​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បុគ្គលិក​នៅ​រោងចក្រ iPhone ដ៏​ធំ​បំផុត​របស់​ពិភពលោក​ត្រូវ​បាន​វាយដំ​និង​ឃុំខ្លួន​នៅក្នុង​ការតវ៉ា​ជុំវិញ​ជម្លោះ​កិច្ចសន្យា​ចំ​ពេល​មាន​ការគ្រប់គ្រង​ប្រឆាំង​​នឹង​មេរោគ​កូរ៉ូណា នេះ​បើ​យោង​តាម​បុគ្គលិក​និង​វីដេអូ​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​និង​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ដេល្លី​ម៉េល​របស់​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ​ទី​២៣​វិច្ឆិកា​។​

​វីដេអូ​នៅលើ​បណ្តាញ​សង្គម​ចិន ដែល​និយាយថា​ពួកគេ​ត្រូវបាន​ថត​នៅ​រោងចក្រ​នៅ​ទីក្រុង​ចេងចូ​វ (Zhengzhou) ភាគ​កណ្តាល​បាន​បង្ហាញ​មនុស្ស​រាប់ពាន់​នាក់​ពាក់​ម៉ាស់​ប្រឈមមុខ​នឹង​ប៉ូលិស​​ក្នុង​ឈុត​ការពារ​ពណ៌​ស​ជាមួយនឹង​ខែល​ការពារ​កុបកម្ម​។ មនុស្ស​ម្នាក់​ត្រូវ​វាយ​ក្បាល​នឹង​ដំបង និង​ម្នាក់​ទៀត​ត្រូវបាន​ចាប់​ចងស្លាបសេក​រួច​នាំ​ខ្លួន​ចេញ​ទៅ​បាត់​។​

​មនុស្ស​រាប់ពាន់​នាក់​ពាក់​ម៉ាស់​ប្រឈមមុខ​នឹង​ប៉ូលិស​ក្នុង​ឈុត​ការពារ​ពណ៌​ស​ជាមួយនឹង​ខែល​ការពារ​កុបកម្ម​

​វីដេអូ​ផ្សេងទៀត​បាន​បង្ហាញ​បាតុករ​បាញ់​បំពង់​ពន្លត់​អគ្គិភ័យ​ដាក់​ប៉ូលិស​។​

​សារ​បង្ហោះ​នានា​នៅលើ​បណ្តាញ​សង្គម​និយាយថា ពួកគេ​កំពុង​តវ៉ា​ប្រឆាំង​នឹង​ការរំលោភ​កិច្ចសន្យា ដែល​មិន​បាន​បញ្ជាក់​។​

​រោងចក្រ Foxconn Technology Group បាន​និយាយ​មុន​នេះ​ថា ខ្លួន​កំពុង​ប្រើប្រាស់ “​ការគ្រប់គ្រង​រង្វិល​ជុំបិទ​ជិត​”​ដែល​សំដៅលើ​បុគ្គលិក​ត្រូវ​រស់នៅ​កន្លែង​ធ្វើការ​របស់​ពួក​គេ​ដោយ​គ្មាន​​ទំនាក់ទំនង​ខាង​ក្រៅ​។ រឿង​នេះ​កើតឡើង​បន្ទាប់​ពី​ការដើរ​ចេញ​របស់​បុគ្គលិក​រាប់ពាន់​នាក់​កាលពី​ខែ​មុន​ជុំវិញ​ការ​ត្អូញត្អែរ​អំពី​ការការពារ​ប្រឆាំង​នឹង​មេរោគ​និង​កង្វះ​ជំនួយ​សម្រាប់​មិត្ត​រួម​ការងារ​​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​។​

​ក្រុមហ៊ុន Apple Inc បាន​ព្រមាន​មុន​នេះ​ថា ការ​ចែកចាយ iPhone 14 ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​នឹង​ត្រូវ​ពន្យារពេល​ដោយសារ​ការគ្រប់គ្រង​ប្រឆាំង​នឹង​ជំងឺ​កូវី​ដដែល​បាន​ដាក់ចេញ​លើ​រោង​​ចក្រ​នៅ​ចេងចូ​វ​។ រដ្ឋបាល​ក្រុង​បាន​ផ្អាក​ការចូល​ទៅ​កាន់​តំបន់ឧស្សាហកម្ម​មួយ ដែល​នៅ​ព័ទ្ធជុំវិញ​រោងចក្រ ដែល Foxconn និយាយថា​មាន​បុគ្គលិក​ចំនួន ២០០.០០០ នាក់​។​

Foxconn ដែល​មាន​ទីស្នាក់កា​រ​កណ្តាល​នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ព័ត៌មាន​អំពី​ស្ថានភាព​នេះ​នោះ​ទេ​។​

​របាយការណ៍​ថ្មី​មុននេះ​បាន​និយាយថា បក្ស​កុម្មុយនីស្ត​កំពុងកាន់​អំណាច​បាន​បញ្ជា​ឱ្យ “​កម្មាភិបាល​មូលដ្ឋាន​” បំពេញ​បុគ្គលិក​ថ្មី​នៅ​រោងចក្រ Foxconn ក្នុង​ទីក្រុង​ចេងចូ​វ ដែល​បាន​ចាកចេញ​។ ក្រុមហ៊ុន​មិនបាន​ឆ្លើយតប​ទៅនឹង​សំណើ​សុំ​ការបញ្ជាក់​និង​ព័ត៌មាន​លម្អិត​អំពី​ការរៀបចំ​បែប​នោះ​ទេ​៕

កម្មករ​ដើរចេញ​ពី​រោងចក្រ Foxconn ទៅ​ស្រុកកំណើត​វិញ​កាលពី​ថ្ងៃទី​២៩​តុលា ឆ្នាំ​២០២២​