​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ត្រេ​ស​)៖ មន្ត្រី​នៅ​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បាន​បង្ក្រាប​ក្រុម​ភ្នាល់​ល្បែង​តាម​អន​ឡាញ​ធំ​មួយ ដែល​មាន​តំលៃ​ភ្នាល់​ស៊ីសង​រហូតដល់​៣០​ទ្រី​លាន​ដុង​(១,២​ពាន់​​លាន​ដុល្លារ​)​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លងមក​។​

​ប៉ូលិស​បាន​ឆ្មក់​ចូល​បង្ក្រាប​នៅ​១៥​ទីតាំង​ក្នុង​ទីក្រុង​ហូជីមិញ​និង​ខេត្ត​ដុង​ណាយ​(Dong Nai)​ក្បែរ​ខាង​កាលពី​ថ្ងៃ​អង្គារ​ ហើយបាន​ឃាត់ខ្លួន​មនុស្ស​១៤​នាក់ ដើម្បី​ស៊ើបអង្កេត​ករណី​បើក​ភ្នាល់​ល្បែង​មាន​​ការរៀបចំ​នេះ​។​

​ការស៊ើបអង្កេត​ជំហាន​ដំបូង​បាន​រកឃើញថា ប្រតិបត្តិការ​នេះ​ដំណើរ​ដោយ​ជនជាតិ​វៀតណាម​ខ្លះ​រស់នៅ​កម្ពុជា​។​អ្នកចាត់ចែង​ការ​ប្រាំពីរ​នាក់​នៅ​ទីក្រុង​ហូជីមិញ​ជា​អ្នកគ្រប់គ្រង​គណនី​ភ្នាល់​និង​បណ្តាញ​​លេង​ល្បែង​មួយ​ដែល​គ្របដណ្តប់​លើ​ទីក្រុង​និង​បណ្តា​ខេត្ត​វៀតណាម​។​

​បើ​តាម​មន្ត្រី​វៀតណាម ក្រុម​នេះ​ដំណើរការ​ល្បែងភ្នាល់​អស់​ពេល​ប្រមាណ​បី​ឆ្នាំ ដោយ​ទទួល​ប្រាក់ភ្នាល់​សរុប​ជាង​១០០​ពាន់​លាន​ដុង​ក្នុង​មួយ​សប្តាហ៍​តាម​គេហទំព័រ​ល្បែង​ជាច្រើន​ដូចជា​Sobet.com, Bong88.com និង SV288.com សំរាប់​ការ​ភ្នាល់​បាល់ ជល់​មាន់​និង​ល្បែង​ឆ្នោត​។​ត្រឹម​ពេល​ត្រូវ​បាន​បង្ក្រាប ក្រុម​នេះ​បាន​ទទួល​លុយ​ភ្នាល់​ជិត​៣០​ទ្រី​លាន​ដុង​។​

សូមបញ្ជាក់ថា ​ការ​ភ្នាល់​ល្បែង​ជា​អំពើ​ខុសច្បាប់​នៅ​វៀតណាម លើកលែង​តែ​នៅ​កាស៊ីណូ​កំណត់​មួយ​ចំនួន និង​សំរាប់តែ​ជន​បរទេស​ភាគច្រើន​ប៉ុណ្ណោះ​។​ការបង្ក្រាប​ការ​ភ្នាល់​ល្បែង​ក៏​តែង​កើត​មាន​ជារឿយៗ​ក្នុង​រដូវ​កាល​​ប្រកួត​World Cup​។​ក្រុម​ភ្នាល់​បាល់​តាម​អន​ឡាញ​មួយ​ដែល​មាន​តំលៃ​ភ្នាល់​សរុប​ជាង​១​ទ្រី​លាន​ដុង​(៤០​លាន​ដុល្លារ​)​ក៏​ត្រូវ​បាន​បង្ក្រាប​កាលពី​សប្តាហ៍​មុន​នៅ​វៀតណាម​ខាងជើង​៕

​ប៉ូលិស​ឈរ​ពី​ក្រោយ​បុរស​ដែល​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ការបង្ក្រាប​ការ​ភ្នាល់​ល្បែង​ដ៏​ធំ​នៅ​ក្រង​ហូជីមិញ កាលពី​ថ្ងៃ​២២​វិច្ឆិកា​