​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កងទ័ពជើងគោក​អាម៉េរិក​បាន​សាកល្បង​ដ្រូ​ន​ដើម្បី​ផ្តល់​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​ក្នុងអំឡុង​សមរភូមិ​ដ៏​គ្រោះថ្នាក់​ដល់​ទាហាន​ដែល​រងរបួស​។​

​ក្នុងអំឡុង​សមយុទ្ធ​ហ្វឹកហ្វឺន​នាពេល​ថ្មីៗ​នេះ​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​ជាមួយ​យោធា​នៃ​ប្រទេស​ដទៃ​ទៀត​ដ្រូ​ន​បាន​ទម្លាក់​ឈាម​និង​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​សំខាន់ៗ​​ផ្សេង​ទៀត​ដល់​ទាហាន ជា​ផ្នែក​មួយ​នៃ​គម្រោង​គ្រីម​សុន (Crimson) ។ ​បច្ចេកវិជ្ជា​ប្រភេទ​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​កាលៈទេសៈ​ដែល​វា​មិន​មាន​សុវត្ថិភាព​ក្នុង​ការបញ្ជូន​មនុស្ស​ដោយ​ថ្មើរជើង​សម្រាប់​ជំនួយ​។​

​ដ្រូ​ន​នេះ​គឺជា​ប្រភេទ​ចុះចត​និង​ហោះ​ឡើង​បញ្ឈរ​ត្រង់ ដូច្នេះ​វា​មិន​ត្រូវការ​ផ្លូវ​រត់​ឬ​ការបាញ់​បង្ហោះ​ដើម្បី​បំពេញ​បេសកកម្ម​សង្គ្រោះ​ជីវិត​ទាំងនោះ​ទេ នេះ​បើ​យោង​តាម​កងទ័ពជើងគោក​។​

​លក្ខណៈ​ពិសេស​នេះ​នឹង​អនុញ្ញាត​ឱ្យ​ទាហាន​អាច​រក្សាបាន​អាយុជីវិត​ក្នុងដំណាក់កាល​ដំបូង​ភ្លាមៗ​បន្ទាប់​ពី​ការរង​របួស និង​ជួយ​សម្រួល​ការដឹកជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កងទ័ព​។​

​លោក ណា​ថា​ន ហ្វី​សឺ (Nathan Fisher) ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​មនុស្ស​យន្ត​និង​ប្រព័ន្ធ​ស្វយ័ត​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ពី​ចម្ងាយ​និង​បច្ចេកវិជ្ជា​ទំនើប (Telemedicine & Advanced Technology) របស់​កងទ័ពជើងគោក​អាម៉េរិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​គម្រោង​គ្រីម​សុន​គឺជា​គម្រោង​មួយ​ដើម្បី​យក​ប្រព័ន្ធ​អាកាស​គ្មាន​មនុស្ស​បើក​ធម្មតា​ឱ្យទៅ​សម្រប​​ខ្លួន​ដើម្បី​គាំទ្រ​ដល់​បេសកកម្ម​វេជ្ជសាស្ត្រ​”​។​

“​ដ្រូ​ន​គឺ​គាំទ្រ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ នៅពេលដែល​ការជម្លៀស​ជនរងគ្រោះ​មិនមែន​ជា​ជម្រើស​។ វា​អាច​រក្សាទុក​ឈាម​និង​វត្ថុ​សំខាន់ៗ​ផ្សេង​ទៀត​នៅក្នុង​ទូទឹកកក​ចល័ត​ស្វយ័ត ហើយ​យក​វា​ឱ្យទៅ​គ្រូពេទ្យ​នៅលើ​សមរភូមិ​ជា​មួយ​អ្នក​ចម្បាំង​ដែល​រងរបួស​”​។​

​កងទ័ព​បាន​ប្រើ​ដ្រូ​ន FVR-90 ពី​ក្រុមហ៊ុន L3Harris Technologies សម្រាប់​គម្រោង​គ្រីម​សុន​នេះ​៕

​កងទ័ពជើងគោក​អាម៉េរិក​ប្រើ​ដ្រូ​ន FVR-90 សម្រាប់​គម្រោង​គ្រីម​សុន