​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការផ្ទុះ​ពីរ​បាន​កើតឡើង​នៅក្បែរ​ចំណតរថយន្ត​ក្រុង​ក្នុង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម កាលពី​ថ្ងៃ​ពុធ​ដោយ​បណ្តាលអោយ​របួស​មនុស្ស​យ៉ាងតិច​១៤​នាក់ នៅក្នុង​អ្វីដែល​ប៉ូលីស​​អ៊ីស្រាអែល​សង្ស័យ​វា​ថា​ជា​ស្នាដៃ​ពួក​ប៉ាឡេ​ស្ទីន​។​

​ការផ្ទុះ​ទីមួយ​បាន​កើត​ឡើង​នៅ​ជិត​ចំណតរថយន្ត​ក្រុង​មួយ​នៅ​ជាយក្រុង កន្លែង​ដែល​អ្នក​ធ្វើ​ដំណើរ​តែង​ម្តុំគ្នា​រង់ចាំ​ជិះ​រថយន្តក្រុង​។​ការផ្ទុះ​ទី​ពីរ បាន​កើត​ឡើង​នៅ​សង្កាត់ រ៉ា​ម៉ុត​( Ramot)​នៅ​ភាគ​​ខាងជើង​ទីក្រុង​។​

​សេវា​សង្គ្រោះ​អ៊ីស្រាអែល​បាន​និយាយថា មនុស្ស​បួន​នាក់​ធ្ងន់​ក្នុង​ការផ្ទុះ​នេះ​។​

​ការវាយប្រហារ​នេះ​កើតឡើង​ចំពេល​ភាព​តានតឹង​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​កើន​ឡើង​ខ្លាំង ក្រោយ​កងកម្លាំង​អ៊ីស្រាអែល​ធ្វើការ​វាយឆ្មក់​ចូល​តំបន់​វេស​ប៊ែង​របស់​ជន​ប៉ាឡេ​ស្ទីន​អស់​ពេល​រាប់​ខែ​បណ្តាល​​មក​ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន​លួច​វាយប្រហារ​លើ​អ៊ី​ស្រា​អ៊ែលដែល​បានសម្លាប់ម​នុស្ស​យ៉ាងតិច​១៩​នាក់​។

​អំពើហិង្សា​នេះ​ក៏​បាន​កើតឡើង​ចំ​ពេល​អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ កំពុង​ពិភាក្សា​បង្កើត​រដ្ឋាភិបាល​ចំរុះ​ក្រុម​ស្តាំ​មួយ​ក្រោយ​ការបោះឆ្នោតជាតិ​។​

​ប៉ូលិស​បាន​និយាយថា ការរកឃើញ​ដំបូងៗ​បានបង្ហាញ​ថា ឧបករណ៍​គ្រឿងផ្ទុះ​ត្រូវបាន​គេ​បង្កប់​នៅ​ទីតាំង​ទាំង​ពីរ​។​ការផ្ទុះ​ពីរ​នេះ​កើតឡើង​ចំ​ពេល​មាន​ចរាចរណ៍​មមាញឹក ហើយ​ប៉ូលិស​បាន​បិទ​ផ្លូវ​ធំ​មួយ​​ចេញពី​ទីក្រុង​។​

​ប៉ូលិស​អ៊ីស្រាអែល​ពិនិត្យ​កន្លែង​ផ្ទុះ​នៅ​ចំណតរថយន្ត​ក្រុង​មួយ​ក្នុង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​កាលពី​ថ្ងៃ​ពុធ

​សូមបញ្ជាក់​ថា ជន​ប៉ាឡេ​ស្ទីន​បាន​ធ្វើ​ការវាយប្រហារ​ជន​អ៊ីស្រាអែល​ដោយ​ចាក់ បើក​រថយន្ត​បុក​និង​បាញ់ប្រហារ រីឯ​ការ​បំផ្ទុះ​គ្រាប់​កម្រ​កើតមាន​ចាប់តាំងពី​ការបញ្ចប់​ការបះបោរ​របស់​ប៉ាឡេ​ស្ទីន​កាលពី​ជិត​​ពីរ​ទសវត្សរ៍​មុន​។​

​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​(Hamas)​ដែល​គ្រប់គ្រង​តំបន់​ហ្កា​ហ្សា​ស្ទ្រីប បាន​អបអរ​ការវាយប្រហារ​នេះដោយ​ហៅ​វា​ថា​ជា​ប្រតិបត្តិការ​ប្រកបដោយ​វីរភាព​មួយ តែ​មិន​បាន​អះអាង​ទទួលខុសត្រូវ​ទេ​៕