​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តួ​ក​គី​បាន​វាយប្រហារ​លើ​គោលដៅ​ជាច្រើន​នៅក្នុង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​អង្គារ​ទី​២២​វិច្ឆិកា បន្ទាប់​ពី​ប្រធានាធិបតី រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន (Recep Tayyip Erdogan) បាន​ចេញ​ការ​គំរាម​ថ្មី​ដើម្បី​បើក​ប្រតិបត្តិការ​ជើងគោក “​ក្នុងពេល​ឆាប់ៗ​នេះ​”​ប្រឆាំង​នឹង​ពួក​យុទ្ធជន​ឃឺ​ដ​បើទោះបីជា​មាន​ការអំពាវនាវ​ឱ្យ​បន្ថយ​ភាព​តានតឹង​ពី​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​​តោន​និង​ក្រុង​មូ​ស្គូ​ក៏ដោយ​។​

​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បានចាប់ផ្តើម​ការវាយប្រហា​រ​តាម​អាកាស​ជា​បន្តបន្ទាប់​នៅក្នុង​ប្រតិបត្តិការ​ក្រញាំ​ដាវ (Claw-Sword) កាលពី​ថ្ងៃ​អាទិត្យ​ដោយ​វាយលុក​ទៅលើ​គោលដៅ​ជនជាតិ​ឃឺ​ដរាប់​សិប​​កន្លែង​នៅ​ទូ​ទាំង​អ៊ីរ៉ាក់​និង​ស៊ី​រី ហើយ​បាន​ប្រកាសថា យោធា​របស់​ខ្លួន​ជា​ថ្មី​ម្តងទៀត “​ផ្តោត​គោលដៅ​កំពូល​លើ​ពួក​ភេរ​វករ​”​។​

​ការវាយប្រហារ​តាម​អាកាស​បាន​ធ្វើឡើង​បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃអាទិត្យ​ដែល​បាន​សម្លាប់​មនុស្ស​ប្រាំមួយ​នាក់​និង​របួស​៨១​នាក់​។​

​តួ​ក​គី​បាន​ស្តីបន្ទោស​ការវាយប្រហារ​នេះ​ទៅលើ​គណបក្ស​ពលករ​ឃឺ​ដ (PKK)​ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជីខ្មៅ​ថា​ជា​ក្រុម​ភេរវកម្ម​ដោយ​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាម៉េរិក​។​

​មេដឹកនាំ​តួ​ក​គី​បាន​គំរាម​បើក​ប្រតិបត្តិការ​យោធា​ថ្មី​ចូលទៅ​ក្នុង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ចាប់តាំងពី​ខែ​ឧសភា ហើយ​បាន​បង្កើន​ការគំរាមកំហែង​ទាំងនោះ​បន្ទាប់​ពី​ការវាយប្រហារ​ក្នុង​ខែ​នេះ​។​

​លោក​អឺ​ដូ​ហ្គាន​បាន​ប្រាប់​ពិធី​មួយ​នៅក្នុង​ខេត្ត​អាត​វីន (Artvin)​នៅជាប់​សមុទ្រ​ខ្មៅ​ថា “​យើង​បាន​ផ្តោត​គោលដៅ​កំពូល​លើ​ពួក​ភេរ​វករ​អស់​រយៈពេល​ពីរ​បី​ថ្ងៃ​ជាមួយនឹង​យន្តហោះ កា​ណុង និង​ដ្រូ​ន​របស់​យើង​”​។​

“​តាម​បំណង​របស់​ព្រះ យើង​នឹង​កម្ចាត់​ពួក​វា​ទាំងអស់​ក្នុងពេល​ឆាប់ៗ​នេះ​ជាមួយនឹង​រថក្រោះ កាំភ្លើង​ធំ និង​ទាហាន​របស់​យើង​”​។​

​បក្ស PKK ដែល​បាន​ធ្វើ​ចលនា​បះបោរ​ប្រឆាំង​នឹង​រដ្ឋ​តួ​ក​គី​តាំងពី​ឆ្នាំ ១៩៨៤ បាន​បដិសេធ​តួនាទី​ណាមួយ​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃទី ១៣ ខែវិច្ឆិកា​ដែល​ជា​ការសម្លាប់​រង្គាល​សាហាវ​បំផុត​​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ បន្ទាប់​ពី​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​តួ​ក​គី​រវាង​ឆ្នាំ ២០១៥ និង ២០១៧៕

​ប្រធានាធិបតី​តួ​ក​គី​លោក​អឺ​ដូ​ហ្គាន​គំរាម​បើក​ប្រតិបត្តិកា​រ​ជើងគោក​ចូល​ភាគ​ខាងជើង​ស៊ី​រី​តាំងពី​ខែ​ឧសភា