ដោយៈភ្នំស្វាយ/បន្ទាយមានជ័យ៖ តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមង្គលបូរី លោក គោស៊ុំ សារឿត និងលោកស្រី ខាំ ផល្លី បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីកសាងអគារសិក្សាមួយ ខ្នងនៅសាលាមត្តេយ្យ២ធ្នូ នាភូមិឬស្សីក្រោកឃុំឬស្សីក្រោក (ទីរួមស្រុក) ស្រុកមង្គលបូរី ។លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោកប្រធានក្រុមប្រឹក្សា ប្រធានការិយាល័យអប់រំ យុវជននិងកីឡាស្រុក កញ្ញាមេឃុំ នាយិកា អ្នកគ្រូ ព្រមទាំងមន្ត្រី អ្នកពាក់ព័ន្ធក៏បានចូលរួមនិងអបអរក្នុងពិធីនេះដែរ ។

ក្នុងពិធីនាដើមសប្ដាហ៍នេះអ្នកគ្រូ ពេជ្រ នរីផល នាយិកាសាលាមត្តេយ្យ២ធ្នូ នេះ ឱ្យដឹងថា បច្ចុប្បន្នសាលានេះ មានអគារសិក្សាពីរខ្នង ស្មើប្រាំមួយបន្ទប់។តែមួយខ្នងបានចាស់ទ្រុឌទ្រោមនិងអគារតូចមួយជាទីចាត់ការ ដែលគ្រប់គ្រងដោយនាយិកាម្នាក់ អ្នកគ្រូប្រាំបួននាក់ និងគ្រូកិច្ចសន្យាពីរនាក់ និងសិស្សមត្តេយ្យទាំង៣កម្រិត(ទាប មធ្យមនិងខ្ពស់)ចំនួន២០៩នាក់ ។

អ្នកគ្រូបានបន្តថា ដោយសារសាលាខ្វះខាតថ្នាក់រៀនសម្រាប់សិស្ស ហើយជាថ្នាក់ដែលមានស្តង់ដារផងនោះសាលាក៏បានស្នើ សុំតាមរយ:អ្នកគ្រូ ទូច យុគលីន និងលោកវេជ្ជបណ្ឌិត ឈួន សុផល ទៅកាន់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿញញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យក្នុងពិធីស្ថាបនាផ្លូវមួយនៅឃុំតាឡំ ស្រុកមង្គលបូរីកន្លងមក។ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីបានយល់ព្រមតាមសំណើរដោយផ្តល់អំណោយអគារសិក្សា។

អ្នកគ្រូបន្តថា ពេលនេះ លោក គោស៊ុំ សារឿត តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមង្គលបូរី និងលោកស្រី ខាំ ផល្លី បានដឹកនាំសាងសង់អគារសិក្សាមួយខ្នង ធ្វើពីបេតុងប្រក់ក្បឿង ស្មើនឹងប្រាំបន្ទប់ ។
ក្នុងបន្ទប់នីមួយៗ មានថ្នាក់រៀនមួយ បន្ទប់ទឹកមួយនិងបន្ទប់កុមារសម្រាកមួយ ស្របតាមស្តង់ដារជាសាលាគោលដៅអាស៊ាន(SBM) នៃគម្រោងJEIP ដំបូងបង្អស់នៅខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះ លោក គោស៊ុំ សារឿត បានណែនាំឱ្យក្រុមការងារនិងក្រុមជាងត្រូវយកចិត្តទុកក្នុងការសាងសង់ឱ្យបានដំណើរការរលូន មានគុណភាពនិងស្តង់ដារល្អ ហើយបានទាន់ពេលវេលាដូចគ្រោងទុក។ពោលគឺឱ្យរួចរាល់ ទាន់សម្ពោធដាក់អោយប្រើប្រាស់ក្នុងបវេសកាលឆ្នាំសិក្សា២០២៣-២៤ ខាងមុខនេះ ។

ចុងក្រោយលោកក៏បានលើកទឹកចិត្តដល់នាយិកា អ្នកគ្រូ មាតាបិតាសិស្សនិងចៅៗសិស្សានុសិស្សប្រើប្រាស់អគារនេះឱ្យបានចំគោលដៅបង្រៀន រៀន និងកសាងធនធានមនុស្ស៕សរន / N