ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ​នៃ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំ​គណៈប្រតិភូ​ធ្វើដំណើរទៅកោះDjerbaប្រទេសទុយនីស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់​កូហ្វូនី​លើកទី១៨ ពីថ្ងៃ​ទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២២ ក្រោមប្រធានបទ “ការតភ្ជាប់នៅក្នុង​ពិពិធភាព៖ វិស័យ​ឌីជីថលជាចលករនៃការអភិវឌ្ឍ និងសាមគ្គីភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី”។


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិអន្តរជាតិនៅថ្ងៃទី២២ខែវិច្ឆិកាបានបញ្ជាក់ថា កិច្ចប្រជុំកំពូល​នេះ​ បានប្រព្រឹត្តទៅក្រោម​អធិបតីភាព​​របស់លោក Kaïs SAÏED ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ទុយនីស៊ី និងលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)ដោយមានការចូលរួមពីថ្នាក់ដឹកនាំ កំពូលៗ ជាប្រមុខរដ្ឋនិងរដ្ឋាភិបាល​ជាច្រើន​រូប (ក្នុងនោះ មានប្រធានាធិបតីសាធារណរដ្ឋបារាំង នាយករដ្ឋមន្រ្តីកាណាដា នាយករដ្ឋមន្រ្តី​កេបិក ប្រធានាធិបតី​នីហ្សេ ប្រធានាធិបតីរវ៉ាន់ដា…) រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីទទួលបន្ទុក​ហ្វ្រង់កូហ្វូន និងឯកអគ្គរដ្ឋ/​រាជទូត មកពី ៨៨ ​ប្រទេសសមាជិក (សមាជិក​ពេញសិទ្ធិ ៥៤ សមាជិកមិនពេញសិទ្ធិ ៧ និង​សមាជិក​សង្កេតកាណ៍ ២៧) នៃអង្គការ​ OIF ព្រមទាំងតួអង្គនៃ​ធម្មនុញ្ញ​ហ្វ្រង់កូហ្វូនី និង​តំណាង​អង្គការ​អន្តរជាតិ និងតំបន់ជាច្រើនរូប។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះប្រមុខរដ្ឋនិងរដ្ឋាភិបាល និងតំណាង បានផ្លាស់ប្តូរ​យោបល់គ្នាទៅលើប្រធានបទ “ឌីជីថល គឺជាឧបករណ៍អាទិភាពរបស់ហ្វ្រង់កូហ្វូនី” និង “ស្ត្រី និងយុវជន ជាគោលដៅអាទិភាពរបស់​ហ្វ្រង់កូហ្វូនី”។

កិច្ចពិភាក្សាតុមុខនេះបានផ្តោតសំខាន់ទៅ​លើបញ្ហាប្រឈមរបស់តំបន់ហ្វ្រង់កូហ្វូន ដើម្បីស្វែងរកដំណោះស្រាយ និងស្នើឡើងនូវវិធានការ​សំដៅ​​លើកកម្ពស់កិច្ចសហប្រតិបត្តិសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក ការប្រើប្រាស់ភាសា​បារាំង ការ​បង្កើតការងារ​សម្រាប់យុវជន ការពង្រឹងតួនាទីរបស់ស្រ្តី ការប្រើប្រាស់ឌីជីថល និងការ​ពង្រឹង​សមាហរណកម្ម សេដ្ឋកិច្ចនៅក្នុងតំបន់ហ្វ្រង់កូហ្វូន។

ប្រមុខរដ្ឋ និង​រដ្ឋាភិបាល បានសម្រេចអនុម័តនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នូវឯកសារ​សំខាន់ៗ៖ ១) សេចក្តីថ្លែងការណ៍ Djerba ,២) ​សេចក្តីសម្រេច​ស្តីពី​ស្ថានភាពវិបត្តិ ការចាកចេញ​ពីវិបត្តិ និងការពង្រឹង​សន្តិភាពក្នុងតំបន់ហ្វ្រង់កូហ្វូន ,៣) សេចក្តីប្រកាសស្តីពីភាសាបារាំងក្នុងភាព​ចម្រុះ​នៃ​ភាសានៅក្នុងហ្វ្រង់កូហ្វូនី ,៤) ក្របខណ្ឌយុទ្ធសាស្រ្តហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣-២០៣០ និង ៥) វិធាន​ស្តីពីនីតិវិធីនៃការចូលជាសមាជិក ឬការកែតម្រូវសមាជិកភាពនៃរដ្ឋឬ​រដ្ឋាភិបាលនៅ​អង្គការ OIF។

