ដោយៈ វ៉ៃ​កូ​/​ស្វាយរៀងៈ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ អង្គ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត បាន​ប្រារព្វ​ធ្វើឡើង​នៅ​សាលាស្រុក​ចន្ទ្រា​ស្វាយរៀង​ខេត្តស្វាយរៀង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក អ៊ុយ ថន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង​តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត ព្រមទាំង​លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ស្រុក​/​ឃុំ​ទាំង​ប្រាំមួយ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។

​លោក អ៊ុយ ថន សមាជិក​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍ថាៈ អង្គ​វេទិកា​នា​ថ្ងៃនេះ​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្ត​ចូលរួម​សហការ​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ដំណើរការ​នៃ​ការគាំទ្រ និង​ជំរុញ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ស្របតាម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ស្តីពី​កំណែទម្រង់​វិម​ជ្ឍ​ការ និង​វិ​ស​ហម​ជ្ឍ​ការ​ឲ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ជោគជ័យ​ថ្មីៗ​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

​លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថាៈ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នឹង​ផ្ដល់ឱកាស​ដល់​អ្នកពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ចូលរួម​ទទួល​ព័ត៌មាន​អំពី​សមិទ្ធផល​ដែល​រដ្ឋបាលខេត្ត​សម្រេចបាន​កន្លងមក​និង​បញ្ហា​ប្រឈម​នានា ការផ្តល់​មតិយោបល់​ចំពោះ​ការ​អភិ​វ​ឌ្ឃ​មូលដ្ឋាន បញ្ហា​ប្រឈម ទិសដៅ​អនុវត្ត​នាពេលខាងមុខ​របស់រ​ដ្ឋ​បាល​ខេត្ត ផ្តល់នូវ​អនុសាសន៍ សំណូមពរ​នានា​សម្រាប់​ការពិភាក្សា តាមរយៈ​ការឆ្លើយតប​បាន​ទាន់ពេលវេលា​ពី​ស្ថាប័ន​ជំនាញ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ឈានទៅ​ធ្វើការ​កែលម្អ​និង​ដោះស្រាយ​ឲ្យ​កាន់តែ​ល្អប្រសើរ​ស្របទៅនឹង​តម្រូវការ​ជា​អាទិភាព ព្រមទាំង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

​នាឱកាស​នោះ​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង​ក៏បាន​ជម្រាបជូន​ផងដែរ​អំពី​ស្ថានភាព​ទូទៅ​របស់​រដ្ឋបាលខេត្ត ជាពិសេស គឺ​បញ្ហា​ប្រឈម​របស់​រដ្ឋបាលខេត្ត​នាពេល​កន្លងមក​មាន​ជាអាទិ៍ គ្រោះមហន្តរាយធម្មជាតិ​ដូចជា​ការរាំងស្ងួត ទឹកជំនន់ ខ្យល់​កន្ត្រាក់ បានកើត​ឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​បង្កបង្កើនផល​ស្រូវ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ បញ្ហា​ទំនាស់​ដីធ្លី ការរំលោភ​កាន់កាប់​ដី​ព្រែក បឹង អូរ និង​ដី​ចំណី​ថ្នល់​នៅតែ​កើតមាន ។ គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​កើតមាន​ដោយសារ​អ្នកបើកបរ​ខ្វះ​ការយោគយល់​គ្នា ខ្វះ​ការប្រុងប្រយ័ត្ន និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​។ ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នៅតែ​កើតមាន​ក៏ដូចជា​ការគ្រប់គ្រង​កាកសំណល់​នៅតាម​ទីប្រជុំជន និង​នៅតាម​រោងចក្រ សហគ្រាស​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ការចូលរួម​នៅមានកម្រិត​។

​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ដោយ​សង្កត់ធ្ងន់ថាៈ អ្វី​ដែលជា​បញ្ហា​ប្រឈម​មួយទៀត​នោះ​គឺ​នៅតាម​ក្រុង​/​ស្រុក​មួយចំនួន​មិនទាន់មាន​ទីលាន​ចាក់សំរាម​ឲ្យ​បាន​សមស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​មិនទាន់មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ថែម​ទៀតផង​៕​