ដោយ:សុផល/ភ្នំពេញ:សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ហ្កាណែស ប្រាសាដ ទីមីលស៊ីណា ប្រធានសហភាពសភានេប៉ាល់ នាល្ងាចថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅវិមានរដ្ឋសភា។

លោក ហ្កាណែស ប្រាសាដ ទីមីលស៊ីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជា ដែលបានគាំទ្រដល់រដ្ឋសភានេប៉ាល់ក្លាយជាសភាសង្កេតការណ៍នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣។ ការក្លាយជាសភាសង្កេតការណ៍នេះ មិនត្រឹមពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា និងនេប៉ាល់ប៉ុណ្ណោះទេ តែបានធ្វើឱ្យសភានេប៉ាល់មានឱកាសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសមាជិសភាដទៃរបស់អាយប៉ាផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះ លោកប្រធានរដ្ឋសភា បានស្នើសូម សម្តេចជួយជំរុញកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរអោយកាន់តែរឹងមាំឡើងពិសេសលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍។

លោកបានលើកឡើងថា កម្ពុជានិងនេប៉ាល់ បានចុះកិច្ចព្រមព្រៀងហោះត្រង់ជាមួយគ្នាកាលពីឆ្នាំ២០១៨ ហើយសង្ឃឹមថា កិច្ចព្រមព្រៀងនោះនឹងបានអនុវត្តក្នុងពេលឆាប់ៗ ដើម្បីបើកឱកាសដល់ប្រទេសទំាងពីរទទួលបានផលប្រយោជន៍ទៅវិញទៅមក ពិសេសពី វិស័យទេសចរណ៍ ដោយសារកម្ពុជា និងនេប៉ាល់មានពលរដ្ឋភាគច្រើនកាន់សាសនាព្រះពុទ្ធដូចគ្នា។

នៅក្នុងឱកាសនោះ លោកប្រធានរដ្ឋសភានេប៉ាល់ ក៏បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសនេប៉ាល់ផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កម្ពុជា-នេប៉ាល់ មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរណាស់មកហើយ ពោលគឺតាំងពីដើមទសវត្សរ៍ឆ្នាំ៦០ ក្នុងរបបសង្គមរាស្រ្តនិយម ហើយក៏បានអាក់ខាន ក្នុងអំឡុងពេលប្រទេសកម្ពុជា ធ្លាក់ក្នុងគ្រោះមហន្តរាយដោយសង្រ្គាម និងរបបប្រល័យពូជសាសន៍។ ក្រោយមកទំនាក់ទំនងការទូតនេះ បានភ្ជាប់ឡើងវិញ ក្នុងឆ្នាំ១៩៩៩ ហើយទំនាក់ទំនងនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។

សម្តេច ក៏បានអបអរសាទរចំពោះវឌ្ឍនភាព និងការអភិវឌ្ឍ រីកចម្រើនដ៏គួរឱ្យកត់សម្គាល់របស់នេប៉ាល់ ដែលបានធ្វើឱ្យសេដ្ឋកិច្ចសង្គមរីកចម្រើនជាលំដាប់ ហើយជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ សម្តេចមានមោទកភាព ដោយសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់ បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ អោយកាន់តែប្រសើរ និងរឹងមាំថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ និងការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាដើម៕សរន