ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​: អគារ​វះកាត់​មួយ​ខ្នង ដែលជា​អំណោយ​របស់​សប្បុរសជន​នៃ​ប្រទេស​អូស្ត្រាលី សម្រាប់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​ជាង​២២​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក ត្រូវបាន​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ ក្រោម​វត្តមាន​លោក​វេជ្ជបណ្ឌិត ហុក គ្រី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​។​

​លោក​វេជ្ជបណ្ឌិត ហុក គ្រី បាន​លើកឡើងថា មន្ទីរពេទ្យបង្អែក​ខេត្ត​បានទទួល​អគារ​វះកាត់​មួយ​ខ្នង​ដែល​អំណោយ​របស់លោក christopher Keenan និង Rotary Osborne park ព្រមទាំង​សប្បុរសជន​ផ្សេងទៀត​របស់​ប្រទេស​អូស្ត្រាលី​។ ការផ្តល់​អគារ​វះកាត់​មួយ​ខ្នង​នេះដែរ គឺធ្វើឡើង​ស្រប​ពេលដែល​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពុង​ប្រឈម និង​ការខ្វះខាត​អគារ​សម្រាប់​អ្នកជំងឺ​ដែល​មក​វះកាត់​ផងដែរ​។​

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ថា ក្នុង​រយះពេល​៣​ឆ្នាំ​មកនេះ ថ្វីត្បិតតែ​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ខ្លាំងក្លា តែ​ចំនួន​អ្នកជំងឺ​ដែល​មក​ទទួលយក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​មានការ​កើនឡើង​ស្ទើរ​គ្រប់ផ្នែក​ទាំងអស់​គួរអោយកត់សម្គាល់ ពិសេស​ផ្នែក​វះកាត់ ដែល​ក្នុងនោះ​មានការ​វះ​ទូទៅ ការ​វះ​កាត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ការវះកាត់​ផ្នែក​ឆ្អឹង​។ មន្ទីរពេទ្យ​ខេត្ត​មាន​បន្ទប់វះកាត់​តែមួយគត់​សម្រាប់​ដំណើរការ​វះកាត់​គ្រប់ផ្នែក​ទាំងអស់​ក្នុង​មន្ទីរពេទ្យ​។ ដោយសារ​កំណើន​អ្នកជំងឺ​ដែល​ត្រូវ​ការវះកាត់​មាន​ចំនួន​ច្រើន ធ្វើអោយ​មន្ទីរពេទ្យ​មាន​បញ្ហា​ប្រឈម និង​កង្វះ​បន្ទប់​សម្រាប់ធ្វើ​ការវះកាត់​អ្នកជំងឺ ហើយ​ពេលខ្លះ​ត្រូវ​បង្ខំចិត្ត​បញ្ជូន​អ្នកជំងឺ​បន្តទៅ​ធ្វើការ​វះកាត់​នៅឯ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​បានបញ្ជាក់​ផងដែរ​ថា ចំពោះ​អគារ​ដែលជា​អំណោយ​របស់​សប្បុរសជន​ប្រទេស​អូស្ត្រាលី​សម្រាប់​មន្ទីរពេទ្យ​ខេត្ត​គឺ​បាន​បំពាក់​សំភារៈ បរិក្ខា​សំរាប់​វះកាត់​អ្នកជំងឺ​រួចជាស្រេច និង​បាន​រៀបចំឡើង​យ៉ាង​ប្រណិត​ទៅតាម​ស្តង់ដារ​បច្ចេកទេស សម្រាប់​បំពេញតម្រូវការ​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​។ អគារ​វះកាត់​នេះ​មិន​ត្រឹមតែ​ផ្តល់​សេវា​វះកាត់​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់​ស្ពី​ប៉ុណ្ណោះ​ទេ គឺអាច​ទទួល​ផ្តល់​សេវា​ដល់​ពលរដ្ឋ​នៃ​ខេត្ត​ជាប់​ព្រំប្រទល់​ផងដែរ​។​

​ជាមួយ​នោះ​ប្រធាន​មន្ទីរ​សុខាភិបាល​បាន​ក្រើនរំលឹក​ដល់​លោកគ្រូ អ្នកគ្រូ​ពេទ្យ​អោយខិត​ខំប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុង​ការផ្តល់សេវា​ព្យាបាល​ជូន​អ្នកជំងឺ​ប្រកបដោយ​ប្រសិទ្ធិភាព ជាពិសេស​អ្នកជំងឺ​ក្រីក្រ និង​ជួយ​ខិតខំ​ថែរក្សា​គ្រប់គ្រង​សម្ភារៈ​ទាំងអស់​អោយ​ល្អប្រសើរ និង​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​រវាង​មន្ទីរពេទ្យ និង​សប្បុរសជន​នានា​៕​