ដោយ៖តារារិទ្ធ(សៀមរាប)នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២២សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ាននឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកមួយចំនួនទៀតនៅសណ្ឋា គារសុខាខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកជាផ្លូវការដែល គូសរំលេចពីបញ្ហាសន្តិសុខនៅក្នុងតំបន់ និងពិភពលោកក៏ដូចជាបញ្ហាប្រឈមមួយចំនួនទៀត។

គួរបញ្ជាក់ជូនថាកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបានចាប់ផ្តើមនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការពារជាតិកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ នូវកិច្ចប្រជុំសំខាន់ៗមួយចំនួនរួមមាន៖កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត(ADMM Retreat),កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអា ស៊ានបូកលើកទី៩ (9th ADMM Plus),កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋ អាមេរិក ។សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសមិនមែនសមាជិកអាស៊ានចំនួន៨ផ្សេងទៀតរួមមាន៖ សហរដ្ឋអាមេរិក, ចិន, រុស្សី, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូង, នូវែលស៉ីឡង់និងអូស្ត្រាលី។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនង អន្តរជាតិនៃក្រសួងការពារជាតិបានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនឹងស្តាប់របាយការណ៍នៃការអភិវឌ្ឍន៍ថ្មីៗនៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈស្តីពី «បរិយាកាសសន្តិសុខតំបន់និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការ ពារជាតិក្នុងតំបន់»។

នៅក្នុងពិធីបិទបញ្ចប់នៃកិច្ចប្រជុំខាងលើសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធជូន លោក ប្រាបូវ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌូណេស៊ីដែលជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៣ ផងដែរ៕