ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ដោយសារតែការតែងតាំងអភិបាលរងស្រុកសង្កែ មានភាពមិនប្រក្រតី និងមានភាពអយុត្តិធម៌ បានធ្វើលោក គង់ សុគុណ្ណា នាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ដាក់ពាក្យសុំលាលែងពីតួនាទីមុខតំណែងនាយករដ្ឋបាលសាលាស្រុកសង្កែ ។ ការលាលែងពីតំណែងនេះ ត្រូវបានលោក គង់ សុគុណ្ណា លើកហេតុផលថា ដោយសារតែមានបញ្ហាសុខភាពផ្លូវចិត្ត ទាក់ទងការតែងតាំងអភិបាលរងស្រុកសង្កែ មានភាពមិនប្រក្រតី និងទទួលរងនូវភាពអយុត្តិធម៌ចំពោះរូបលោក។

យោងតាមស្នើសុំលាឈប់ពីតួនាទីការងាររបស់លោក គង់ សុគុណ្ណា នាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង បានដាក់ពាក្យស្នើសុំលាឈប់ពីតួនាទីជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានខ្លឹមសារថា ៖ “ខ្ញុំបាទបានបំពេញការងារតួនាទីភារកិច្ចមន្ត្រីរាជការ ក្របខណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០១ រហូតបច្ចុប្បន្នក្នុងមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង។ មូលហេតុរូបខ្ញុំបាទមានបញ្ហាសុខភាពផ្លូវចិត្ត ( ករណីការតែងតាំងអភិបាលរងស្រុកសង្កែ មានភាពមិនប្រក្រតី ទទួលរងនូវភាពអយុត្តិធម៌ចំពោះរូបខ្ញុំបាទ) ដោយហេតុដូចបានគោរពជម្រាបជូនខាងលើនេះ ខ្ញុំបាទសូមគោរព ស្នើសុំលាឈប់ពីតួនាទីមុខណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ចាប់ពីពេលនេះតទៅ ។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្តី រដ្ឋមន្តី ក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងអនុញ្ញាតដ៏ខ្ពង់ខ្ពស់ដោយសេចក្ដីអនុគ្រោះបំផុត”។

ចំពោះការស្នើសុំលាឈប់ពីតួនាទីការងាររបស់លោក គង់ សុគុណ្ណា នាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង នៅមិនទាន់មានការឆ្លើយតបជាផ្លូវការពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅឡើយទេ៕សរន