ដោយៈសុផល/ភ្នំពេញ៖អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងសម្ព័ន្ធសាកលវិទ្យាល័យ GACHON នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២១ខែវិច្ឆិកា បានចុះអនុស្សរណៈនៃការយោគយល់ស្តីពី “ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាពនៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា”។
អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងអនុវត្តសកម្មភាពនានា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ និងជំរុញការយល់ដឹងជាបន្តបន្ទាប់ដល់អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការយល់ដឹងពី បរិយាកាសសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាហើយអនុស្សរណៈនៃការយោគយល់នេះមានសុពល ភាពរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៧។
លោកសាស្ត្រាចារ្យ Huh Eok តំណាងសម្ព័ន្ធសាកលវិទ្យាល័យ GACHON និងអង្គការ CAMSAFE នៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា៖តំបន់សាលារៀនគឺជាតំបន់ដែលគួរតែយកចិត្តទុកដាក់បំផុត ក្នុងការថែរក្សាសុវត្ថិភាពចរាចរណ៍ឱ្យបានល្អ ហើយគ្រោះថ្នាក់ចរាចរណ៍លើកុមារគឺជាអ្វីដែលត្រូវតែរួមគ្នាកាត់បន្ថយឱ្យបានច្រើនជាទីបំផុតដូច្នេះហើយការពង្រឹងសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន ជារឿងដែលមិនអាចមើលរំលងបាន ហើយការអប់រំអំពីសុវត្ថិភាពចរាចរណ៍ គួរតែចាប់ផ្តើមតាំងពីកម្រិតបឋមសិក្សាឡើងទៅ។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកស្រីបានបន្ថែមថា៖ ការចូលរួមគាំទ្រពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នឯកជននានា គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។
បន្ថែមពីលើនេះ លោកស្រី បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើគម្រោងមួយនេះ ដែលនឹងអាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកែប្រែអាកប្បកិរិយាអ្នកប្រើប្រាស់ផ្លូវ ជាពិសេសនៅតំបន់សាលារៀន ឱ្យមានភាពល្អប្រសើរឡើង ហើយគម្រោងនេះនឹងមាននិរន្តរភាព និងការអភិវឌ្ឍទៅមុខជាបន្ត បន្ទាប់ពី ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះហើយ៕