​អ្នកចូលរួមទាំងអស់បានសាទរចំពោះលទ្ធផលសំខាន់ៗនៃការងារដែលលោកជំទាវ Louise MUSHIKIWABO សម្រេចបាន ក្នុងអាណត្តិ ៤ ឆ្នាំកន្លងទៅនេះ ជាអាទិ៍ ការធ្វើកំណែទម្រង់ និង​ទំនើបកម្មអង្គការ OIF តាមរយៈការ​ធ្វើ​សកម្មភាពចម្បងៗ ដូចជា ការកាត់បន្ថយការអនុវត្ត​កម្មវិធី​របស់អង្គការ OIF ការ​ពង្រឹងវត្តមាន និង​ឥទ្ធិពលរបស់អង្គការ OIF នៅលើឆាកអន្តរជាតិ និងការ​កែសម្រួល​រចនាសម្ព័ន្ធ​របស់អង្គការ OIF ដើម្បីប្រែក្លាយទៅជាអង្គការកាន់តែ​មានប្រសិទ្ធភាព និង​វិជ្ជាជីវៈ។
អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ផងដែរទៅលើគោលបំណងសំខាន់ៗចំនួន ៣ ដែលលោកជំទាវ Louise MUSHIKIWABO នឹងអនុវត្ត នាពេលអនាគត៖ (១) ការធ្វើ​សកម្មភាព​​ដើម្បីយុវជន និងស្រ្តី (២) ការពង្រឹង​ឥទ្ធិពល​របស់​អង្គការ OIF នៅលើឆាកអន្តរជាតិ និង ​(៣) ការ​លើក​តម្កើង​ភាពទាក់ទាញ​នៃ​តំបន់​ហ្វ្រង់កូហ្វូន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងវប្បធម៌។
​លើសពីនេះទៀត ប្រមុខរដ្ឋនិងរដ្ឋាភិបាលបានសម្តែងការគាំទ្រ ​​និងបោះឆ្នោតជ្រើសរើស​លោកជំទាវ Louise MUSHIKIWABO ក្នុងតំណែងជា​អគ្គលេខាធិការ​អង្គការ OIF សម្រាប់​អាណត្តិ​លើកទី២ ឆ្នាំ២០២៣-២០២៦។


​ឆ្លើយតបទៅនឹងសំណើរបស់ប្រធានាធិបតីសាធារណរដ្ឋបារាំង ប្រមុខរដ្ឋនិងរដ្ឋាភិបាល​បាន​សម្រចឱ្យប្រទេសបារាំង ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនីលើកទី ១៩ នៅ​ឆ្នាំ២០២៤។

ប្រភពដដែលបន្តថា ​ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ នេះលោករដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ បានជួបជាមួយថ្នាក់ដឹកនាំកំពូលៗ ដូចជា ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង​នាយករដ្ឋមន្រ្តីកាណាដា ដែលបានផ្តាំផ្ញើនូវការសួរសុខទុក្ខជូន សម្តេចតេជោនាយករដ្ឋមន្រ្តី និង​ជូនពរ សម្តេច សូមឱ្យឆាប់ជាសះស្បើយពីកូវីដ-១៩។ លើសពីនេះទៀត ឯកឧត្តម​រដ្ឋមន្រ្តី​ប្រតិភូ បានឆ្លៀតជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Traian HRISTEA រដ្ឋលេខាធិការក្រសួង​ការបរទេសរូម៉ានី ទទួលបន្ទុកកិច្ចការសកល និងយុទ្ធសាស្រ្តការទូត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ភាគីទាំងពីរ​បានសម្តែងនូវសេចក្តី​រីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបាន​​ពិភាក្សា​ទៅលើ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងទៅលើ​ប្រធានបទទាក់ទងនឹងបញ្ហា​ប្រឈមបច្ចុប្បន្ននៅ​ក្នុង​ពិភពលោក។

​ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី​ការបរទេស និងសហប្រតិបត្តិអន្តរជាតិ លោករដ្ឋលេខាធិការ ឈីវ យីស៊ាង បានចូលរួម​ក្នុង​កិច្ចប្រជុំលើកទី៤៣ នៃសន្និសីទថ្នាក់រដ្ឋមន្រ្តី​ហ្វ្រង់កូហ្វូនី (CMF) ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលនៅថ្ងៃទី១៩-២០។ កិច្ចប្រជុំ CMF បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នានៅលើប្រធានបទនៃកិច្ចប្រជុំកំពូលទាក់ទងនឹងឌីជីថល កិច្ច-​សហ​ប្រតិបត្តិការពហុភាគី និងកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុរបស់អង្គការ OIF ព្រមទាំង​សកម្មភាព​​នានាដែលបានអនុវត្តទាក់ទងនឹងការលើកតម្កើងភាសាបារាំង។ អង្គប្រជុំក៏បាន​ពិនិត្យ និងអនុម័ត​ផងដែរ​ទៅលើឯកសារទាំង ៥ ខាងលើ មុននឹងដាក់ជូនប្រមុខរដ្ឋនិងរដ្ឋាភិបាលអនុម័តនៅក្នុងកិច្ច​ប្រជុំ​កំពូល។ កិច្ចប្រជុំ CMF បានសម្រេចជាឯកច្ឆន្ទឱ្យប្រទេសកាមេរូនធ្វើជាម្ចាស់ផ្ទះទទួលរៀបចំ​កិច្ចប្រជុំ CMF លើកទី៤៤ នៅឆ្នាំ២០២៣។

​ឆ្លៀតឱកាសនៃកិច្ចប្រជុំ CMF លើកទី៤៣ និងកិច្ចប្រជុំកំពូលនេះលោក ឈីវ យីស៊ាង បានជួបពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី ជាមួយរដ្ឋមន្រ្តីក្រសួងបរទេសអង់ដរ ទុយនីស៊ី កាណាដា និងកាមេរូន ព្រមទាំងតំណាងប្រទេសមួយចំនួនទៀត ដូចជា ឯកអគ្គរាជទូត​ម៉ូណាកូ ឯកអគ្គរដ្ឋទូតអេស្តូនី និងឯកអគ្គរដ្ឋទូតលុចសំប៊ួរ៕សរន