​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ បានទទួល​ជួបពិភាក្សា​ការងារ ជាមួយ​លោក សាដាន ច​ន្ត្រា ម៉ា​ជុ​ឌឺ ( Sadhan Chandra Majumder) រដ្ឋមន្ត្រីក្រសួង​ស្បៀងអាហារ​បង់​ក្លា​ដែ​ស និង​គណៈប្រតិភូ ដែល​ផ្តោតលើ​ការងារ​សំខាន់ៗ​មួយចំនួន រួមមាន​៖ ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ការតភ្ជាប់​កិច្ចសហប្រតិបត្តិការ និង​សកម្មភាព​យុទ្ធសាស្ត្រ​អនាគត​ក្នុងការ​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ទៅក្នុង​ទីផ្សារ​បង់​ក្លា​ដែ​ស​។

​នៅក្នុង​ជំនួប​នេះ លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​សុ​ដ្ឋិ​និយម​ចំពោះ​កំណើន​ជា​វិជ្ជមាន​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​សម្រេចបាន​ក្នុង​រយៈពេល ៩​ខែ ក្នុង​ឆ្នាំ​២០២២ ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២២​លាន​ដុល្លារ​សហរដ្ឋអាមេរិក កើនឡើង​ប្រមាណ ៥៦​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១​។

​លោក​ក៏បាន​គូសបញ្ជាក់​អំពី​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុងការ​ជំរុញ​កំណើន​ពាណិជ​កម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​ទ្បើង​បន្ថែមទៀត​។​

​បន្ថែម​ពីនេះ​ទៀត លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានស្នើ​ភាគី​បង់​ក្លា​ដែ​ស​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​មួយចំនួន ដើម្បី​លើ​កម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម ស្របតាម​ការចង្អុលបង្ហាញ​ពី​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ រួមមាន​៖​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​បង់​ក្លា​ដែ​ស និង​ការធានាបាន​នូវ​ការអនុវត្ត​ដោយ​ពេញលេញ​និង​មាន​ប្រសិទ្ធភាព​, ការរៀបចំ​កិច្ចប្រជុំ​លើក​ទី​១ នៃ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចម្រុះ​រវាង​កម្ពុជា​-​បង់​ក្លា​ដែ​ស ដើម្បី​ពិនិត្យ​និង​តាមដាន​វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ការពិនិត្យ​លទ្ធភាព​បន្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ពាណិជ្ជកម្ម​អង្ករ​រវាង​កម្ពុជា​-​បង់​ក្លា​ដែ​ស​ជាដើម​។

​ចំណងជើង​រូបភាព​៖ ជំនួប​ការងារ​រវាង​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ភ្ញៀវ​បង់​ក្លា​ដែ​ស​
​រូបភាព​៖ ក្រសួង​

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​បានស្នើ​ភាគី​បង់​ក្លា​ដែ​ស​បង្កើតឱ្យមាន​ក្រុមការងារ​បច្ចេកទេស​រួម ដើម្បី​ពិនិត្យ និង​រៀបចំ​ការសិក្សា​សមិទ្ធិ​ភាព​រួមគ្នា (Joint Feasibility Study) សម្រាប់​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​បង់​ក្លា​ដែ​ស ស្របតាម​ចុ​ក្ខ​វិស័យ​នៃ​ប្រទេស​ទាំងពីរ និង​ស្មារតី​នៃ​ជំនួប​ទ្វេភាគី រវាង​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​នាពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​ជាការ​ឆ្លើយតប ភាគី​បង់​ក្លា​ដែ​ស បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​សារៈសំខាន់​នៃ​កា​រលើ​កម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​។ ក្នុងនោះ​ផងដែរ ភាគី​បង់​ក្លា​ដែ​ស បាន​ឯកភាព​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​បង់​ក្លា​ដែ​ស​, ការបន្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ពាណិជ្ជកម្ម​អង្ករ​រវាង កម្ពុជា​-​បង់​ក្លា​ដែ​ស និង​ការរៀបចំ​កិច្ចប្រជុំ​លើក​ទី​១​នៃ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចម្រុះ​រវាង​កម្ពុជា​-​បង់​ក្លា​ដែ​ស​។ លើសពីនេះ​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ចាត់តាំង​មន្ត្រី​បង្គោល ដើម្បី​បន្ត​អនុវត្ត​ទិសដៅ​ការងារ​ដែលជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​ថ្ងៃនេះ រួមទាំង​ការពិនិត្យ​លទ្ធភាព​រៀបចំ​ការសិក្សា​សមិទ្ធិ​ភាព​រួមគ្នា (Joint Feasibility Study) សម្រាប់​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ផងដែរ​។​
​នៅ​កិច្ចបញ្ចប់ ភាគី​ទាំងពីរ​បានបញ្ជាក់​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិត​ស្និ​ទ្ធិ សំដៅ​ជំរុញ​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​វិនិយោគ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​៕.mara

​ចំណងជើង​រូបភាព​៖ ជំនួប​ការងារ​រវាង​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ភ្ញៀវ​បង់​ក្លា​ដែ​ស​
​រូបភាព​៖ ក្រសួង​