ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ នៅទីបំផុតចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីអ្នកជំនួញល្បីឈ្មោះ ពេជ្រ ស្រីមុំ ដាក់ពន្ធនាគារភ្នំពេញ (PJ) ជាបណ្តោះអាសន្ននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ករណីឆបោកលុយរាប់លានដុល្លារ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ជនត្រូវចោទដែលមានឈ្មោះ ពេជ្រ ស្រីមុំ អាយុ៣៥ឆ្នាំ ទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ចំណែកអ្នកនាំពាក្យស្ថាប័នអយ្យការ លោក ប្លង់ សុផល បានបញ្ជាក់ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ ពេជ្រ ស្រីមុំ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។ គួរបញ្ជាក់ថា ស្ត្រីអ្នកជំនួញហាយសូរម្នាក់នេះ ត្រូវគេល្បីថាខាងឆបោកមនុស្សជាច្រើននាក់ អស់ទឹកប្រាក់រាប់លានដុល្លារ ។

ស្រ្តីជាប់ចោទត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរី វរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមដីកាបញ្ជាអោយចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៤៨០ អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន ដែលការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន។

ក្រៅពីនេះ ស្រ្តីខាងលើនៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំង អាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផងដោយគេចាំបានថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនម្តងរួចមកហើយនៅចំណុចមុខអគារ Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ដដែល ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ជិត ៨សែនដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ ប៉ុន្តែដោយសារមានអ្នកមានឥទ្ធិពល និងទឹកលុយ អន្តរាគមន៍រត់ការស្រ្តីរូបនេះក៏បាននៅក្រៅឃុំ ៕