ដោយៈ​សុផល​/​ភ្នំពេញ​៖ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) សហការ​ជាមួយ ក្រុមហ៊ុន TEDP បានរៀបចំ​សិក្ខាសាលា​ស្ដីអំពី «​ឥទ្ធិពល​ភាពជា​អ្នកដឹកនាំ​ដោយ​ប្រើ D.I.S.C» កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ The Factory Phnom Penh​។​

​សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួមចំណែក លើកកម្ពស់​សមត្ថភាព ប្រសិទ្ធភាព​ក្នុងការ​ដឹកនាំ សំខាន់​ការអភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយជា​បុគ្គល​ដែល​ប្រកបដោយ​ភាព មាន​ឥទ្ធិពល ទន្ទឹមនឹងនោះ​ក៏​នឹង​នាំឱ្យ​អ្នក​បាន​ស្វែងយល់​អំពី​សារសំខាន់​នៃ​ប្រព័ន្ធ​សិក្សា អាកប្ប​រិ​យារ​បស់​មនុស្ស​តាម​ប្រព័ន្ធ D.I.S.C ដែល​ត្រូវបាន​ប្រើប្រាស់​ជាស​កល​ក្នុងការ​បង្កើន ទំនាក់ទំនង ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​អាជីព​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ដឹកនាំ និង​យុទ្ធសាស្ត្រ​គ្រប់គ្រង​ធនធានមនុស្ស​។​

​សិក្ខាសាលា​នេះ​ក៏​នឹង​ជួយ​អ្នកសារព័ត៌មាន​បាន​ស្វែង​យល់ដឹង​បន្ថែម​អំពី​ភាពចាំបាច់​ដែល​ត្រូវធ្វើ ការ​ឲ្យ​មាន​ភាពស៊ីសង្វាក់​គ្នា និង​មាន​ភាពល្អប្រសើរ​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ និង​គ្រប់​ស្រទាប់​ខណៈ ដែល​អ្នកសារព័ត៌មាន​ត្រូវធ្វើ​បទសម្ភាសន៍​ជាមួយ និង​ថ្នាក់ដឹកនាំ​ក៏ដូចជា​សាធារណជន​ទូទៅ​។​

​លោក ប៉ែន បូ​ណា ប្រធាន ក​.​អ​.​ក បាន​មានប្រសាសន៍ថា​៖​សិក្ខាសាលា​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ថ្នាក់ដឹកនាំ​ស្ថាប័ន សារព័ត៌មាន​និពន្ធ​នាយក និពន្ធ​នាយករង ប្រធាន​អ្នកយកព័ត៌មាន ដើម្បី​ឆក់យក​ឱកាស​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព និង​ទទួលបាន​នូវ​ចំណះ​ដឹង​រួមទាំង​បទពិសោធន៍​ថ្មីៗ​ខាង​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស សំដៅ​ពង្រឹង​នូវ​អាជីព​របស់ខ្លួន​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង និង​ទទួលបាន​ជោគជ័យ​។​

​លោកស្រី យូ បូរី ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន TEDP និង​ជា​អ្នកឯកទេស​រៀបចំ​ប្រព័ន្ធគ្រប់គ្រង ធនធានមនុស្ស បានឱ្យដឹងថា​៖​ប្រព័ន្ធ​សិក្សា​អាកប្បកិរិយា​របស់​មនុស្ស​តាម D.I.S.C ត្រូវបាន​ប្រើប្រាស់​ជាស​កល ក្នុងការ​បង្កើន​ទំនាក់ទំនង មាន​ប្រសិទ្ធភាព​ក្នុង​អាជីព បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ដឹកនាំ ជាពិសេស​សម្រាប់​អភិវឌ្ឍន៍​ខ្លួន ឲ្យ​ក្លាយជា​បុគ្គល​ដែល​ប្រកប ដោយ​ភាព​មាន​ឥទ្ធិពល​។​

​លោកស្រី​បាន​បន្ថែមថា​៖​លើសពី​នះ​ទៅទៀត យើង​មានការ​យល់ឃើញថា​សមា​ជិ​ក​ក្លឹប​អ្នកកាសែត​ទាំងអស់ តែងតែ​ធ្វើ​ការងារ​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ​ជាពិសេស​ជាមួយ ក្រុមការងារ និង​ការធ្វើ​បទសម្ភាសន៍​ជាមួយនឹង​ថ្នាក់ដឹកនាំ ក៏ដូចជា​ធ្វើការ​ជាមួយ​សាធារណជន​ទូទៅ ដូច្នេះហើយ​ពួកគាត់​មាន​ភាពចាំបាច់​ណាស់​ដែល​ត្រូវធ្វើ​ឲ្យ​មាន​ភាព ស៊ីសង្វាក់​គ្នា និង​មាន​ភាពល្អប្រសើរ​ទៅជា​មួយ​មនុស្ស​គ្រប់​ប្រភេទ និង​គ្រប់​ស្រទាប់​ទាំងអស់ ។

​លោកស្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោយ​បញ្ចប់​វគ្គ​នេះ​នឹង​អាចជួយ​សម្រួល​ដល់​បង​ប្អូន​សមាជិក​ក្លិប​អ្នក​សែត​ទាំងអស់​ក្នុង​ការយកទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​សម្រាប់​ការអនុវត្ត ប្រចាំថ្ងៃ ក្នុង​ក្រុមគ្រួសារ​ក្តី ក្នុង​ការងារ​ក្តី និង​ជាមួយ​មនុស្ស​ជុំវិញខ្លួន ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​៕​