ដោយ : ប.ជ័យ / បន្ទាយមានជ័យ៖ គណៈប្រតិភូអភិបាលស្រុកបានគ្រួតនិងអនុប្រធានអភិវឌ្ឍន៍ខេត្តបុរីរ៉ាំ ប្រទេសថៃកាលពីថ្មីៗនេះបាន មកទស្សនកិច្ចនៅប្រាសាទបន្ទាយឆ្មារនិងអាងជើងគ្រួស នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។វត្តមាននៃប្រតិភូក្នុង គោលបំណងលើកកម្ពស់ទេសចរណ៍និងរឹតចំណងទំនាក់ទំនងមិត្តភាពរវាងអាជ្ញាធរនិងអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។នេះបើតាមលោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេកប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២ ។

លោកអភិបាលស្រុកត្រូវជាមិត្តភក្តិនឹងលោកអភិបាលស្រុកបានគ្រួត( ជនជាតិថៃដើមកំណើតខ្មែរម្ចាស់ស្រុក ប៉ែកឦសាន្តថៃ) នេះ ។លោក ប៊ុនតឺម កល្យាផានីត អភិបាលស្រុកបានគ្រួត(ខ្មែរនៅឦសាន្តថៃហៅស្រុកគ្រួស)និងលោកអនុប្រធានអភិវឌ្ឍន៍ខេត្តបុរីរ៉ាំនិង ប្រតិភូមានក្តីនឹករលឹកដល់បងប្អូនញាតិមិត្តខ្មែរ ថៃ ហើយណាត់មកជួបគ្នាហើយមកទស្សនាប្រាសាទបន្ទាយឆ្មារនិងអាងជើងគ្រួស នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។

លោក លឿង សុភក្តិ បានសម្តែងនូវក្តីរីករាយនិងមោទនភាព ដែលបងប្អូនថៃដឹកនាំមន្ត្រីរាជការថៃមកទស្សនារមណីយដ្ឋានវប្បធម៌ ប្រាសាទបន្ទាយឆ្មារនិងនៅរមណីយដ្ឋានធម្មជាតិអាងជើងគ្រួសខេត្តបន្ទាយមានជ័យហើយពិសារបាយម្ហូបឈ្ងុយឆ្ងាញ់ដែលជាការជួយជំរុញលើកកម្ពស់ទេសចរណ៍ ពង្រឹងសាមគ្គីភាព ទំនាក់ទំនង សហប្រតិបត្តិការរវាងស្រុកភូមិខ្មែរថៃនៅទល់មុខគ្នាម្ខាងម្នាក់នៃជួរភ្នំដងរែក នេះ ។

មន្ត្រីខ្មែរ ថៃ ក៏អរគុណលោកស្រីហេមចិន្តាអគ្គមហាសិការពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ ដែលស្តារអាងជើងគ្រួសនេះឡើងវិញ ធ្វើឱ្យក្លាយជាទីទាក់ទាញទាក់ថ្ពក់បេះដូង ទេសចរទូទៅសូម្បីខាងថៃក៏ចង់មកលេងដែរ ៕សរន / N