​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ សម្រាប់វើ​លខាប់​ថ្ងៃ​ពុធ​នេះ​គឺ​មាន​បួន​គូ​ដូច​សព្វមួយដង ដែល​ក្នុងនោះ​ក្រូ​អាស៊ី ដែល​បង្ក​ព្យុះភ្លៀង​នៅវើ​លខាប់​២០១៨ រំពឹង​បើកឆាក​ឈ្នះ​លើ​ម៉ារ៉ុក​មក​ពី​អាហ្វ្រិក ​ចំណែក​សាំ​ម៉ូ​រ៉ៃ​ជប៉ុន​ក៏​នឹង​មិន​ឱ្យ​អាល្លឺម៉ង់​យកឈ្នះ​ងាយៗ​នោះដែរ ស្របពេល​ដែល​អេ​ស្ប៉ាញ​និង​បែលហ្ស៊ិក​មានលទ្ធភាព​ឈ្នះ​លើកូ​ស្តារី​កានិង​កាណាដា តែ​ក៏​មិន​ប្រាកដ​នោះដែរ ព្រោះ​បាល់​មូល​។​

– ម៉ារ៉ុក vs ក្រូ​អាស៊ី (​ពូ​ល F)

* ម៉ារ៉ុក​បានចាញ់​៧​ប្រកួត​ក្នុងចំណោម​ការប្រកួត​វើល​ខា​ប់​១០​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Modric បាន​បង្កើន​អត្រា​ស៊ុត​បញ្ចូល​ទី​របស់​គាត់​សម្រាប់ក្រូ​អាស៊ី ហើយ​គាត់​បាន​ស៊ុត​បំប៉ោង​សំណាញ់​ក្នុង​៣​ប្រកួត​នៃ​៦​ប្រកួត​ចុងក្រោយ​របស់​គាត់​។​
* ក្រូ​អាស៊ី​បាន​ឈ្នះ​រាល់​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួកគេ​។​

​ក្រូ​អាស៊ី​បាន​ចាញ់​៣​លើក​ក្នុងចំណោម​ការប្រកួត​បើកឆាក​វើល​ខាប់​៥​លើក​មុន​របស់​ពួកគេ ប៉ុន្តែ​នៅពេលដែល​ពួកគេ​គេចផុត​ពី​បរាជ័យ​ក្នុង​ការប្រកួត​ដំបូង​របស់​ពួកគេ ពួកគេ​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ពួកគេ​អាច​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៨ ដោយ​មាន​កីឡាករ​ជំនាន់​នោះ​ជាច្រើន​ត្រឡប់មកវិញ​សម្រាប់វើ​លខាប់​ឆ្នាំនេះ​។​

​ក្រូ​អាស៊ី​គួរតែ​មាន​សំណាង​ថ្ងៃនេះ​ព្រោះ​ពួកគេ​ប្រឈម​មុខ​នឹង​ក្រុម​ដែល​អាច​យកឈ្នះ​បាន​។ ពួកគេ​ជួប​ក្រុម​ម៉ារ៉ុក ដែល​ឈ្នះ​តែ​ម្តង​គត់​ក្នុង​ចំណោម​ការប្រកួត​វើល​ខា​ប់​១០​លើក​ចុងក្រោយ​របស់​ពួកគេ ដោយ​ចាញ់ ៧ ដង​។ ក្រុម​មក​ពី​អាហ្វ្រិក​នេះ​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​តែ​ម្តង​គត់ ដោយ​ចាញ់ ៩ ដង​ក្នុង​ចំណោម ១៦ ប្រកួត​សរុប​ក្នុងវើ​លខាប់​។​

Luka Modric បានឈ្នះ​ពាន​កីឡាករ​ឆ្នើម​ក្នុង​ការប្រកួត​វើល​ខាប់​ឆ្នាំ​២០១៨ ហើយ​គាត់​នៅតែ​ជា​កីឡាករ​ឆ្នើម​របស់​ក្រូ​អាស៊ី​។ កីឡាក​រវ័យ ៣៧ ឆ្នាំ​រូប​នេះ​មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការថយចុះ​នោះ​ទេ​ពេល Real Madrid ឈ្នះ Champions League នៅ​ដើមឆ្នាំ​នេះ ខណៈ​គាត់​បាន​បន្ថែម​ការគំរាមកំហែង​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ផងដែរ​។​

