​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ នៅលើ​នាវាចម្បាំង​ធំ​បំផុត​របស់​ហ្វីលីពីន​ដែល​ល្បាត​ក្នុង​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង អនុ​ប្រធានាធិបតី​អាម៉េរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស កាលពី​ថ្ងៃ​អង្គារ​បាន​​ប្រកាស​ថា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​លៃ​ទុក​ប្រាក់​ចំនួន​៧,៥​លាន​ដុល្លារ​ដើម្បី​ជំរុញ​សមត្ថភាព​ល្បាត​របស់​បណ្តា​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​សមុទ្រ​ហ្វីលីពីន​។​

​លោកស្រី​ហារី​ស បាន​និយាយថា​ប្រាក់​នេះ​នឹង​ជួយ​ហ្វីលីពីន​អោយមាន​សមត្ថភាព​កាន់តែ​ប្រសើរ​ឡើង​ប្រឆាំង​នឹង​ការនេសាទ​ខុសច្បាប់ ក៏ដូចជា​ពង្រឹង​ប្រព័ន្ធ​តាមដាន​និង​ធ្វើអោយ​ប្រសើរឡើង​គ្រឿង​​បរិក្ខា​ប្រើ​ក្នុងការ​ល្បាត​ក្នុង​ដែនទឹក ​រួមមាន​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​

​កាលពី​ថ្ងៃ​អង្គារ លោកស្រី​បាន​ក្លាយ​ជា​មន្ត្រី​អាម៉េរិក​លើកដំបូង​ដែល​បាន​ឈាន​ជើង​ជាន់​ទីក្រុង ព័រ​តូ ព្រីន​សេ​សា​( Puerto Princesa)​នៅក្នុង​ខេត្ត​ដែន​កោះ​ប៉ា​ឡា​វ៉ាន​(Palawan)​នៅ​ហ្វីលីពីន​​ខាងលិច ដែល​ជា​ទីតាំង​ឈរជើង​រឹងមាំ​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​នៅ​លើ​នាវា​ប៊ី​អរភី ថេរី​សា មែរ​ប៊ែន​ន័​រ​(BRP Teresa Magbanua)​លោកស្រី​ហារី​ស​បាន​បញ្ជាក់​អះអាង​ឡើងវិញ​ការគាំទ្រ​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​ជ័យជម្នះ​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ា​​នី​ល​នៅ​តុលាការ​អន្តរជាតិ​ស្តីពី​ដែន​អធិបតេយ្យភាពរ​បស់​ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាន់​លើ​ការអះអាង​របស់​ចិន​។​ចិន​មិនបាន​ចូលរួម​បណ្តឹង​នេះ​ទេនិង​ក៏បាន​ច្រាន​ចោល​ការសំរេច​របស់​តុលាការ​​ដោយ​បន្តសកម្មភាព​ស្ថាបនា​កោះ​សិប្បនិម្មិត​និង​ការនេសាទ​នៅក្នុង​អ្វី​ដែល​ហ្វីលីពីន​ហោះ​ថា​«​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​»​របស់ខ្លួន​។​

​ដោយ​មិន​បាន​និយាយ​ចំឈ្មោះ​ចិន លោកស្រី​ហារី​ស បាន​និយាយថា អាម៉េរិក​ឈរ​នៅ​ជាមួយ​ហ្វីលីពីន នៅក្នុង​ការ​ប្រឈម​នឹង​ការ​សម្លុត​គំរាម​នៅ​សមុទ្រ​ចិន​ខាងត្បូង

​មុន​នេះ​ពេល​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី ម៉ាកូ​ស លោកស្រី​បាន​បញ្ជាក់​អះអាង​ឡើងវិញ​អំពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ការការពារ​ហ្វីលីពីន​ក្នុងករណី​ដែល​មាន​​ការវាយប្រហារ​ប្រដាប់​អាវុធ​ណា​មួយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ។​

​ក្នុងជំនួប​ជាមួយ ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ កាលពី​ថ្ងៃ​ចន្ទ លោកស្រី​បាន​ពណ៌នា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ថា​«​ចាស់វស្សា​និង​ថិ​ត​ថេរ​»​មួយ​ហើយ​បាន​សន្យាថា សហរដ្ឋ​អាម៉េរិក​នឹងឈរនៅ​ជាមួយ​រដ្ឋា​​ភិបាល​ទី​ក្រុងម៉ានីល​ក្នុង​«​ការការពារ​ក្បួនច្បាប់​និង​បទដ្ឋាន​អន្តរជាតិពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​»​។​

«​ការវាយប្រហារ​ប្រដាប់​អាវុធ​ណា​មួយ​លើ​កងកម្លាំង​ហ្វីលីពីន នាវា​ឬ​យន្តហោះ​ហ្វីលីពីន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង នឹង​នាំអោយ​អាម៉េរិក​អនុវត្ត​សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញទៅមក និង​នេះ​ជា​ការប្តេ​​ជ្ញា​ចិត្ត​ឥត​ប្រែ​ប្រួល​របស់​អាម៉េរិក​ចំពោះ​ហ្វីលីពីន​»៕