​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋាភិបាល​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​អង្គារទី​២២​វិច្ឆិកា​បាន​សន្យា​បង្កើត​ជម្រក​ដើម្បី​ផ្តល់​កម្តៅ​និង​ទឹក និង​លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​សន្សំសំចៃ​ថាមពល​ខណៈ​រដូវរងា​​ដ៏​អាក្រក់​ជិត​ចូលមក​ដល់ ចំ​ពេល​មាន​ការវាយប្រហារ​ដោយ​រុស្ស៊ី​ឥតឈប់ឈរ ដែល​បាន​បណ្តាលឱ្យ​រចនា​សម្ពន្ធថាមព​លរបស់​ខ្លួន​ដួល​រលំ​។​

​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ពេលយប់​របស់គាត់​កាលពី​ថ្ងៃ​អង្គារ​ថា “​មជ្ឈមណ្ឌល​មិនចេះ​ដួលរលំ​” ដ៏​ពិសេស​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ជុំវិញ​អ៊ុ​យក្រែន​​ដើម្បី​ផ្តល់​អគ្គិសនី កម្តៅ ទឹក អ៊ីនធឺណិត ការតភ្ជាប់​ទូរស័ព្ទ​ចល័ត និង​ឱសថស្ថាន​ដោយ​មិន​គិតថ្លៃ​២៤​ម៉ោង​។​

​ការវាយប្រហារ​របស់​រុស្សី​បាន​ផ្តាច់​ថាមពល​អគ្គិសនី​យូរៗ​រាប់​ម៉ោង​សម្រាប់​អ្នក​ប្រើប្រាស់​រហូត​ដល់ ១០ លាន​នាក់​ក្នុងពេល​តែមួយ​។​ប្រតិបត្តិ​ករ​បណ្តាញ​អគ្គិសនី​ជាតិ​របស់​អ៊ុយ​ក្រែន​បាន​និយាយ​កាលពី​​ថ្ងៃ​អង្គារ​ថា ការខូចខាត​គឺមាន​ទំហំ​ធំ​ពេក​ក្រៃ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា “​ប្រសិនបើ​ការវាយប្រហារ​ដ៏​ធំ​របស់​រុស្សី​កើតឡើង​ម្តងទៀត ហើយ​ថាមពល​អគ្គិសនី​មិន​ត្រូវ​បាន​ស្តារឡើងវិញ​ក្នុង​រយៈពេល​ជាច្រើន​ម៉ោង​ទេ​នោះ​មជ្ឈមណ្ឌល​មិនចេះ​ដួល​​រលំ​នឹង​ដំណើរការ​ជាមួយនឹង​សេវាកម្ម​សំខាន់ៗ​ទាំងអស់​”​។​

​អាជ្ញាធរ​បាន​ព្រមាន​អំពី​ការ​ដាច់​ចរន្ត​អគ្គិសនី ដែល​អាច​ប៉ះពាល់​ដល់​មនុស្ស​រាប់លាន​នាក់​រហូត​ដល់​ចុង​ខែ​មីនា​ដែល​ជា​ផលប៉ះពាល់​ចុងក្រោយ​បំផុត​ពី​ការ​លុកលុយ​រយៈពេល​ប្រាំបួន​ខែ​របស់​រុស្ស៊ី​ដែល​​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់ បណ្តាលឱ្យ​មនុស្ស​រាប់លាន​នាក់​បាត់បង់​ទីលំនៅ និង​បំផ្លាញ​សេដ្ឋកិច្ចពិភពលោក​។​

​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​រោងចក្រ​ថាមពល​របស់​អ៊ុយ​ក្រែន​បាន​កើត​ឡើង​បន្ទាប់ពី​រុស្ស៊ី​រង​បរាជ័យ​នៅ​សមរភូមិ​ជា​បន្តបន្ទាប់ ដែល​រួម​បញ្ចូល​ការដក​កម្លាំង​របស់ខ្លួន​ចេញពី​ទីក្រុង​ឃើ​សុន (Kherson) ភាគ​ខាងត្បូង​ទៅ​ច្រាំង​ខាងកើត​នៃ​ទន្លេ​ឌី​នី​ប្រូ (Dnipro)៕

ប្រជាជន​កំពុង​រង់ចាំ​ទទួល​អាហារ ទឹក និង​ជំនួយ​នៅ​ខាងក្រៅ​វិហារ​មួយ​នៅ​ទីក្រុង​ឃើ​សុន ប្រទេស​អ៊ុ​យក្រែន នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២