​សម្រាប់​អាជីព​អន្តរជាតិ​ភាគច្រើន​របស់​គាត់ Modric ស៊ុត​បញ្ចូល​ទី​បាន​ត្រឹមតែ​ជាង​មួយ​គ្រាប់​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ​។ គាត់​បាន​ស៊ុត​បញ្ចូល​ទី ១៦ គ្រាប់​សម្រាប់​ប្រទេស​របស់​គាត់​នៅ​ចន្លោះ​ឆ្នាំ ២០០៦ និង ២០១៩​។ ទោះយ៉ាងណា គាត់​បាន​ស៊ុត ៧ គ្រាប់​ចាប់តាំងពី​ខែ​មីនា​ឆ្នាំ​មុន​។ ខ្សែបម្រើ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ក្នុងចំណោម ៦ ប្រកួត​ចុងក្រោយ​របស់​គាត់​សម្រាប់ Real ហើយ​ប្រទេស​របស់​គាត់​នឹង​ពឹងផ្អែក​លើ​លទ្ធភាព​ស៊ុត​បញ្ចូល​ទី​របស់​គាត់​សាជាថ្មី ដូច្នេះ Modric ពិតជា​អាច​មាន​សមត្ថភាព​ស៊ុត​ចូល​ទី​របស់​ម៉ារ៉ុក​។​

​ក្រូ​អាស៊ីមិន​គ្រាន់តែ​មានប្រៀ​ប​ឈ្នះ​ខ្ពស់​នៅថ្ងៃនេះ​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ​ទៀតផង​មុន​នឹង​មកដល់​កាតា​។ ពួកគេ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​៦​ប្រកួត ដោយ​ឈ្នះ​រាល់​ការប្រកួត ៥ លើក​ចុងក្រោយ​របស់​ពួកគេ ដោយ​ថែម​ទាំង​នាំមុខ​លើ​កំពូល​តារាង​ក្នុង​ពូ​ល​នៃ Nations League ដែល​មាន​បារាំង​ក្នុងនោះដែរ​។​

​ក្រូ​អាស៊ី​អាច​ឈ្នះ​ក្រៅ​ដី​ទាំង​នៅ​បារាំង​និង​ដា​ណឺ​ម៉ាក​ក្នុងពូលនោះ ដូច្នេះ​រំពឹងថា​ពួកគេ​នឹង​ធ្វើ​បាន​ល្អ​ទល់​នឹង​ម៉ារ៉ុក​។ លទ្ធផល​ព្យាករណ៍ ក្រូ​អាស៊ី​ឈ្នះ ២-០​។​

– អាល្លឺម៉ង់ vs ជប៉ុន (​ពូ​ល E)

* ជប៉ុន​តែង​ស៊ុត​បញ្ចូល​ទី​នៅក្នុងវើល​ខាប់​៤​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Musiala បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត Bundesliga បួន​លើក​ចុងក្រោយ​របស់​គេ​សម្រាប់ Bayern Munich​។​
* អាល្លឺម៉ង់​តែងមាន​គ្រាប់​បាល់​ទៅវិញទៅមក​ក្នុង​ការប្រកួត​៦​លើក​នៃ​ការប្រកួត​៧​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* អាល្លឺម៉ង់​ឈ្នះ​ការប្រកួត​ជម្រុះ​ទាំង ១០ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៣៦ គ្រាប់​។​

​អាល្លឺម៉ង់​ប្រកួត​បើកឆាក​ដំបូង​ក្រោម​ការដឹកនាំ​របស់​លោក Hansi Flick នៅ​ពេល​ពួកគេ​ជួប​ជាមួយ​ជប៉ុន​នៅ​ថ្ងៃ​ពុធ​នេះ​។ អាល្លឺម៉ង់​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៤​ដង​ក្នុង​ចំណោម​ការប្រកួត​ទាំង​វើល​ខាប់​៥​លើក​ក្នុង​សតវត្សរ៍​នេះ ប៉ុន្តែ​ពួកគេ​បាន​ធ្លាក់​ក្នុង​ពូ​ល​ក្នុង​ឆ្នាំ ២០១៨ មុន​ពេល​ធ្លាក់​ក្នុង​ពូ​ល​ម្តងទៀត​នៅ Euro 2020​។​

