​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្លិប​បិសាច​ក្រហម Man U​បានប្រកាសថា គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ នឹង​ចាកចេញ​ពី Manchester United ភ្លាមៗ​។​

United បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​២២​វិច្ឆិកា ដោយ​ប្រកាស​ថា​ពួកគេ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ទៅវិញទៅមក​ជាមួយ​កីឡាករ​រូបនេះ​ដើម្បី​បញ្ចប់​កិច្ចសន្យា​របស់​គាត់​​មុន​កាលកំណត់​។​

​ការវិវឌ្ឍ​នេះ​កើត​ឡើង​មួយ​សប្តាហ៍​បន្ទាប់​ពី​រ៉ូ​ណាល់​ដូ​មាន​ជម្លោះ​ជាមួយ​ក្លិប​នៅក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​។​

​សេចក្តីថ្លែងការណ៍​របស់​ក្លិប​បានសរសេរថា “​គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ គឺ​ត្រូវ​ចាកចេញ​ពី Manchester United ដោយ​កិច្ចព្រមព្រៀង​ទៅវិញទៅមក ដោយ​ចូល​ជា​ធរមាន​ភ្លាមៗ​”​។​

“​ក្លិប​សូម​អរគុណ​គាត់​ចំពោះ​ការរួមចំណែក​ដ៏​ធំធេង​របស់​គាត់​ក្នុង​ការចូលរួម​ពីរ​លើក​នៅ​ទឹកដី Old Trafford ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៤៥ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៣៤៦ លើក​ហើយ​សូម​ជូន​​ពរ​គាត់​និង​ក្រុមគ្រួសារ​របស់​គាត់​មាន​សុខភាព​ល្អ​សម្រាប់​អនាគត​”​។​

“​គ្រប់​គ្នា​នៅ Manchester United នៅតែ​ផ្តោតលើ​ការបន្ត​ការវិវឌ្ឍ​របស់​ក្រុម​ក្រោម​ការដឹកនាំ​របស់​លោក អេ​រិក ថេន ហាក់ (Erik Ten Hag)​និង​ធ្វើការ​រួមគ្នា​ដើម្បី​ផ្តល់​នូវ​ភាព​​ជោគជ័យ​នៅ​លើ​ទីលាន​”​។​

​រ៉ូ​ណាល់​ដូ វ័យ ៣៧ ឆ្នាំ​បាន​ចូលរួម​ជាមួយ Man Utd ជា​លើក​ទី​ពីរ​កាលពី​ឆ្នាំមុន ប៉ុន្តែ​គាត់​បាន​បាត់​ទំនុកចិត្ត​ពី​ក្រុម​នៅ​រដូវ​កាល​នេះ​ក្រោម​ការដឹកនាំ​របស់​អ្នក​ចាត់ការ​ទូទៅ​ថ្មី អេ​រិក ថេន ហាក់​។​

​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ផ្ទាល់ខ្លួន​របស់​គាត់ ដោយ​សរសេរថា “​បន្ទាប់ពី​មាន​ការសន្ទនា​ជាមួយ Manchester United យើង​បាន​ព្រមព្រៀង​គ្នា​ទៅវិញទៅមក​ដើម្បី​បញ្ចប់​កិច្ចសន្យា​របស់​យើង​ឱ្យបាន​ឆាប់​”​។​

“​ខ្ញុំ​ស្រលាញ់ Manchester United ហើយ​ខ្ញុំ​ស្រលាញ់​អ្នកគាំទ្រ វា​មិន​នឹង​ផ្លាស់ប្តូរ​ឡើយ​។ ទោះយ៉ាងណា វា​ហាក់ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ​ក្នុង​ការស្វែងរក​ការប្រកួតប្រជែង​ថ្មី​។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​ក្រុម​ទទួលបាន​ជោគជ័យ​សម្រាប់​រដូវ​កាល​ដែល​នៅសល់​និង​សម្រាប់​អនាគត​”៕

រ៉ូ​ណាល់ដូ​ចាកចេញ​ពី Man U ភ្លាមៗ​ក្រោយ​ព្រមព្រៀងគ្នា​ទៅវិញទៅមក​ជាមួយ​ក្លិប​ដើម្បី​បញ្ចប់​កុងត្រា​មុន​កាលកំណត់