ដោយ:សុផល/ភ្នំពេញ:នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា។

លោកកិត្តិសង្គហបណ្ឌិត ទេព ងន បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Konstantin Kosachev និងគណៈប្រតិភូដែលបានអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ និងគាំទ្រតួនាទីរបស់សភាកម្ពុជាជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ធ្វើឱ្យមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ បាននឹងកំពុងប្រព្រឹត្តទៅក្រោមបរិយាកាសមិត្តភាព សហប្រតិបត្តិការ និងស្មារតីស្ថាបនា។ វត្តមានរបស់គណៈប្រតិភូនាពេលនេះ ពិតជាបានរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានជាយូរលង់ហើយរវាងប្រទេស សភា និងប្រជាជនទាំងពីរ។

ក្នុងឱកាសនោះ លោក Konstantin Kosachev បានសម្តែងនូវសេចក្តីរីករាយដែលអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាអ្នកសង្កេតការណ៍នៃមហាសន្និបាតអន្តរសភាអាស៊ាន ប្រទេសរុស្ស៊ីតែងតែចូលរួមក្នុងព្រឹត្តិការណ៍នានារបស់អាយប៉ា ក្នុងនោះប្រទេសរុស្ស៊ីតែងតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងអាស៊ាន។ ជាមួយគ្នានោះ លោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យ។

លោក Konstantin Kosachev បានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ី និងប្រទេសកម្ពុជាមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរលង់ណាស់មកហើយ។ ប្រទេសរុស្ស៊ីចាត់ទុកប្រទេសកម្ពុជាជាដៃគូរប្រកបដោយទំនុកចិត្ត។ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបានអះអាងថា ប្រទេសរុស្ស៊ីត្រៀមបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកប្រទេសកម្ពុជានៅឆ្នាំ២០២៣ខាងមុខនេះ។

លោក Konstantin Kosachev បានស្នើដល់រដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀតដល់ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស។ ក្រៅពីនេះ ប្រទេសទាំងពីរគួរតែអនុវត្តឱ្យកាន់តែស៊ីជម្រៅក្នុងក្របខណ្ឌគណៈកម្មការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិជ្ជាជីវៈ និងបច្ចេកទេស។ ក្នុងនោះ សូមឱ្យក្រុមការងារជាន់ខ្ពស់លើគម្រោងវិនិយោគអាទិភាព ចាប់ផ្តើមការងារឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក Konstantin Kosachev បានស្នើសុំឱ្យក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ក្នុងនោះ ក្រុមមិត្តភាពនៃប្រទេសទាំងពីរ អាចរៀបចំឱ្យមានកិច្ចប្រជុំរវាងប្រធានសភានៃប្រទេសទាំងពីរ ទាំងនៅប្រទេសរុស្ស៊ី និងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកបានស្នើបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតរវាងអាយប៉ា ជាមួយនឹងសភានៃបណ្តារដ្ឋចំនួន៩រដ្ឋដែលជាអតីតសហភាពសូវៀត។

ក្នុងនាមរាជរដ្ឋាភិបាល សភា និងប្រជាជនកម្ពុជា ព្រមទាំងខ្លួនឯកឧត្តមផ្ទាល់ លោកកិត្តិសង្គហ បណ្ឌិត ទេព ងន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអតីតសហភាពសូវៀតដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យ​ ក្នុងកាលៈទេសៈលំបាកបន្ទាប់ពីកម្ពុជារំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងត្រូវហ៊ុមព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ច។

លោកកិត្តិសង្គហបណ្ឌិត ទេព ងន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាដែលមាននិស្សិតជាង៨ពាន់នាក់ បានរៀននៅសហភាពសូវៀត។ បច្ចុប្បន្ននេះ និស្សិតទាំងនោះបាននឹងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋមួយចំនួន និងមានអតីតនិស្សិតមួយចំនួន កំពុងកាន់មុខដំណែងសំខាន់ៗ នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្នរុស្ស៊ីបន្តយកចិត្តទុកដាក់ ជួយផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណចំពោះសភាសហព័ន្ធរុស្ស៊ីដែលបានជួយបណ្តុះបណ្តាលមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ផ្នែកព័ត៌មានវិទ្យា និងផ្នែកទំនាក់ទំនងអន្តរជាតិ។

លោកកិត្តិសង្គហបណ្ឌិត ទេព ងន បានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាសូមគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវកិច្ចព្រមព្រៀង អនុស្សរណៈយោគយល់ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានសម្រេចរួមគ្នានាពេលកន្លងទៅ ដែលឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

លោកកិត្តិសង្គហបណ្ឌិត ទេព ងន បានកត់សម្គាល់ឃើញថា នាពេលបច្ចុប្បន្ននេះ ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង និងសកម្មក្នុងកិច្ចសហប្រតិបត្តិការ ពហុភាគីនិយម ដើម្បីរួមចំណែកដោះស្រាយបញ្ហាវិវត្តប្រែប្រួលស្មុគស្មាញដ៏ឆាប់រហ័ស និងគ្រោះថ្នាក់ ពិបាកប៉ាន់ស្មាននៃការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ ដែលបង្កឱ្យមានសង្គ្រាមនៅតាមតំបន់នានា អសន្តិសុខ វិបត្តិស្បៀង ថាមពល និងបញ្ហាបរិស្ថាន។ សកម្មភាពឆ្លើយតបត្រូវធ្វើរួមគ្នាដោយបុរេសកម្ម និងជាក់ស្តែង ដោយស្មារតីគោរពផលប្រយោជន៍ អធិបតេយ្យភាព ឯករាជ្យភាពទៅវិញទៅមក និងគោរពនូវគុណតម្លៃច្បាប់អន្តរជាតិ ឈានទៅកសាងតំបន់និង ពិភពលោក ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍយូរអង្វែងសម្រាប់កូនចៅយើងជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។

ចំពោះបញ្ហានៅអ៊ុយក្រែន លោកកិត្តិសង្គហបណ្ឌិត ទេព ងន បានគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ដល់ការចរចា និងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី ពីព្រោះសង្គ្រាមពុំមែនជាដំណោះស្រាយនៃវិបត្តិទេ ។ កម្ពុជាបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាមជាបន្តបន្ទាប់ចាប់តាំងពីចុងទសវត្សរ៍៦០ ហើយបានប្រយុទ្ធគ្នាអស់ជាច្រើនឆ្នាំ ប៉ុន្តែមិនអាចរកឃើញជ័យជម្នះ និងសន្តិភាពជាស្ថាពរបានទេ។

លោកកិត្តិសង្គហបណ្ឌិត ទេព ងន បានប្រសិទ្ធពរជូនគណៈប្រតិភូ សូមមានសុខភាពល្អ និងទទួលបាននូវជោគជ័យក្នុងដំណើរបេសកកម្មដ៏ឧត្តុង្គឧត្តមនៅព្រះរាជាណាចក្រកម្ពុជា៕សរន