​លោក Flick ចេញ​មក​ដឹកនាំ​ដើម្បី​ជួសជុល​រឿង​ទាំងនោះ ប៉ុន្តែ​គ្មាន​អ្នក​ចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​ណាមួយ​បានឈ្នះ​ការប្រកួត​បើកឆាក​របស់គាត់​នោះ​ទេ​ចាប់តាំងពី​ឆ្នាំ ១៩៨០ ដូច្នេះ​ប្រវត្តិសាស្ត្រ​គឺ​ប្រឆាំងនឹង​ពួកគេ​រហូត​មក​។ ទោះយ៉ាងណា អតីត​គ្រូបង្វឹក Bayern Munich រូបនេះ​បាន​ឈ្នះ​ពាន​បី​ក្នុង​រដូវ​កាល​តែ​មួយ​ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​ទឹកដី Bavaria ដូច្នេះ​ក្រុម​អាល្លឺម៉ង់​របស់គាត់​គួរតែ​មាន​សំណាង​។​

​តើ​ជប៉ុន​អាច​ជា​ការគំរាមកំហែង​ទេ​?

​ជប៉ុន​បាន​ឈ្នះ​តែ​ម្តង​គត់​ក្នុង​ចំណោម​ការប្រកួត​៨​លើក​ចុងក្រោយ​របស់​ពួកគេ​នៅវើ​លខាប់ ប៉ុន្តែ​នោះ​មិន​បាន​រារាំង​ពួកគេ​ពី​ការ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ប្រទេស​រុស្ស៊ី​នោះឡើយ​។ ពួកគេ​បាន​នាំមុខ​ពីរ​គ្រាប់​មុន​លើ​បែលហ្ស៊ិក នោះ​សបញ្ជាក់​ថា ក្រុម​សាំ​ម៉ូ​រ៉ៃ​ជប៉ុន​ពិតជា​អាច​បង្ក​ព្យុះភ្លៀង​លើ​ឆាក​អន្តរជាតិ​។​

​ជប៉ុន​បាន​បង្កើន​សន្ទុះ​ឈ្នះៗ​នៅមុន​បញ្ចប់​វគ្គ​ជម្រុះ​វើល​ខាប់ ដោយ​ឈ្នះ​៦​ដង​ក្នុង​ចំណោម​ការប្រកួត​៧​លើក​ចុងក្រោយ​របស់​ពួកគេ​។ ពួកគេ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កាតា​ដោយ​មើលទៅ​ខ្លាំង​ជាង​កាល​ពី​បួន​ឆ្នាំមុន ត្បិត​កាលណោះ​ស៊ុត​ចូល​គ្រប់​ការប្រកួត​នៅ​រុស្ស៊ី​ក៏ដោយ​។​

​កីឡាករ Musiala ជា​តារា​រះ​លេចធ្លោ​របស់​អាល្លឺម៉ង់​!

៥០ ប្រកួត​ចុងក្រោយ​របស់​អាល្លឺម៉ង់​នៅវើ​លខាប់​គឺ​មិន​ដែល​មិន​មាន​គ្រាប់​បាល់​នោះទេ ហើយ​ការប្រកួត​នេះ​ទំនងជា​មិន​អាច​បញ្ចប់​រឿង​នេះ​បាន​ឡើយ​។ អាល្លឺម៉ង់​បាន​នាំមក​នូវ​ជម្រើស​វាយលុក​ប្រកបដោយ​គុណភាព​ជា​ច្រើន​សម្រាប់​ការប្រកួត​នេះ ដោយមាន Jamal Musiala ជា​តារា​រះ​វ័យក្មេង​ក្នុង​ក្រុម​។ បន្ទាប់​ពី​ការចាប់ផ្តើម​ដ៏​ល្អ​ក្នុង​រដូវ​កាល​នេះ រូបគេ​គឺជា​កីឡាករ​វ័យក្មេង​បំផុត​ជាប់​ក្នុង​ជម្រើស​ដំបូង​របស់​អាល្លឺម៉ង់​។​

​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី ៩ គ្រាប់​នៅ Bundesliga សម្រាប់ Bayern Munich ក្នុង​រដូវ​កាល​នេះ ហើយ​រូបគេ​ទើបតែ​ស៊ុត​ក្នុង​៤​ប្រកួត​ជាប់ៗ​គ្នា​សម្រាប់​ក្លិប​របស់គេ​។ Musiala គឺជា​ខ្សែប្រយុទ្ធ​ស្លាប​ដ៏​អស្ចារ្យ ដែល​តែង​ផ្តោត​ក្រសែភ្នែក​លើ​ការ​ស៊ុត​បញ្ចូល​ទី ហើយ​រូបគេ​ជា​កីឡាករ​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ស៊ុត​ចូល​ទី​ជប៉ុន​នៅថ្ងៃនេះ​។​

