ដោយៈ​សុផល​/ភ្នំពេញ​៖សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី ៨ បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​នា​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅឯ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ក្រោម អធិបតីភាព​របស់ លោក W. Patrick Murphy អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក Dominic Williams ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា​ ភារៈធារី​ស្ថានទូត​អូស្ត្រាលីលោក  Andreas Zurbrugg និង​លោក​ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាប័ន IDP Education និង ស្ថាបនិក​សន្និបាត​បញ្ញវន្ត​ពិភពលោក​។​

​សេចក្តីប្រកាស​ពត៌មាន​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២២​ខែវិច្ឆិកា បានឱ្យដឹងថា​៖​សិស្ស​និស្សិតនិង​អាណាព្យាបាល​ប្រមាណ​ជាង​១៥​០​០​នាក់​បាន​ចូលរួម​ព្រឹត្តិការណ៍​សន្និបាត​បញ្ញវន្ត​ពិភពលោក​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ នៅ​ថ្ងៃទី ១៨ និង ១៩ ខែវិច្ឆិកា ឆ្នាំ​២០២២​។ កម្មវិធី​នេះ​រួមមាន ពិ​ព័រ​ណ៌​ការសិក្សា​នៅ​បរទេស​និង​អាជីព​ដែល​រំលេច​ឲ្យ​ឃើញ​ពី​សារៈសំខាន់​នូវ​ការបង្កើន​ទំនាក់ទំនង​ក្នុង​សន្និសីទ​បញ្ញវន្ត​ពិភពលោក​ទាំងមូល​។​កម្មវិធី​ផ្តល់​ឲ្យ​អ្នកចូលរួម​នូវ​ឱកាស​ក្នុង​ការ​កសា​ង​​បណ្តាញ​ការងារ​បង្កើត​ភាពជា​ដៃគូ​និង​អបអរសាទរ​ចំពោះ​ភាព​រីកចម្រើន​នៃ​ការអប់រំ​អន្តរជាតិ នៅ​កម្រិត​បុគ្គល កម្រិត​ស្ថាប័ន​និង​កម្រិត​ជាតិ​។​ព្រឹត្តិការណ៍​សន្និបាត​ប​ញ្ញ​វន្ត​ពិភពលោក ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​២០១៥ ដោយ​ស្ថាប័ន IDP Education​ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ការអប់រំ​អន្តរជាតិ​ឈានមុខ​គេ​នៅក្នុង​ពិភពលោក​។

​ការតាំង​ពិ​ព័រ​ណ៌​រួមមាន​តំណាង​ស្ថាប័ន​អប់រំ​ប្រមាណ ១០០ ស្ថាប័ន​មកពី​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ដូចជា ប្រទេស​អូស្ត្រាលី កាណាដា អៀរ​ឡង់ ណូ​វែ​ល​ហ្សេ​ឡង់ ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ដទៃទៀត ដែល​បានធ្វើ​បទ​បង្ហាញ​ពី​ជម្រើស​សិក្សា​លំដាប់​ពិភពលោក ការដាក់​ពាក្យ​ចូលរៀន ការសុំ​ទិដ្ឋាការ និង​ឱកាស​អាហារូបករណ៍​ជាច្រើន ក្នុងនោះ​ក៏​រួមមាន​ការចូលរួម​ពីសា​លាACEនិងការប្រលង​តេស្ត IELTSពី​ស្ថាប័ន​អប់រំ IDP ព្រមទាំង​បណ្តា​អ្នក​ផ្តល់ជូន​អាហារូប​ករ​ណ៍​​នានា​ដូចជា Australia Awards, New Zealand Scholarships, Chevening និង Fulbright ជាដើម​។

​ស្ថាប័ន IDP Education ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​តាំងពី​ឆ្នាំ​១៩៦៩ ជា​ស្ថាប័ន​ឈានមុខ​លើ​ពិភពលោក​ក្នុងការ​ផ្តល់​ប្រឹក្សា និង​ប​ញ្ចូ​ន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ​បរទេស​។ បច្ចុប្បន្ន IDP Education ដំណើរការ​ជាង ១៦០ ការិយាល័យ​ក្នុង​ប្រមាណ ៥០ ប្រទេស​ជុំវិញ​ពិភពលោក​។ ឆ្នាំនេះ គឺជា​ខួប​អបអរសាទរ ៣០ ឆ្នាំ របស់​ស្ថាប័ន IDP ដែល​បាន​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​W. Patrick Murphy អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា លោក​បាន​សង្កេតឃើញថា​៖​សិស្ស​និស្សិត​កម្ពុជា​ដែលមាន​ឱកាស​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស ពិតជា​បាននាំ​ត្រលប់​មកវិញ​នូវ​ជំនាញ និង​ទស្សនវិស័យ ដែល​នេះ​ជា​ស្នូល​នៃ​ការអភិវឌ្ឍន៍​ប្រទេស​។​លោក​អគ្គរដ្ឋទូត​ក៏បាន​បន្តទៀតថា​មិន​ថា​អ្នក​ជ្រើស​​សិក្សា​នៅទីណា​ទេ តម្លៃ​នៃ​ការអប់រំ​បាន​បង្កើត​ឱកាស​ដ៏​មហាសាល វា​ជួយ​យើង​ឲ្យ​មានការ​អភិវឌ្ឍន៍ និង​រស់នៅ​ប្រកបដោយ សន្តិភាព សុវត្ថិភាព និង​វិបុលភាព​។​

