​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកគាំទ្រ​ជប៉ុន​បាន​ធ្វើឱ្យ​ប្រទេស​កាតា​ស្រឡាំងកាំង​ដោយ​ការ​បោសសម្អាត​កីឡដ្ឋាន​វើល​ខា​ប់​ក្នុង​ការប្រ​កួតដែល​សូម្បី​ប្រទេស​របស់​ពួកគេ​មិន​បាន​ចូលរួម​ផង​។​

​នៅឯ​ការប្រកួត​បើកឆាក​រវាង​ប្រទេស​ម្ចាស់ផ្ទះ​និង​អេក្វាឌ័រ អ្នកគាំទ្រ​ស្លៀកពាក់​ពណ៌​ទង់ជាតិ​ជប៉ុន​បាន​នៅ​ចាំ​ក្រោយ​គេ​ដើម្បី​រើស​ដប​និង​កញ្ចប់​អាហារ​ដែល​បន្សល់ទុក​នៅ​លើ​កន្លែង​អង្គុយ​។​

​ប្រទេស​នេះ​បាន​ទទួល​កេរ្តិ៍ឈ្មោះ​ល្បី​សម្រាប់​សុច្ឆន្ទៈ​ស្រដៀង​គ្នា​នេះ​រួចមក​ហើយ​នៅក្នុង​ការប្រកួត​អន្តរជាតិ​មុនៗ​ហើយ​អាកប្បកិរិយា​ដ៏​គួរឱ្យ​កោតសរសើរ​របស់​ពួកគេ​កំពុង​ទទួល​បាន​ការសរសើ​រ​នៅ​​មជ្ឈិម​បូព៌ា​។​

​វីដេអូ​បានបង្ហាញ ពួកគេ​ដើរ​រើស​សំរាម​ជា​ជួរៗ ហើយ​ដាក់​ក្នុង​ថង់ប្លាស្ទិក​។​

​វីដេអូ​នេះ​ត្រូវ​បាន​ថត​ដោយ​ជន​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម លោក អូ​ម៉ា អាល់ ហ្វា​រូក (Omar Al-Farooq) មកពី​ប្រទេស​បា​រ៉ែ​ន ដែល​បាន​ចែករំលែក​វា​នៅ​លើ Instagram ។​

​នៅក្នុង​នោះ គេ​ឮ​គាត់​សួរថា “​ហេតុអ្វី​បានជា​អ្នក​ធ្វើ​ដូច្នេះ​?”​។​

​អ្នកគាំទ្រ​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ឆ្លើយតប​ថា “​យើង​ជា​ជនជាតិ​ជប៉ុន ហើយ​ពួក​យើង​មិន​ដែល​បោះ​សំរាម​ចោល​ផ្តេសផ្តាស​ទេ ហើយ​យើង​គោរព​កន្លែង​នោះ​”​។​

​អ្នកគាំទ្រ​ជប៉ុន​ក៏បាន​រើស​យក​ទង់ជាតិ​ដែល​បាន​បោះចោល​ដោយ​អ្នកគាំទ្រ​កាតា​និង​អេក្វាឌ័រ​ផងដែរ ដោយ​និយាយថា និមិត្តសញ្ញា​ជាតិ គឺជា “​ការគោរព​ដ៏​សំខាន់​”៕

អ្នកគាំទ្រ​ជប៉ុន​កំពុង​រើស​សំ​រាន​ក្រោយ​ការប្រកួត​រវាង​កាតា​និង​អេក្វាឌ័រ​កាលពី​ថ្ងៃអាទិត្យ