​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈនៅពេល​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩​ជុំ​ទី​៣​និង​មហាសន្និបាត​ក្លឹម​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​ដែល​ត្រូវធ្វើ​នៅ​ខេត្ត​ព្រះសីហនុ កាន់តែ​ខិតជិត​មកដល់ សោភ័ណភាព​នៃ​ក្រុង ព្រះសីហនុ​កាន់តែ​ស្អាត ដោយមាន​ការចូលរួម​តុបតែង​លម្អ​ពី​បណ្តា​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ ក្រោយពី​មានការ​អំពាវនាវ​រប​ស់​អភិបាលខេត្ត​ព្រះសីហនុ​។​

លោក សរ កក្កដា អភិបាលក្រុង​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២២​ថា​ជាការ​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់លោក​អភិបាលខេត្ត​ព្រះសីហនុ​មកទល់នឹង​ថ្ងៃទី​២៣​ខែវិច្ឆិកា​នេះ​ឃើញថា​បណ្តា​ក្រុមហ៊ុន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ព្រះ​សី​ន​ហុ​បាន​ចូលរួម​សម្អាត​ផ្លូវ​តាម​មុខផ្ទះ​លើក​ទង់ជាតិ​ដាក់​ភ្លើង​លម្អ ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩​ជុំ​ទី​៣​និង​មហាសន្និបាត​ក្លឹម​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​នៅ​ក្រុងព្រះសីហនុ បាន​ច្រើន​ហើយ​ទាំង​នៅតាម​តំបន់ឆ្នេរ​និង​ផ្លូវ​នៅក្នុង​ក្រុង​។​


លោក ហួត ហ៊ុយ នាយក​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២២​ថា ការរៀបចំ​សម្រាប់​បុណ្យ​សមុទ្រ​នៅពេល​ខាងមុខ បាន​នឹង​កំពុងដំណើរការ​យ៉ាងសកម្ម​ដូចជា​ការសម្អាត​តាម​ឆ្នេរ ការតុបតែង​ភ្លើង​លម្អ​តាម​ដងផ្លូវ​ជាដើម​។​​រដ្ឋបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០២២​បាន​ជូនដំណឹង​ដល់​សាធារណៈ​ជនជាតិ​និង​អន្តរជាតិ​ទាំងអស់​ជ្រាបថា​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ជាគោលការណ៍​កំណ​ត់យ​កាលបរិច្ឆេទ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩​ជុំ​ទី​៣​ពីថ្ងៃ​ទី​៩​ដល់​ថ្ងៃទី​១១ និង មហាសន្និបាត​ក្លឹម​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៩​ដល់​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០២២​នៅ​ខេត្ត​ព្រះសីហនុ​។​
ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​នៅក្នុង​លិខិត​របស់ខ្លួន​ថា​រដ្ឋបាល​ក្រុង ស្រុក​ទាំងអស់ ត្រូវ​ចុះ​ផ្សព្វផ្សាយ​និង​បំផុស​ប្រជាពលរដ្ឋ​គ្រប់​លំនៅដ្ឋាន ម្ចាស់​ដីឡូត៍​ឱ្យ​សម្អាត​អនាម័យ​បរិស្ថាន​នៅមុខ​ទីតាំង និង លំនៅដ្ឋាន​របស់ខ្លួន​ឱ្យបាន​ស្អាត​ជាប្រចាំ​។​


ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រង្គសាល ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារឯកជន គ្រឹះ​ស្ថ​ឋាន​មីក្រូហិរញ្ញវត្ថុ​ឯកជន គ្រឹះស្ថានសិក្សា​និង​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​រៀបចំ​សម្អាត​អនាម័យ​បរិស្ថាន​តុបតែង​លម្អ​បំភ្លឺ​ភ្លើង​ពណ៍​និង​ស្នើ​បើកភ្លើង​ពីមុខ​ផ្ទះ ទីស្នាក់ការ​ក្រុមហ៊ុន អគារ​សាធារណៈ អគារ​ឯកជន​និង​តាម​ទីតាំង​អាជីវកម្ម​ឆ្នេរ​ខ្សាច់​កម្សាន្ត​ឱ្យបាន​ព្រមៗ​គ្នា​ចាប់ពីពេលនេះ​តទៅ​។​
រដ្ឋបាល​ក្រុង ស្រុក ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ម្ចាស់​អាជីវកម្ម​តាម​ឆ្នេរ ក្រុមហ៊ុន​ប្រមូល​សំរាម​KSWM និង​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​សម្អាត និង​ថែទាំ ឆ្នេរ​ឱ្យបាន​ល្អ​និង​មាន​សោភ័ណភាព​។​


មន្ទីរ​ទេសចរណ៍​និង​មន្ទីរ​ព៍​ត័​មាន​ខេត្ត ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​ពិធីបុណ្យ​សមុទ្រ​និង​មហាសន្និបាត​ក្លឹម​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​ដល់​មហាជន​ប្រជាជន​និង​អ្នកយក​ព័​ត៍​មាន​អំពី​អត្ថន័យ​ខ្លឹមសារ​និង​សកម្មភាព​នៃ​ព្រឹត្តិការណ៍​ទាំងពីរ​ខាងលើ​។​
អាជ្ញាធរ​ក្រុង ស្រុក ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​សហការ​ការពារ​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ​សាធារណៈ​សណ្តាប់ធ្នាប់​សង្គម ចរាចរណ៍ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវ​ជាតិ អន្តរជាតិ មហាជន​និង​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​ចូលរួម​កម្សាន្ត​សប្បាយ​ប្រកបដោយ​សុខដុម​នីយកម្ម​៕​.mara