ដោយៈយោធិន/ភ្នំពេញ៖ កាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីននិងគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាននិងតំបន់សម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(អ.ស.ប)ក្រោមវត្តមាននាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ។

នេះគឺជាលើកទី៥សម្រាប់ពិធីបើកវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីននិងគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាននិងតំបន់សម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អ.ស.បក្រោមការគាំទ្រពីសាធារណរដ្ឋបារាំងនិងកិច្ចសហប្រតិបត្តិការពីប្រទេសអូស្ត្តាលីបន្ទាប់ពីត្រូវខកខានអស់រយៈពេលពីរឆ្នាំ២០២០-២០២១ ដោយរោគរាតត្បាតកូវីដ-១៩។

កម្ពុជានឹងដកស្រង់មេរៀនបទពិសោធន៍ថ្មីៗព្រមទាំងការធ្វើនវានុវត្តលើចំណេះជំនាញថែមទៀតពីការពិភាក្សាស៊ីជម្រៅក្នុងវគ្គហ្វឹកហ្វឺននេះ ដើម្បីបង្កើនសមត្ថភាពនិងប្រសិទ្ធភាពការងាររបស់ខ្លួនថែមទៀត ក្នុងប្រទេសសាម៉ី និងក្នុងប្រតិបត្តិការរក្សាសន្តិភាពសម្រាប់អនាគត។ នេះបើតាមការលើកឡើងរបស់នាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ។

ប្រមុខកងយោធាមួកខៀវកម្ពុជាក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋបារាំងដែលបានផ្តល់កិច្ចគាំទ្រហិរញ្ញវត្ថុមួយផ្នែក និងរដ្ឋាភិបាលអូស្ត្រាលីដែលបានបញ្ជូនយោធាចារ្យមកចូលរួមហ្វឹកហ្វឺនឱ្យដល់សិក្ខាកាមវគ្គខាងលើនេះផងដែរ។

ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ឱ្យដឹងថា វគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីននិងគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាននិងតំបន់សម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងដំណើរការប្រព្រឹត្តិទៅរយៈពេលបីសប្តាហ៍ដោយមានសិក្ខាកាមមកពីបណ្តាបរទេសប្រទេសចាសមាជិកអាស៊ាន និងក្នុងតំបន់ចំនួន៣១រូប រួមមានៈ ឥណ្ឌូនេស៊ីបីនាក់ ,ថៃពីរនាក់ ,ហ្វីលីពីនពីរនាក់ ,នេប៉ាល់ពីរនាក់ ,ឡាវពីរនាក់, ម៉ុងហ្គោលីពីរនាក់, ម៉ាឡេស៊ីមួយនាក់, វៀតណាមមួយនាក់ ,បង់ក្លាដេសមួយនាក់ និងសិក្ខាកាមកម្ពុជាចំនួន១៥ ។ ក្នុងចំណោមសិក្ខាកាមជាតិ និង អន្តរជាតិទាំង៣១នាក់ក៏មាននារីចំនួនប្រាំមួយនាក់ ក្រោមការបង្វឹកពីសំណាក់យោធាចារ្យបារាំងចំនួនពីររូប អូស្ត្រាលីមួយរូប និងយោធាចារ្យកម្ពុជាចំនួនប្រាំពីររូប៕សរន / N