ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ចង្កៀង​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ (​បន្ទះ​សូ​ឡា និង​អំពូល​ភ្លើង​) ចំនួន ៧៣​ប្រអប់ ដល់​កាកបាទក្រហមកម្ពុជា សម្រាប់​ប្រើប្រាស់​ក្នុង​សកម្មភាព​មនុស្សធម៌​ផ្សេងៗ​។​

​ព្រះរាជ​អំណោយ​ដ៏​ឧត្តុង្គឧត្តម​នេះ​ត្រូវបាន​លោក គុយ សុផល ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ និង​ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ទូទៅ អម​ក្រសួងព្រះបរមរាជវាំង យកមក​ប្រគល់ជូន​កាកបាទក្រហមកម្ពុជា ដែល​អញ្ជើញ​ទទួល​ដោយ លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា នា​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​។​

​បន្ទាប់ពី​បានទទួល​ព្រះរាជ​អំណោយ​រួចមក លោកស្រី​ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បានប្រគល់​ជូន​លោក គុយ សុផល ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ និង​ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ទូទៅ អម​ក្រសួងព្រះបរមរាជវាំង នូវ​សារលិខិត​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ទូលថ្វាយ​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​៕​