​ដោយហេតុ​ថា​អាល្លឺម៉ង់​ស៊ុត​ចូលដល់​ទៅ​៣៦​គ្រាប់​នៅ​១០​ប្រកួត​ជម្រុះ​វើល​ខា​ប់ ហើយ​ជប៉ុន​តែង​ស៊ុត​ចូល​នៅវើ​លខាប់​បួន​លើកចុងក្រោយ ដូច្នេះ​គូ​នេះ​ច្បាស់​ជា​មាន​លទ្ធភាព​ស៊ុត​គ្នា​ទៅវិញទៅមក​។

​លទ្ធផល​ទស្សនទាយ អាល្លឺម៉ង់​ឈ្នះ ២-១​។​

– អេ​ស្ប៉ាញ vs កូ​ស្តារី​កា (​ពូ​ល E)

* កូ​ស្តារី​ការក្សាបាន Clean Sheet ក្នុង​វគ្គ​ជម្រុះ​៦​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* ក្រុម​នៅ​អាម៉េរិក​ខាងជើង​នេះ​មិន​ដែល​ចាញ់​២​គ្រាប់​ក្នុង​ការប្រកួត​វើល​ខាប់​ពីរ​លើក​មុន​នោះទេ​។​
* អេ​ស្ប៉ា​ញស៊ុត​តិចជាង​៣​គ្រាប់​ក្នុង​៦​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​៨​លើ​ក​របស់​ពួកគេ និង​ការប្រកួត Nations League ទាំង​៦​ប្រកួត​។​
* កីឡាក​រអេ​ស្ប៉ាញ​រក​បាន​តែ​មួយ​គ្រាប់​គត់​ក្នុង​ការប្រ​កួតបើកឆាក​ពីរ​លើ​ក​របស់​ពួកគេ​នៅ Euro 2020​។​

​គ្រាប់​បាល់​បន្ទាប់​របស់អេ​ស្ប៉ាញ​នៅវើ​លខាប់​នឹង​ក្លាយ​ជា​គ្រាប់​ទី ១០០ ក្នុង​បាល់ទាត់​ពិភពលោក​។ ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ក្នុង​ឆ្នាំ ១៩៣៤ ខណៈ​ពួកគេ​អាច​រង់ចាំ​បន្តិចទៀត​ទម្រាំ​ដល់​ម៉ោង​ប្រកួត​ដើម្បី​សម្រេច​គ្រាប់​ទី​១០០​របស់​ពួកគេ​។ អេ​ស្ប៉ាញ​បាន​នាំ​យក​កីឡាក​រគុណ​ភាព​ជា​ច្រើន​ទៅកាន់​ប្រទេស​កាតា ប៉ុន្តែ​ពួកគេ​ខ្វះ​តំបន់​ប្រយុទ្ធ​យ៉ាង​ធ្ងន់ធ្ងរ​។​

​អេ​ស្ប៉ាញ​ចូលមក​ក្នុង​ការប្រកួ​ត​នេះ​បន្ទាប់ពី​ការលេង​បាន​យ៉ាង​ល្អ​នៅលើ​ឆាក​អន្តរជាតិ​។ ពួកគេ​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ Euro 2020 មុនពេល​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Nations League នៅ​ប៉ុន្មាន​ខែ​ក្រោយ​មក​។ ពួកគេ​បាន​កក់​កន្លែង​របស់​ពួកគេ​រួច​ហើយ​នៅក្នុង​ជុំ​បន្ទាប់​នៃ​ការប្រកួត Nations League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ការខ្វះខាត​ខ្សែប្រយុទ្ធ​របស់​ពួកគេ​អាច​ជា​គុណវិបត្តិ​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការប្រកួត​នេះ​។​

