ដោយៈសុផល/ភ្នំពេញ៖ លោក រ៉ាឆីត តាប្លី អេល អាឡាមី ( Rachid Talbi EL Alami) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រម៉ារ៉ុក បានមានប្រសាសន៍ថា ប្រទេសម៉ារ៉ុកតែងតែចាត់ទុកប្រទេសកម្ពុជាជាតំណាង ឱ្យប្រទេសម៉ារ៉ុកនៅអាស៊ីអាគ្នេយ៍ និងប្រទេសម៉ារ៉ុកជាតំណាងឱ្យប្រទេសកម្ពុជានៅតំបន់អាហ្រ្វិក។

លោកបានអះអាងដូច្នេះនៅក្នុងជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ខែវិច្ឆិកា នាវិមានព្រឹទ្ធសភា។

លោកប្រធានរដ្ឋសភាម៉ារ៉ុកបានគូសបញ្ជាក់ទៀតថា សភានៃប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកលើរាល់បញ្ហាពហុភាគី ទាំងក្នុងតំបន់ និងពិភពលោក ហើយនាពេល អនាគត លោកសង្ឃឹមថា ប្រទេសទាំងពីរនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ក្នុងនោះប្រទេសទាំងពីរអាចបង្កើតឱ្យមានស្ថានតំណាង ព្រះរាជាណា ចក្រម៉ារ៉ុកប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រម៉ារ៉ុក។

ក្នុងឱកាសនោះ លោកប្រធានរដ្ឋសភាម៉ារ៉ុក បានសម្តែងនូវការអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះសភាកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ហើយទទួលបានជោគជ័យ និងសមិទ្ធផលសំខាន់ៗ។ លោកប្រធានរដ្ឋសភាម៉ារ៉ុកក៏បានរំលឹកអំពីទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ជាពិសេសប្រទេសម៉ារ៉ុកមានអារម្មណ៍ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដូចជាប្រទេសជិតខាងជាប់កម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះលោកប្រធានរដ្ឋសភាម៉ារ៉ុកដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នាពេលនេះ។ ដំណើរទស្សនកិច្ច និងការចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ របស់គណៈប្រតិភូនៅពេលនេះ ពិតជាបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស សភា និងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកថា ប្រទេសកម្ពុជា និងប្រទេសម៉ារ៉ុកបានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៣។ ប្រទេសទាំងពីរមានប្រព័ន្ធនយោបាយប្រហាក់ប្រហែលគ្នា និងជាសមាជិកនៃអង្គការអន្តរជាតិនិយាយភាសាបារាំងដូចគ្នា។ ម៉ារ៉ុកគឺជាប្រទេសសង្កេតការណ៍យ៉ាងសកម្មរបស់អាយប៉ា។ ការអញ្ជើញចូលរួមមហាសន្និបាតរបស់គណៈប្រតិភូ បានបង្ហាញឲ្យឃើញច្បាស់ពីការគាំទ្រតួនាទីរបស់សភាកម្ពុជាជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន”។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ ដោយមើលឃើញអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលស្តែងឡើង តាមរយៈការ ផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី។ ជាមួយគ្នានេះ សម្តេចបានសម្តែងនូវការគាំទ្រកិច្ចពិគ្រោះយោបល់លើកទី៣ រវាងក្រសួងការបរទេសទាំងពីរ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ តាមប្រព័ន្ធ វីដេអូនាពេលកន្លងទៅនេះ ដោយស្នើឱ្យមានអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើ ទីក្រុង សម្ព័ន្ធមេត្រីរវាងខេត្តសៀមរាប និងទីក្រុងកាសាប្លាំងកា (Casablanca) និងទីក្រុងម៉ារ៉ាកេច (Marrakech)និងកិច្ចព្រមព្រៀងស្តីពីការការពារទៅវិញ ទៅមកនៃការវិនិយោគ។ ព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សូមគាំទ្រ និងលើកទឹកចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងសំណូមពរសូមអនុវត្តឲ្យអស់លទ្ធភាព ដើម្បីជំរុញការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច នៃប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាមានបំណងចង់ពង្រឹងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការរវាងសភាកម្ពុជា ជាមួយសភាម៉ារ៉ុកជាពិសេសរវាង ព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភាម៉ារ៉ុកឱ្យកាន់តែស៊ីជម្រៅ និងមានលទ្ធផលជាក់ស្តែងក្នុងពេលអនាគត តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់កម្រិតបង្កើនកិច្ចសហប្រតិបត្តិ ការរវាងអគ្គលេខាធិការដ្ឋានសភាទាំងពីរ ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ការងារ និងការបណ្តុះបណ្តាលជំនាញសភា និងការជួយគាំទ្រគ្នាលើកិច្ចសហប្រតិបតិ្តការអន្តរសភា ជាពិសេសក្របខ័ណ្ឌ IPU, AIPA, APF និងវេទិកាសភាតំបន់និងអន្តរជាតិដទៃទៀត៕/PC