ដោយៈ វ៉ៃ​កូ​/​ស្វាយរៀងៈ លោក​សុច ពិសី អភិបាលស្រុក​កំពង់រោទិ៍​​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​
​ថ្លែងថា ការចូលរួម​ធ្វើ​អនាម័យ​បរិស្ថាន គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា មិនមែនជា​កាតព្វកិច្ច​របស់​អ្នកណាម្នាក់​នោះឡើយ​។​

​លោក​បន្តថា ដើម្បី​ធានា​សោភ័ណភាព កិច្ច​គាំពារ​សុខភាព​សាធារណៈ និង​បរិស្ថាន​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​លើក កម្ពស់​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ឱ្យបាន​ត្រឹមត្រូវ ដោយ​ត្រូវ​វេច​ខ្ចប់ និង ញែក​សំរាម សំណល់​រឹង​ផងដែរ​។​

​ការ​ថ្លែង​បែបនេះ​របស់លោក​អភិបាលស្រុក​កំពង់រោទិ៍​បានធ្វើ​ឡើង ខណៈដែល​លោក​ដឹកនាំ​កងកម្លាំង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ធ្វើ​អនាម័យ​បរិស្ថាន​នៅតាម​ផ្លូវ​នានា​ក្នុង​ទីប្រជុំជន​នៃ​ស្រុក​កំពង់រោទិ៍​ខេត្តស្វាយរៀង ក្នុង​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា​។

​លោក​បាន​បញ្ជាក់ថា ទិវា​នេះ​ធ្វើឡើង ក្នុង​គោលបំណង​លើកកម្ពស់​ការអបរំ ផ្សព្វផ្សាយ និង ជំរុញ​ចលនា​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ សិស្ស និស្សិត ឱ្យចូល​រួម​ធ្វើ​អនាម័យ កែលម្អ សោភ័ណភាព ទីប្រជុំជន ជនបទ ភូមិឋាន វត្ត​អារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និង មជ្ឈមណ្ឌល​សេដ្ឋកិច្ច សំដៅ​ចូលរួមចំណែក​កសាង​សង្គម​កម្ពុជា ឱ្យមាន​បរិស្ថាន​ល្អ​ស្អាត និង ភាពស្រស់​បំព្រង​។​

​លោក​បាន​បន្ថែមថា ដើម្បីឱ្យ​ការ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ជា​រៀងរាល់ឆ្នាំ អាច​ប្រព្រឹត្តទៅ​ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា និង​មានការ​ចូលរួម​កាន់តែ​សស្រាក់ សស្រាំ ថែមទៀត លោក​សូម​ណែនាំ​អំពី​ការធ្វើ​អនាម័យ​បរិស្ថាន​តាម​គោលដៅ​ដូចខាងក្រោម​៖

១. អាជ្ញាធរ​ឃុំ​ត្រូវ​ចាត់វិធានការ​ធ្វើ​អនាម័យ​នៅតាម​ទីសាធារណៈ ជាប់​ជាប្រចាំ​ដោយ​ត្រូវ​ប្រមូល​សំរាម​មិនឱ្យ​មាន​តាម​ដងផ្លូវ សួនច្បារ ទីផ្សារ និង​រៀបចំ​ដាំ​កូនឈើ​តាម​ដងផ្លូវ នៅតាម​មូលដ្ឋាន​របស់ខ្លួន​។
២. ស្ថាប័ន​គ្រឹះស្ថាន​នានា សាលារៀន វត្ត​អារាម និង មណ្ឌល​សុខភាព សូម​ចាត់ចែង​ធ្វើ​អនាម័យ​ទាំង​ក្នុង និង ក្រៅ​អង្គភាព​របស់ខ្លួន ដោយ​ត្រូវ​ប្រមូល​ទុកដាក់​សំរាម សំណល់​រឹង ឱ្យបាន​ត្រឹមត្រូវ​ស្របតាម គោលការណ៍ 4Rs (​បដិសេធ​មិន​ប្រើប្រាស់ កាត់បន្ថយ​ការបង្កើត ការប្រើប្រាស់​ឡើងវិញ និង ការកែច្នៃ​) សំដៅ​ធានា​បរិយាកាស​ការងារ​ល្អ និង សោភ័ណភាព​។​
៣. រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម ត្រូវធ្វើ​អនាម័យ​បរិស្ថាន ទាំង​នៅក្នុង និង​ជុំវិញ​ទីតាំង​របស់ខ្លួន និង​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ដល់​បុគ្គលិក កម្មករ អ្នកលក់​ចំណីអាហារ និង​អ្នក​ដឹកជញ្ជូន អំពី​ការគ្រប់គ្រង និង ទុកដាក់​សំរាម សំណល់​រឹង​ឲ្យ​បាន​ត្រឹមត្រូវ​។​
៤.​រមណីយដ្ឋាន មណ្ឌល​កំសាន្ត កាស៊ីណូ ភោជនីយដ្ឋាន និង អាហា​រដ្ឋា​ន ត្រូវធ្វើ​អនាម័យ​បរិស្ថាន ជាប់​ជាប្រចាំ ដើម្បី​ធានា​សោភ័ណភាព ផាសុកភាព និង​ភាព​មនោ​រម្យ ក្នុង​ការផ្តល់​សេវាកម្ម សម្រាកលំហែ និង​ទេសចរណ៍ ដោយ​ត្រូវ​ប្រមូល​ទុកដាក់​សំរាម សំណល់​រឹង​ឱ្យបាន​រៀបរយ ដាក់​ធុង សំរាម​ឱ្យបាន​គ្រប់គ្រាន់ និង ដឹកជញ្ជូន​ចេញ​ឲ្យ​ទាន់ពេលវេលា​។​

៥. លំនៅដ្ឋាន អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ត្រូវ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​អនាម័យ​បរិស្ថាន នៅតាម លំនៅដ្ឋាន និង​តាម​ទីតាំង​កម្មសិទ្ធិ​របស់ខ្លួន ដោយ​ត្រូវ​សម្អាត​ប្រមូល​ទុកដាក់​សំរាម សំណល់​រឹង ឱ្យបាន សមស្រប តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​មូលដ្ឋាន​នីមួយៗ ក្នុងទិសដៅ​ធានា​ឲ្យ​បាន​នូវ​គុណ ភាព​បរិស្ថាន សោភ័ណភាព និង អនាម័យ​។​

​លោក​បានស្នើ​ដល់ គ្រឹះស្ថាន​សាធារណៈរដ្ឋ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ មេត្តា​ចូលរួម​សហការ និង​អនុវត្តតាម​លទ្ធ​ភាពជា​ក់​ស្ដែង​ឱ្យបាន​ជោគជ័យ​នូវ ស្មារតី (​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា​) នេះ​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង វិធានការ (៣​កុំ ៣​ការពារ​) ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