​រំពឹង​ថា​អេ​ស្ប៉ា​ញនឹង​រៀប​ក្បួន​លេង​បែប​គ្រប់គ្រង​សាច់​បាល់​យ៉ាង​សាហាវ​របស់​ពួកគេ ប៉ុន្តែ​បើ​លេង​ទល់នឹង​គូប្រជែង​ខុស វា​អាច​ក្លាយជា​បញ្ហា​។ អេ​ស្ប៉ាញ​ជួប​ការលំបាក​ក្នុង​ការ​ទម្លុះ​តំបន់​ការពារ​របស់​ក្រុម​ដែល​បិទ​ជ្រៅៗ ដែល​អាច​ឃើញ​ពួកគេ​ខកចិត្ត​ក្នុង​ការបើកឆាក​ថ្ងៃនេះ​។​

​កូ​ស្តារីកាតែង​មាន​វត្តមាន​នៅក្នុងវើល​ខាប់​ក្នុង​សតវត្ស​ទី ២១ នេះ​។ ទោះយ៉ាងណា ពួកគេ​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​តែ​ម្តង​គត់​ពី​ការ​បង្ហាញខ្លួន​ទាំង​បួន​លើ​ក​នោះ​។​

​ចំណុច​ល្អ​របស់កូ​ស្តារី​កាគឺ​ថា​ពួកគេ​មាន​ខ្សែការពារ​រឹងមាំ​។ ពួកគេ​បាន​បញ្ចប់​វគ្គ​ជម្រុះ​វើល​ខាប់​ជាមួយនឹង Clean Sheet ៥ ដង​ក្នុង​ចំណោម ៦ ប្រកួត​ដើម្បី​ធានា​បាន​កៅអី​វគ្គ Play-off ដោយ​យក​ឈ្នះ​នូវែ​លសេ​ឡង់ ១-០ ដើម្បី​កក់​សំបុត្រ​យន្តហោះ​មក​កាតា​។ ជាក់ស្តែង ពួកគេ​បាន​កំណត់​គោលដៅ​ខ្ពស់​ណាស់​នៅវើ​លខាប់​លើក​នេះ ប៉ុន្តែ​ពួកគេ​នឹង​ពឹង​ខ្លាំង​លើ​តំបន់​ការពារ​ដើម្បី​សម្រេច​រឿង​អស្ចារ្យ​។​

​កំណត់ត្រា​ការពារ​ដ៏​ល្អ​បានធ្វើឱ្យ​កូ​ស្តារី​កា​ឡើង​ដល់វ​គ្គ ៨ ក្រុម​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០១៤ ខណៈ​ពួកគេ​បាន​ចាញ់ ១-០ ក្រោម​ថ្វីដៃ​សែ​ប៊ី និង ២-០ ក្រោម​ថ្វីដៃ​ប្រេ​ស៊ីល មុន​ពេល​ស្មើ​ជាមួយនឹង​ស្វីសក្នុង​ឆ្នាំ ២០១៨​។ ពួកគេ​នឹង​មិន​សម្រុក​ផ្តេសផ្តាស​នោះ​ទេ ខណៈ​ការរៀបចំ​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​របស់​ពួក​គេ​គួរតែ​ធ្វើឱ្យ​អេ​ស្ប៉ាញ​ខកចិត្ត​។​

​លទ្ធផល​ព្យាករណ៍ គឺ​អេ​ស្ប៉ាញ​អាច​ស្មើ ឬ​ឈ្នះ ១-០​។​

– បែលហ្ស៊ិក vs កាណាដា (​ពូ​ល F)

* បែលហ្ស៊ិក​បាន​របូត​គ្រាប់​បាល់​នៅ ១១ ប្រកួត​នៃ​ការប្រកួត ១៣ លើក​ចុងក្រោយ​របស់​ពួកគេ​។​
* បិសាច​ក្រហម​បែលហ្ស៊ិក​គឺជា​ក្រុម​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅវើ​លខាប់​ចុងក្រោយ ដោយ​ស៊ុត​បាន ១៦ គ្រាប់​។​
* កាណាដា​ស៊ុត​បញ្ចូល​ទី​បាន ២៣ គ្រាប់​ក្នុង​ការប្រកួត​ជម្រុះ​វើល​ខា​ប់​។​
* Jonathan David ស៊ុត​បាន ២២ គ្រាប់​ក្នុង​ការប្រកួត​អន្តរជាតិ ៣៥ លើក ហើយ​រូបគេ​ស៊ុត​បាន​៩​គ្រាប់​ក្នុង ១៥ ប្រកួត Ligue 1 នៅ​រដូវ​កាល​នេះ​។​

