ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក នៅរសៀលថ្ងៃទី២២វិច្ឆិកានេះ បានបើក សិក្ខា សាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់សង្កាត់ ខណ្ឌ សម្រាប់ អនុវត្តនៅឆ្នាំ ២០២៣ ដើម្បីស្នើសុំការគាំទ្រ គម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ។លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានលើកឡើងថា៖ ការរៀបចំសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ របស់សង្កាត់ ខណ្ឌ នៅពេលនេះ មាន គោលបំណងដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌ ,ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៣ របស់រដ្ឋបាលសង្កាត់ និងស្នើសុំការគាំទ្រ គម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូ អភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់ ។

លោក ជាង សុភ័ស្ស នាយករដ្ឋបាលខណ្ឌ ទួលគោកបានឱ្យដឹងថា គម្រោងកម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌ ដែលបានគាំទ្រ ក្នុងសិក្ខាសាលាសមាហរណកម្មក្នុងឆ្នាំ២០២១ និងដែលបានអនុវត្ត ក្នុងឆ្នាំ២០២២ ទទួលបានការគាំទ្រសរុបចំនួន ៧៦គម្រោង អនុវត្តសម្រេចបាន៧៥ គម្រោង ស្មើ៩៨,៦៨%ក្នុងនោះ ផ្នែកសេដ្ឋកិច្ច ចំនួន ១៦ គម្រោង លើ ១៦ គម្រោងផ្នែកសង្គមកិច្ច ចំនួន ៣១ គម្រោង លើ ៣១ គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ១១ គម្រោង លើ ១១ គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈចំនួន ១៧ គម្រោង លើ ១៨ គម្រោង។ ដោយឡែកសម្រាប់គម្រោងរដ្ឋបាលខណ្ឌ សម្រាប់អនុវត្តឆ្នាំ២០២៣ ដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុង សិក្ខាសាលាសមាហរណកម្មនាពេលនេះមានចំនួន ៩១ គម្រោង ក្នុងនោះ ផ្នែកសេដ្ឋកិច្ចចំនួន ២៩ គម្រោង ផ្នែកសង្គមកិច្ច ចំនួន ២៩ គម្រោង ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថាន ចំនួន ១៩ គម្រោងផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខចំនួន ១៤ គម្រោង៕សរន / N