ធភាពពលកម្មកាយសម្បទា ដែលអនុវត្តរួមគ្នារវាងមូលនិធិជនពិការនិងអង្គការ ICRC ។ លោកបន្តថា កម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទាបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយជនពិការប្រមាណ ២៨.០០០ នាក់ទូទាំងប្រទេស បានទទួលសេវាស្តារលទ្ធភាពពលកម្មនេះក្នុង ១ឆ្នាំៗ ក្រោមការអនុវត្តរួមគ្នារបស់មូលនិធិជនពិការ និងអង្គការដៃគូនានា ៕សរន / N


– ទិដ្ឋភាព នៃ ពិធីគម្រប់ខួប ៣០ឆ្នាំ នៃ គម្រោងស្តារលទ្ធភាពពលកម្មកាយសម្បទារបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC ( ០១, ០២, ០៣, ០៤, ០៥, ០៦) 
– រូបៈ មូលិនិធិជនពិការ