ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួប​សម្តែង​ការគួរសម​ជាមួយ លោក រចនា ស៊ី​ង (Rajnath Singh) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ឥណ្ឌា កាលពី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក (ADMM Plus) លើក​ទី​៩ នៅ​ខេត្តសៀមរាប​។​

​ថ្លែង​ក្នុង​កិច្ច​ជំនួប​នេះ​លោក រចនា ស៊ី​ង បាន​លើកទ្បើង​អំពី​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ កម្ពុជា​-​ឥណ្ឌា តាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន ហើយ​បន្ត​ទៅមុខទៀត ទំនាក់ទំនង​ដ៏​ល្អ​ជិតស្និទ្ធ​នេះ ក៏​នឹង​ត្រូវបាន​បន្ត​ពង្រឹង និង​ពង្រីក​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រទេស និង​ប្រជាជន​ទាំងពីរ​។ លើសពីនេះ លោក រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​បេក្ខភាព​របស់ លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ពេលអនាគត​។​

​ជាការ​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ឥណ្ឌា ដែល​បាន​គាំទ្រ​ដល់​កម្ពុជា​ក្នុង​កាលៈទេសៈ​លំបាក​ចាប់តាំងពី​ក្រោយ​សម័យរ​បប​ប៉ុលពត និង​ដំណាក់កាល​ស្វែងរក​សន្តិភាព​រហូត​ក្លាយជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​បាន​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​មក​កម្ពុជា​ផងដែរ​។

​នៅលើ​មូលដ្ឋាន​នៃ​ទំនាក់ទំនង​ល្អជា​ប្រវត្តិសាស្ត្រ​នេះ លោក រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា និង លោក​មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា ក៏បាន​វាយតម្លៃ​ខ្ពស់​អំពី​ភាពចាំបាច់​នៃ​ការពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង​លើ​គ្រប់​វិស័យ ជាពិសេស​ចំណងមិត្តភាព​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ ដោយ​ត្រូវ​បន្ត​ថែរក្សា​ឱ្យបាន​ស្ថិតស្ថេរ​យូរអង្វែង​តទៅ​៕​