​ក្រុម​បែលហ្ស៊ិក​ដ៏​អស្ចារ្យ​នេះ​ប្រហែលជា​បាន​ឈាន​ដល់​ចំណុចកំពូល​រួចទៅហើយ ប៉ុន្តែ​របាយការណ៍​អំពី​ការដួលរលំ​និង​បរាជ័យ​របស់​ពួកគេ​ត្រូវបាន​បំផ្លើស​យ៉ាងខ្លាំង​។ ជាមួយនឹង Kevin De Bruyne និង Eden Hazard នៅ​អាយុ ៣១ ឆ្នាំ និង Romelu Lukaku និង Thorgan Hazard ទាំង​ពីរ​អាយុ ២៩ ឆ្នាំ វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់ ប្រសិន​បើ​ពួកគេ​មិន​បាន​បង្ហាញ​ខ្លួន​នៅ Euro 2024 ក្នុង​រយៈពេល​ត្រឹមតែ ១៨ ខែ​ទៀត​។​

​កីឡាករ​ទាំងនោះ​សុទ្ធតែ​មាន​តួនាទី​សំខាន់​នៅក្នុង​ក្រុម​បែលហ្ស៊ិក ដែល​កំពុង​ធ្លាក់ចុះ​ទម្រង់​លេង​ក្នុង​ការប្រកួត​ថ្មីៗ ប៉ុន្តែ​ពួកគេ​បាន​ចាញ់​ក្រុម​ដែល​ទីបំផុត​ឈ្នះ​ពាន​វើល​ខាប់​២០១៨ និង​ក្រុម​ដែល​ចុងក្រោយ​ឈ្នះ​ពាន​យូរ៉ូ​ឆ្នាំមុន​។ កាល​ពី​បួន​ឆ្នាំមុន ពួកគេ​បាន​កត់ត្រា​ការបញ្ចប់​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់​មាន​របស់​បែលហ្ស៊ិក​នៅវើ​លខាប់ ខណៈ​ក្រុម​ក្មេងៗ​ដែល​មាន​ទេពកោសល្យ​បាន​ធ្វើដំណើរ​ទៅ​កាន់​កាតា​ជាមួយនឹង​ក្តីសង្ឃឹម​នៃ​ការបង្កើត​ក្រុម​បែលហ្ស៊ិក​ដ៏​អស្ចារ្យ​បន្ទាប់​មួយទៀត​។​

​ទោះយ៉ាងណា ក្រុម​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កាតា​មាន​វ័យចាស់​ច្រើន​នៅ​តំបន់​ការពារ ដែល​អាច​ជា​ចំណុចខ្សោយ​របស់​ពួកគេ​នៅវើ​លខាប់​។​

​បែលហ្ស៊ិក​ជា​ក្រុម​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​នៅវើ​លខាប់​២០១៨ ដោយ​រកបាន ១៦ គ្រាប់​។ ពួកគេ​បាន​ស៊ុត ៩ គ្រាប់​ទៀត​ក្នុង ៥ ប្រកួត​នៅ Euro 2020 ខណៈ​កម្លាំង​ច្នៃប្រឌិត​របស់ Hazard និង De Bruyne គួរតែ​ឃើញ​ពួក​គេ​បង្កើត​គ្រាប់​បាល់​ច្រើន​នៅក្នុង​ប្រទេស​កាតា​។ ខណៈ Lukaku មិនសូវ​លេង​បានល្អ​ពេញលេញ កីឡាករ Michy Batshuayi អាច​រកបាន​៣​គ្រាប់​ក្នុង​យុទ្ធនាការ Nations League ចុងក្រោយ​របស់​ពួកគេ ហើយ​បើ​មាន​ការចែក​បាល់​ដ៏​អស្ចារ្យ វា​អាច​ជួយ​ឱ្យ​រូបគេ​រក​គ្រាប់​បាល់​បាន​យ៉ាង​ងាយ​។​