​លោក Dominic Williams អគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ក្នុង​សន្និបាត​ថា​៖ ជំនាញ​ដែល​សិស្ស​និស្សិត​កម្ពុជា​យក​ត្រលប់មក​ប្រទេស​វិញ​ពិត​ជ​មាន​សារៈសំខាន់ ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ខណៈដែល​កម្ពុជា​អភិវឌ្ឍ​ពី​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប ទៅកាន់​ប្រទេស​ដែលមាន​ប្រាក់​ចំណូល​​មធ្យម ប្រជាជន និង​ប្រទេស​ត្រូវ​ការជំនាញ​ថ្មី និង​ទំនើប​ជាង​មុន​ដើម្បី​បន្តបាន​ការរីកចម្រើន និង​ជោគជ័យ​ក្នុង​សេដ្ឋកិច្ចពិភពលោក​។​

​លោក​ភារៈធារី​ស្ថានទូត​អូស្ត្រាលី Andreas Zurbrugg បាន​កោតសរសើរ​ស្ថាប័ន​អប់រំ IDP Education លើ​កិច្ចខិតខំ​ប្រឹងប្រែង និង​ភាពជោគជ័យ​ក្នុង​ដំណើរ​រាល់​កិច្ចការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​អំឡុងពេល​ជម្ងឺ​រាតត្បាត និង​ការបើក​ឲ្យ​សិស្សានុសិស្ស​ចូលរៀន​ក្នុង​ថ្នាក់​ឡើងវិញ​បាន​យ៉ាង​ជោគជ័យ​។​

​លោក​ក៏បាន​បន្ថែមទៀតថា​៖​ការតាំងពិព័រណ៍​នេះ​បង្ហាញ​ពី​ភាព​ស៊ីជម្រៅ និង​ទូលំទូលាយ​នៃ​ឱកាស​អប់រំ​ជុំវិញ​ពិភពលោក រួមទាំង​អ្វីដែល​អូស្ត្រាលី​ផ្តល់ជូន​ផងដែរ​។​វា​គឺជា​វេទិកា​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​កំពុង​ស្វែងរក​ឱកាស​ទៅ​សិក្សា​នៅ​បរទេស​។​

​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ IDP ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែងថា GAC ឆ្លុះបញ្ចាំង​ពី​ឥទ្ធិពល​យ៉ាងសំខាន់​ដែល​អតីត​សិស្ស និស្សិត​មាន​លើ​ការអភិវឌ្ឍ​ធន​ធា​នមនុស្ស និង​ជំនាញ​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ព្រឹត្តិការណ៍​នេះ​ក៏​ទទួលស្គាល់​ការរួមចំណែក​របស់​ពួកគេ​នៅក្នុង​វិស័យ និង​ជួរ​រដ្ឋាភិបាល​។​ឆ្នាំនេះ​ពួកយើង​ប្រារព្ធ​ខួប​អបអរសាទរ​នូវ​សេវាកម្ម​ដាក់​សិស្ស​ឲ្យ​ទៅ​សិក្សា​នៅក្រៅ​ប្រទេស និង​ការចូលរួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​ទៅលើ​វិស័យ​អប់រំ​នៅ​បរទេស និង​ភាសា​អង់គ្លេស​។​

​លោក​ក៏បាន​បន្ថែម​ដែរ​ថា ស្ថាប័ន​អប់រំ IDP Education ដោយមាន​ការគាំទ្រ​រប​ស់លោក​អ្នក និង​បន្ត​បេសកកម្ម​របស់​យើង​ក្នុង​ការភ្ជាប់​សិស្សានុសិស្ស​ឲ្យ​ទទួលបាន​ឱកាស​សិក្សា​ប្រកបដោយ​គុណភាព និង​លើកកម្ពស់​គុណភាព​ធន​ធាន​មនុស្ស ព្រមទាំង​ពង្រឹង​ឲ្យ​មាន​អ្នកដឹកនាំ​ជំនាន់​ក្រោយ តាមរយៈ​ការអប់រំ​អន្តរជាតិ​៕Ph