​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យាន​អវកាស Orion របស់​អង្គការ​ណា​សា បាន​ថត​រូបភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៃ​ព្រះ​ចន្ទ ខណៈ​វា​ហោះ​ឆ្លងកាត់​ឋាន​ព្រះ​ចន្ទ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១​វិច្ឆិកា​។​

​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម Artemis I​ដែល​បាន​បាញ់​បង្ហោះ​កាលពី​សប្តាហ៍​មុន យាន Orion ត្រូវ​គេ​តម្រូវ​ឱ្យ​ហោះ​ជុំវិញ​ផ្កាយរណប​ធម្មជាតិ​របស់​យើង​មួយនេះ បន្ទាប់ពី​បាន​បំបែក​ចេញពី​រ៉ុក្កែត Space Launch System (SLS) ។​

​ដំណើរ​ជុំវិញ​ព្រះ​ចន្ទ​បាន​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ម៉ោង ១២៖៤៤ ម៉ោង​សកល ហើយ​បាន​កើតឡើង​នៅ​ប្រហែល ១២៩ គីឡូម៉ែត្រ​ពី​លើ​ផ្ទៃ​ព្រះ​ចន្ទ​។​

​មុន​ពេល​វា​ធ្វើ​ដូច្នេះ យាន​នេះ​បាន​ថតរូប​ព្រះ​ចន្ទ​ដែល​មាន​ភាពច្បាស់​ខ្ពស់ ដោយ​បង្ហាញ​ពី​រណ្ដៅ​និង​ភ្នំ​ទាំងអស់​របស់​ព្រះ​ចន្ទ​យ៉ាង​លម្អិត​គួរឱ្យភ្ញាក់ផ្អើល​។​

​រូបភាព​នេះ​ត្រូវ​បាន​បង្ហោះ​នៅលើ​គណនី Twitter ផ្លូវការ​សម្រាប់​បេសកកម្ម Artemis គឺ​គណនី @NASAArtemis ។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ យាន Orion បាន​អនុវត្ត​ការ​រុល​របស់​ម៉ាស៊ីន​សំខាន់ៗ​ចំនួន​បួន ដែល​បាន​គ្រោងទុក​ក្នុងអំឡុង​បេសកកម្ម Artemis ដែល​បាន​បន្ត​រយៈពេល ២ នាទី និង ៣០ វិនាទី​។​

​នៅពេលនោះ វា​មាន​ចម្ងាយ ៥២៧ គីឡូម៉ែត្រ​ពី​លើ​ព្រះ​ចន្ទ ដោយ​ធ្វើដំណើរ​ក្នុង​ល្បឿន ៨.០៨៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​មាន​ចម្ងាយ​ជាង ៣៧០.០០០ គីឡូម៉ែត្រ​ពី​ផែនដី​៕

​រូប​ព្រះ​ចន្ទ​ថត​ពី​ចម្ងាយ ១២៩ គីឡូម៉ែត្រ ពី​យាន Orion កាលពី​ព្រឹក​ថ្ងៃ​ចន្ទ