ដោយ:ពៅនិមល/ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ថា គិតរហូតមកដល់បច្ចុប្បន្ននេះ អង្ករកម្ពុជាឈ្នះពានអង្ករល្អជាងគេបំផុតក្នុងពិភពលោក ចំនួន៥លើកហើយ បន្ទាប់ពីបានចូលរួមប្រកួតក្នុងវេទិកាស្រូវ-អង្ករពិភពលោកនៅក្រៅប្រទេស។
ការបញ្ជាក់នេះគឺធ្វើឡើងនៅក្នុងពេល លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន City Rice Import Exportបានជួបគ្នា កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។
កន្លងមក អង្ករកម្ពុជាធ្លាប់ឈ្នះពានអង្ករល្អជាងគេបំផុតក្នុងពិភពលោកចំនួន៤លើករួចមកហើយ ដោយឈ្នះ ៣ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១២, ២០១៣ និង២០១៤ និងចុងក្រោយក្នុងឆ្នាំ២០១៨នៅប្រទេសវៀតណាម។ ក្រៅពីនោះអង្ករកម្ពុជា ក៏ធ្លាប់ទទួលបានលេខ២ ក្នុងឆ្នាំ២០១៥, ២០១៦ និងឆ្នាំ ២០១៧ផងដែរ។


ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបង្ហាញសេចក្ដីសោមនស្សរីករាយចំពោះលទ្ធផលដែលអង្ករកម្ពុជាទទួលបាននេះ ព្រោះ ជាឧត្តមភាព និងកិត្យានុភាពនៃវិស័យស្រូវអង្ករកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករនាំចេញរបស់ប្រទេសនានាលើពិភពលោក លើសពីនេះ ការទទួលជ័យលាភីកម្រិតពិភពលោករហូតដល់ទៅ ៥ឆ្នាំនេះ គឺពិតជាមោទនភាពដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជា សមាជិកជាដៃគូ សហគមន៍កសិកម្ម ព្រមទាំងប្រជាកសិករ ដែលបានខិតខំប្រឹងប្រែងរាប់ចាប់តាំងពីការដាំដុះ រហូតដល់ការកែច្នៃអង្ករឱ្យមានគុណភាពកម្រិតស្តង់ដា រហូតធ្វើឱ្យកេរ្តិ៍ឈ្មោះស្រូវអង្ករកម្ពុជា មានភាពល្បីល្បាញកាន់តែខ្លាំង និងទទួលបានការគាំទ្រពីគ្រប់មជ្ឍដ្ឋាន។

បើតាមការលើកឡើងរបស់ក្រុមហ៊ុនខាងលើ បានបញ្ជាក់ថា កិត្តិនាមដែលទទួលបាននេះ នឹងជួយផ្សព្វផ្សាយពីគុណភាពអង្ករកម្ពុជាកាន់តែច្រើន ពិសេសធ្វើឱ្យគេស្គាល់ពីគុណភាពអង្ករកម្ពុជា។ ការទទួលបានជយលាភីនេះដែរ អង្ករកម្ពុជាត្រូវឆ្លងកាត់ការត្រួតពិនិត្យទៅលើចំណុចជាច្រើនដូចជា រូបរាងគ្រាប់អង្ករ, ភាពទន់, ក្លិន និងរសជាតិជាដើម៕/PC

ចំណងជើងរូបភាព៖ «អង្កររំដួល» របស់កម្ពុជាទទួលបានពានរង្វាន់លេខ១ ជា «អង្ករល្អដាច់គេ»
រូបភាពឯកសារ