ដោយៈ គង់ហេង/ កំពង់ចាម៖ ផ្ទះមួយខ្នង បានបាក់ស្រុតចូលក្នុងទន្លេមេគង្គ និងចំនួនប្រាំមួយ ខ្នងផ្សេងទៀតបានរុះរើគេចផុត ហើយចំនួន៥២ ខ្នងទៀតប្រឈមការរុះរើ ។ករណីនេះបានកើតឡើងនៅឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ កាលពីសប្តាហ៍កន្លងទៅ។ ប៉ុន្តែគ្រោះធម្មជាតិខាងលើ មិនមានការប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។

លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានបញ្ជាក់នៅក្នុងរបាយការណ៍របស់លោកនាពិធីចែកអំណោយដល់ប្រជាពរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ជំនន់ទឹកភ្លៀង និងការបាក់ច្រាំងទន្លេនេះ ចំនួន ៤៥៨ គ្រួសារ កាលពីថ្ងៃទី ១៨ វិច្ឆិកាកន្លងទៅថាគ្រោះធម្មជាតិច្រាំងទន្លេបានបាក់ស្រុតប្រវែងបណ្តោយ ៣៥០ ម៉ែត្រ បាក់ចូលពី បួន ទៅ ១០ ម៉ែត្រក្នុងភូមិផ្ទះកណ្តាលលើ និងផ្ទះកណ្តាលក្រោម ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ។

ក្នុងរបាយការណ៍កម្រាស់ បី ទំព័រនោះបន្តទៀតថា ក្នុងហេតុការណ៍បាក់ស្រុតច្រាំងទន្លេខាងលើបានបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន មួយ ខ្នងសង់អំពីថ្មបានបាក់ចូលក្នុងទន្លេ ផ្ទះសង់ពីឈើចំនួន ប្រាំមួយ ខ្នងបានរុះរើចេញទាន់ពេល និងចំនួន ៥២ ខ្នងប្រឈមការរុះរើ។

លោកបានបន្តថា ក្រោយពីជួយរុះរើផ្ទះប្រជាពលរដ្ឋ គេចចេញពីការបាក់ស្រុតជិតមកដល់កាលពីថ្ងៃទី ១៩ វិច្ឆិកា ហើយនោះ យើងបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់ច្រាំងទន្លេបាក់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្រុមគ្រួសារដែលមានផ្ទះចំនួន ៥២ ខ្នង ប្រឈមការបាក់ស្រុតនោះ។

គួរបញ្ជាក់នៅក្នុងពិធីចែកអំណោយខាងមានការអញ្ជើញចូលរួមពីលោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារការនិងដឹកជញ្ជួន ព្រមទាំងសហការីជាច្រើនរូបទៀត៕សរន