​ទោះ​យ៉ាងណា​គេ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្នុង​តំបន់​ការពារ​សម្រាប់​បិសាច​ក្រហម​។ ខ្សែការពា​រទាំង​៧​រូប​របស់​ពួកគេ​រួមមាន Jan Vertonghen និង Toby Alderweireld ដែល​មាន​ស្ថិតិ​លេង​ជម្រើសជាតិ ២៦៦ លើក​រវាង​ពួកគេ​។ អ្នក​នៅ​សល់​ទៀត​រួម​មាន​ខ្សែការពា​រវ័យ ១៩ ឆ្នាំ​មក​ពី Anderlecht ខ្សែការពារ​អាយុ ២២ ឆ្នាំ​មក​ពី Rennes និង​ខ្សែការពារ​ពីរ​នាក់​ទៀត​មកពី Leicester City ។ Thomas Meunier របស់ Borussia Dortmund គឺជា​ជម្រើស​ដ៏​ល្អ ប៉ុន្តែ​គេ​រំពឹងថា​នឹង​ខកខាន​ការប្រកួត​បើកឆាក​ដោយសារ​របួស​។​

​សរុប​មក​អ្នកចាំទី Thibaut Courtois នឹង​ត្រូវ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បិទ​ចន្លោះប្រហោង ដែល​អាច​កើតឡើង​នៅ​ចំពោះមុខ​គេ​។​

​កាណាដា​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​អន់​បំផុត​ក្នុង​ប្រទេស​កាតា ប៉ុន្តែ​ពួកគេ​បាន​ឈរ​នៅលើ​កំពូល​តារាង​នៃ​យុទ្ធនាការ​ជម្រុះ​វើល​ខាប់​ដោយ​នាំ​មុខលើ​សហរដ្ឋ​អាម៉េរិក​និង​ម៉ិក​ស៊ិក ដែល​ក្រុម​ទាំងពីរ​នេះ​ត្រូវ​គេ​ព្យាករណ៍​យ៉ាង​ទូលំទូលាយ​ថា​នឹង​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​។ កាណាដា​បាន​ស៊ុត​បញ្ចូល​ទី ២៣ គ្រាប់​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ចុងក្រោយ​នៃ CONCACAF ពោលគឺ​ស៊ុត​ចូល​ច្រើនជាង​ក្រុម​ណាៗ​ទាំងអស់​។ ត្បិត​គេ​ចាត់ទុក​ជា​ក្រុម​អន់​នៅវើ​លខាប់​លើក​នេះ ប៉ុន្តែ​ពួកគេ​មាន​ខ្សែប្រយុទ្ធ​មុត​ស្រួច​ណាស់​។​

​ខ្សែប្រយុទ្ធ​កាណាដា Cyle Larin របស់ Club Brugge គួរតែ​ស្គាល់​ក្រុម​បែលហ្ស៊ិក​ច្បាស់​ជាងគេ ខណៈ​អតីត​ខ្សែប្រយុទ្ធ​របស់ Gent គឺ Jonathan David ក៏​ស្គាល់​ក្រុម​បិសាច​ក្រហម​ច្បាស់​ដែរ​។ ចាប់តាំងពី​ពេលនោះ​មក David បាន​ផ្លាស់​ទៅ Lille ជា​កន្លែង​ដែល​រូបគេ​រកបាន ៣៧ គ្រាប់​ក្នុង ៩០ ប្រកួត Ligue 1 ។ កីឡាករ​រូបនេះ​ក៏​បាន​ស៊ុត​បញ្ចូល​ទី​បាន ២២ គ្រាប់​ក្នុង ៣៥ ប្រកួត​អន្តរជាតិ​ដែរ ដែល​ជា​កំណត់ត្រា​ដ៏​អស្ចារ្យ​សម្រាប់​កាណាដា​។ ខ្សែប្រយុទ្ធ​រូបនេះ​មាន​អាយុ​ត្រឹមតែ​២២​ឆ្នាំ​ប៉ុណ្ណោះ ហើយ​រូបគេ​បាន​ស៊ុត​បញ្ចូល​ទី​៩​គ្រាប់​ក្នុង ១៥ ប្រកួត Ligue 1 នៅ​រដូវ​កាល​នេះ ដូច្នេះ​រូបគេ​នឹង​ក្លាយ​ជា​ការគំរាមកំហែង​ដ៏​ធំ​មួយ​ចំពោះ​តំបន់​ការពារ​របស់​បែលហ្ស៊ិក​។​

​លទ្ធផល​ព្យាករណ៍ បែលហ្ស៊ិក​ស្មើ ឬ ឈ្នះ ២-១៕

ជប៉ុន​អាច​បង្កើត​រឿង​អច្ឆរិយៈ​ពេល​ប៉ះ​អាល្លឺម៉ង់​ថ្ងៃនេះ​បានទេ​?​